• 2020-09-09 04:43:43
  • ព័ត៌មាន

សាវតារនៃគំនូររូបព្រះមហាក្សត្រ និងព្រះសង្ឃរាជក្នុងព្រះវិហារចំណាស់នៅកម្ពុជា

  • 2020-09-09 04:43:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបគំនូរព្រះមហាក្សត្រ អតីតព្រះមហាក្សត្រ និងរូបសម្តេចព្រះសង្ឃរាជ អតីតចៅអធិការវត្ត ដែលមានគូរនៅជាប់នឹងជញ្ជាំងព្រះវិហារបុរាណ និងព្រះវិហារដែលកសាងមុន ឬអំឡុងទសវត្សឆ្នាំ១៩៥០ ដែលសល់នៅកម្ពុជា។ «ថាតើរូបគំនូរនេះមានកំណើតចាប់ពីពេលណាមក និងមូលហេតុអ្វីបានជាមានរូបគំនូរបែបនេះមាននៅតាមជញ្ជាំងព្រះវិហារនៃវត្តអារាមទាំងនោះ?»

រូបគំនូរព្រះមហាក្សត្រ អតីតព្រះមហាក្សត្រ និងរូបសម្តេចព្រះសង្ឃរាជ អតីតចៅអធិការវត្ត នៅជញ្ជាំងវត្ត “វត្តពិភទ្ទរង្សី”

តាមឯកសារ គំនូររឿង “មហាជម្ពូបតី” របស់អ្នកនិពន្ធ សាន ផល្លា ចេញផ្សាយដោយ យសោធរ បានបញ្ជាក់ថា គំនូរសំខាន់ៗក្នុងព្រះពុទ្ធសាសនាអាចចែកចេញជា២ក្រុម។ មួយក្រុម គំនូរពុទ្ធប្រវត្តិដែលរៀបរាប់អំពីព្រះពុទ្ធអង្គក្នុងជាតិដែលបានត្រាស់ដឹងពោលគឺតាំងពីប្រសូត្ររហូតដល់ចូលព្រះបរិនិព្ចាន។ មួយក្រុមទៀតគឺ ជាតកដែលនិទានពីព្រះពុទ្ធអង្គក្នុងជាតិនានាមុនពេលបានត្រាស់ គឺកាលដែលនៅជាព្រះពោធិសត្វនៅឡើយ។ ជាតក នេះវែងឆ្ងាយណាស់បើរាប់ចំនួនក្នុងព្រះត្រៃបិតកឃើញថាមាន ៥៤៧ ក្នុងនោះ ជាតក១០ដែលនៅខាងក្រោយគេហៅថា ទសជាតក គឺរឿងនិទានអំពីព្រះពោធិសត្វ១០ជាតិ រឿងនេះជារឿងមានប្រជាប្រិយភាពជាងគេ។

ឯកសារដដែលបញ្ជាក់ផងដែរថា ក្រៅពី ជាតក ខាងលើក៏មាន ជាតក ខ្លះមិនមានចែងក្នុងព្រះត្រៃបិតក និងមិនមានទាក់ទងអ្វីនឹងព្រះពុទ្ធសាសនាសោះ ក៏មានគូរនៅតាមជញ្ជាំងវត្តដែរដូចជា ជាតក រឿងព្រះជិនវង្ស។ ចំណែកឯរឿងមួយដែលកាន់តែពិបាករកប្រភពនោះគឺ រឿង “មហាជម្ពូបតី”“មហាជម្ពូវតី” ឬមួយ “មហាជម្ពូ” ជារឿងដែលកម្រមានមនុស្សស្គាល់។ “មហាជម្ពូបតី” គឺជារឿងដែលគេកម្រគូរនៅតាមវត្តណាស់ គឺមានតែ “វត្តសោមនស្ស” នៅខេត្តបាត់ដំបងតែមួយគត់ដែលគូរនៅលើជញ្ជាំងព្រះវិហារ។

គំនូរនៅលើជញ្ជាំងព្រះវិហារ វត្តសោមនស្ស នេះចែកជា ៣ផ្នែកគឺ ខាងលើ កណ្តាល និងខាងក្រោម។ នៅផ្នែកខាងលើគេគូរគំនូរ រឿងជម្ពូបតី តាមដំណើររឿងយ៉ាងពិស្តារ ហើយឈុតនីមួយៗនៃសាច់រឿងបន្តគ្នារហូតដោយមិនខណ្ឌចែកជាផ្ទាំងៗនោះទេ។ នៅផ្នែកកណ្តាលគេគូរ គំនូរពុទ្ធប្រវត្តិ នៅតាមចន្លោះទ្វារ និងបង្អួច។ ចំណែកផ្នែកខាងក្រោមគេគូរគំនូររឿងព្រេងផ្សេងៗដូចជាធនញ្ជ័យ ចៅចាក់ស្មុក មរណមាតាជាដើម។

សម្រាប់រូបគំនូរព្រះមហាក្សត្រ អតីតព្រះមហាក្សត្រ និងរូបសម្តេចព្រះសង្ឃរាជ ឬរូបអតីតចៅអធិការវត្ត ដែលមាននៅជាប់ផ្នែកខាងលើនៃជញ្ជាំងព្រះវិហារបុរាណដែលសល់នៅកម្ពុជាបច្ចុប្បន្ន។

រូបសម្តេចព្រះសង្ឃរាជ អតីតចៅអធិការវត្ត និងរូបព្រះមហាក្សត្យ៧ព្រះអង្គ នៅជញ្ជាំងព្រះវិហារបុរាណវត្តពិភទ្ទរង្សី

ស្ថាបត្យករស្រាវជ្រាវសំណង់វត្តបុរាណ និងជាសាស្ត្រាចារ្យនៃសកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈ លោក ស៊ុន ពោរ៉ា បានបញ្ជាក់ថា « បើតាមក្រឹត្យក្រមគំនូរក្នុងព្រះវិហារទាំងអស់គឺគេគូរពីជីវប្រវត្តិរបស់ព្រះពុទ្ធចាប់ពីសាងផ្នួសរហូតដល់បរិនិព្វាន ហើយសម្រាប់មូលហេតុដែលមានរូបព្រះមហាក្សត្រ អតីតព្រះមហាក្សត្រ និងរូបសម្តេចព្រះសង្ឃរាជនៅតាមជញ្ជាំងព្រះវិហារនោះគឺ ព្រះចៅអធិការនៃវត្តនាសម័យនោះ គោរពស្រឡាញ់ខ្លាំងចំពោះព្រះមហាក្សត្រ និងសម្តេចព្រះសង្ឃទាំងអស់នោះ។ ហើយរូបទាំងនេះគឺគូរក្នុងអំឡុងសម័យសង្គមរាស្ត្រនិយម (១៩៥៥-១៩៧០) ដែលមានព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះមរណរតនកោដ្ឋ ជាប្រមុខដឹកនាំ។ ក្នុងសម័យនោះប្រជានរាស្ត្រស្រឡាញ់ព្រះអង្គ ហើយសាសនាព្រះពុទ្ធជាសាសនាដែលមានឥទ្ធិពលខ្លាំងខ្លា នេះជាហេតុដែលវត្តប្រហែលជាង ៨០ភាគរយសម័យនោះគូររូបព្រះមហាក្សត្រ និងព្រះសង្ឃរាជដែលជាថ្នាក់ដឹកនាំសាសនាព្រះពុទ្ធនាសម័យនោះនៅតាមជញ្ជាំងព្រះវិហារដែលមានរហូតដល់សព្វថ្ងៃ។ ក្រៅពីនោះ ក៏នៅតាមវត្តអារាមមួយចំនួន ក្រៅតែពីគូរគំនូរជាប់ជញ្ជាំងហើយ ក៏បានឆ្លាក់រូបសំណាករបស់ព្រះមហាក្សត្រទាំងនោះធ្វើ និងគោរពបូជាដូចព្រះពុទ្ធផងដែរ»។

គំនូរជាប់ជញ្ជាំងព្រះវិហារអាយុ ១៣៣ឆ្នាំ “វត្តពិភទ្ទរង្សី” ឬ “វត្តចិនដំដែកខាងជើង”

ជាក់ស្តែងគំនូរនៃ “វត្តពិភទ្ទរង្សី”“វត្តចិនដំដែកខាងជើង” ដែលជាវត្តមួយនៅរាជធានីភ្នំពេញដែលបានកសាងនៅឆ្នាំ១៨៨៧ ដែលមានអាយុ ១៣៣ឆ្នាំគិតត្រឹមឆ្នាំ២០២០នេះ ក៏មានរូបគំនូរព្រះមហាក្សត្រ និងរូបព្រះសង្ឃរាជ អតីតចៅអធិការវត្ត ដែលបានគូរនៅលើជញ្ជាំងទិសខាងជើងផ្នែកខាងលើនៃព្រះវិហារផងដែរ។

ព្រះពុទ្ធរូបសាងពីស្ពាន់នៅក្នុងព្រះវិហារអាយុ ១៣៣ឆ្នាំ ក្នុងវត្តពិភទ្ទរង្សី

រូបគំនូរលើជញ្ជាំងព្រះវិហារអាយុ១៣៣ ឆ្នាំនេះមានចំនួន៣ផ្ទាំង មួយផ្ទំាងជាគំនូររូបព្រះមហាក្សត្សព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ពេលព្រះអង្គពេលទាមទារឯករាជ្យ ពេលសោយរាជ្រ ពេលសាងព្រះផ្នួស ពេលទ្រង់ជាជីវពល ពេលទ្រង់កុមារភាព ទ្រង់ជាយុវជន និងរូបពេលទ្រង់ដាក់រាជ្យ។ រូបផ្ទាំងទី២ ជាគំនូររូបទង់ជាតិកម្ពុជានៅផ្នែកខាងលើ និងរូបព្រះមហាក្សត្យ៧ព្រះអង្គ ក្នុងនោះរួមមានព្រះបាទអង្គឌួង ព្រះបាទនរោត្តម ព្រះបាទស៊ីសុវត្ថិ ព្រះបាទមុនីវង្ស ព្រះបាទសុរាម្រិត សម្តេចព្រះមហាក្សត្រីយានីកុសុមៈ និងព្រះបាទ នរោត្តម សីហនុ។ នៅផ្នែកខាងក្រោមនៃរូបគំនូរព្រះមហាក្សត្យទាំង៧ព្រះអង្គក៏បានសរសេរពាក្យមួយឃ្លាថា «ទ្រង់បានជួយទំនុកបម្រុងព្រះពុទ្ធសាសនាបានរុងរឿងដរាបមក» ឃ្លានេះអាចបញ្ជាក់បានថា នាសម័យដែលដឹកនាំដោយព្រះមហាក្សត្រទាំង៧ព្រះអង្គនោះបានគិតគូរ និងជួយឲ្យវិស័យពុទ្ធសាសនានាសម័យនោះរីកចម្រើនខ្លាំង។

គំនូររូបព្រះមហាក្សត្សព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ នៅជញ្ជាំងព្រះវិហារបុរាណវត្តពិភទ្ទរង្សី

រូបគំនូរមួយផ្ទាំងទៀតដែលនៅជាប់នឹងគំនូរព្រះមហាក្សត្រនោះគឺជាគំនូររូបសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត និងសង្ឃ៧អង្គដែលមានគោរមងារជា ព្រះពោធិវង្ស ព្រះវនរតន៍ ព្រះសាសនមុនី ព្រះវិសុទ្ធញាណ ព្រះធម្មសុវណ្ណជាតិ និងព្រះបាឡាត់។

គំនូររូបសម្តេចព្រះសង្ឃរាជ អតីតចៅអធិការវត្ត នៅជញ្ជាំងព្រះវិហារបុរាណវត្តពិភទ្ទរង្សី

លោក ស៊ុន ពោរ៉ា បន្ថែមថា នៅតាមវត្តខ្លះគេក៏គូររូបអ្នកឧបត្ថម្ភ ឬអ្នកជួយកសាងវត្ត ដោយក្នុងន័យថាជាការដឹងគុណគោរពស្រឡាញ់សម្រាប់អ្នកទាំងនោះដែលបានជួយកសាង ក៏ដូចជួយឲ្យវត្តនេះមានការរីកចម្រើនផងដែរ។

លោក ម៉ង់ វ៉ាលី ប្រធានស្តីទីការិយាល័យបេតិកភណ្ឌមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ ដែលជាអ្នកចុះស្រាវជ្រាវសំណង់វត្តអារាមបុរាណក្នុងខេត្តកំពង់ធំបានបញ្ជាក់ថា «នៅក្នុងខេត្តកំពង់ធំមានព្រះវិហារបុរាណមានចំនួន៣៣ និងសាឡុំ២ ក្នុងនោះមានព្រះវិហារមានគំនូរចាស់ចំនួន១៣ ព្រះវិហារវត្តក្តីដើមដែលមានទីតាំងនៅស្រុកស្ទោង ខេត្តកំពង់ធំជាព្រះវិហារដែលមានគំនូរចាស់ជាងគេ ហើយរូបគំនូរក្នុងព្រះវិហារនេះជាគំនូរជនជាតិចិន»

សម្រាប់ព្រះវិហារដែលមានរូបគំនូរព្រះមហាក្សត្រ លោក ម៉ង់ វ៉ាលី បញ្ជាក់ថា «មានព្រះវិហារចំនួន៣ ដែលមានគូររូបគំនូរព្រះមហាក្សត្រនៅជាប់នឹងជញ្ជាំងព្រះវិហារ ហើយគំនូរនេះគូរក្នុងអំឡុងទសវត្សឆ្នាំ១៩៥០ គេគូរក្រោយចន្លោះពី៥ ទៅ១០ឆ្នាំពីព្រះវិហារសាងសង់រួចរាល់»

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់