- 2020-09-14 03:46:40
- ព័ត៌មាន
អាជ្ញាធរជាតិអប្សរា ស្វាគមន៍គ្រប់ស្ថាប័ន ដើម្បីចូលរួមដាំកូនឈើ ក្នុងរមណីយដ្ឋានអង្គរ
- 2020-09-14 03:46:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជ្ញាធរជាតិអប្សរា ស្វាគមន៍គ្រប់ស្ថាប័ន ដើម្បីចូលរួមដាំកូនឈើ ក្នុងរមណីយដ្ឋានអង្គរ
ចន្លោះមិនឃើញ
នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ នេះ អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងធនាគារ CIMB បានរៀបចំពិធីដាំកូនឈើចំនួន ១,៥០០ដើម នៅបរិវេណប្រាសាទបន្ទាយក្ដី ក្រោមប្រធានបទ «យើងដាំ យើងចំណាំ យើងថែរក្សា ប្រាង្គប្រាសាទដែលជាបេតិកភណ្ឌមនុស្សជាតិ»។
ក្នុងពិធីនៅពេលនោះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ក្នុងនាមឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានសម្ដែងអារម្មណ៍រីករាយ និងរំពឹងថា ស្ថាប័នសាធារណៈពាក់ព័ន្ធនិងស្ថាប័នឯកជនដទៃទៀត នឹងបន្តចូលរួមកាន់តែច្រើនក្នុងការដាំកូនឈើក្នុងរមណីយដ្ឋានអង្គរ ព្រោះថា កិច្ចការថែទាំបេតិកភណ្ឌមិនមែនជាភារកិច្ចអាជ្ញាធរជាតិអប្សរាតែម្នាក់ឯងនោះទេ ប៉ុន្តែជាភារកិច្ចសម្រាប់កូនខ្មែរគ្រប់រូប។
លោក ឡុង កុសល បានបន្តលើកទឹកចិត្តដល់សាធារណជន ស្ថាប័នរដ្ឋ និងឯកជននានា ដែលមានបំណងរៀបចំពិធីដាំកូនឈើ ក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីរួមចំណែកលើកិច្ចការអភិរក្សប្រាង្គប្រាសាទ ក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ព្រោះព្រៃឈើបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការការពារ និងអភិរក្សប្រាងប្រាសាទ។
បន្ថែមពីនេះ លោក ឡុង កុសល ក៏បានជម្រាបជូនអំពីគម្រោង «ដើមឈើខ្ញុំ នៅអង្គរ» ដែលគ្រោងនឹងរៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា ក្នុងស្មារតីលើកទឹកចិត្តសាធារណជនគ្រប់រូប មានចំណែកអភិរក្សប្រាសាទបុរាណខ្មែរតាមរយៈការដាំកូនឈើក្រោមរូបភាព ចូលរួមធ្វើ ចូលរួមគិត និងចូលរួមថែរក្សា។
គួរបញ្ជាក់ថា កូនឈើដែលដាំក្នុងពិធីខាងលើសរុបចំនួន ១,៥០០ ដើម ដែលរួមមាន គ្រញូង ៣០០ដើម ធ្នង់ ២០៥ដើម បេង ១០០ដើម នាងនួន ២០ដើម ស្រឡៅ ១៥០ដើម ឈើទាល ៣០០ដើម កកោះ ៥០ដើម ពពាល ៥០ដើម និងសុគ្រំ ៥០ដើម៕