• 2020-09-14 09:44:56
  • ព័ត៌មាន

ប្រាសាទមេបុណ្យខាងកើត បច្ចុប្បន្នស្ថិតក្នុងបារាយណ៍ ដែលរីងស្ងួត

  • 2020-09-14 09:44:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាទមេបុណ្យខាងកើត គឺស្ថិតនៅចំកណ្តាល​ យសោធរតដាក មានចម្ងាយប្រហែល៥០០ម៉ែត្រពីប្រាសាទប្រែរូប ដែលសព្វថ្ងៃបានគោកក្លាយជាវាលស្រែ និងមានអ្នកស្រុករស់នៅតាំងពីបុរាណមក ដែលមានឈ្មោះភូមិថា «ប្រដាក») ប៉ុន្តែសព្វថ្ងៃ ហៅថា «ព្រះដាក់» ទៅវិញ។ កាលពីដើម បើគេចង់ទៅប្រាសាទនេះបាន គឺទាល់តែជិះទូក។

ប្រាសាទមេបុណ្យខាងកើតបានកសាងឡើងនៅស.វ.ទី១០ ក្នុងឆ្នាំ៩៥២នៃគ.ស. ដោយព្រះបាទរាជេន្ទ្រវរ្ម័នទី១ ឧទ្ទិសថ្វាយដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនា មានទម្រង់និងលក្ខណៈស្រដៀងទៅនឹងប្រាសាទប្រែរូប ដែលមានប្រាង្គសំខាន់ចំនួនប្រាំសាងអំពីឥដ្ឋ ស្ថិតនៅលើខឿនថ្មបាយក្រៀម និងថ្មភក់។

ភាពស្រស់ស្អាត នៃសំណង់ប្រាសាទមេបុណ្យខាងកើត គឺមានសំណង់ប្រាសាទដ៏ធំ ដែលនៅសងខាងកាំជណ្តើរមានលម្អចម្លាក់សត្វតោ រីឯនៅតាមជ្រុងនៃខឿនជាន់ទី១ និងទី២មានលម្អដោយរូបដំរីដែលមានប្រមោយសំយ៉ុងត្រង់ចុះក្រោម ហើយនៅលើដំរីមានលម្អខ្សែកទៀតផង។

យោងតាមសិលាចារឹកបញ្ជាក់ថា ប្រាសាទមេបុណ្យខាងកើតជាប្រាសាទភ្នំធ្វើអំពីឥដ្ឋរាងជើងក្អែកសម្រាប់ឧទ្ទិសដល់បុព្វការីជនដែលមានដាក់រូបមាតាបិតាក្នុងទម្រង់ជា ព្រះឥសូរ ព្រះនាងបារវតី ព្រះវិស្ណុ ព្រះព្រហ្ម និងនៅក្នុងប្រាង្គកណ្តាលដាក់លិង្គទេវរាជដែលលោក ហ្ស៊ក សេដែស អះអាងថាឈ្មោះ រាជេន្ទ្រស្វរៈ។

ស្រដៀងនឹងប្រាសាទប្រែរូបដែរ ប្រាសាទមេបុណ្យមានឈ្មោះបោះសំលេងដោយសារសិលាចារឹកជាភាសាសំស្ក្រឹតដ៏ល្អឯក និងកម្រ។ កំណាព្យចារឹកប្រាសាទមេបុណ្យខ្លីជាងប្រាសាទប្រែរូបបន្តិច និងមានល្បះស្រដៀងគ្នាច្រើនដែរ។

បច្ចុប្បន្ន ប្រាសាទមេបុណ្យកើត ក្រៅពីទាក់ទាញទេសចរ អ្នកសិក្សាស្រាវជ្រាវ ក៏បានក្លាយជាទីសក្ការៈដែលអ្នកស្រុកនៅជុំវិញប្រាសាទមានជំនឿជាក់ថាពូកែស័ក្តិសិទ្ធិក្នុងការរៀបចំពិធីសុំទឹកភ្លៀងជារៀងរាល់ឆ្នាំទៀតផង។

ប្រភព៖ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យបេតិកភណ្ឌ

មតិយោបល់