• 2020-09-25 08:20:37
  • ព័ត៌មាន

អាជ្ញាធរជាតិអប្សរា គ្រោងរៀបចំចម្ការដើមព្នៅ ដើម្បីអភិរក្សពូជព្នៅចម្រុះនៅប្រទេសកម្ពុជា

  • 2020-09-25 08:20:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្នៅ ជាប្រភេទរុក្ខជាតិបុរាណខ្មែរ ហើយមានសារប្រយោជន៍ច្រើនមុខ ទាំងសម្រាប់បរិភោគ និងជាឱសថផង លើសពីនេះ វាជារុក្ខជាតិដែលត្រូវបានលើកតម្កើងទាំងពិធីសាសនា និងកិច្ចពិធីផ្សេងៗក្នុងសាសនាព្រាហ្មណ៍។ ដោយយល់ពីសារប្រយោជន៍ ក៏ដូចជាដើម្បីអភិរក្សពូជដើមព្នៅកុំឱ្យបាត់បង់ អាជ្ញាធរជាតិអប្សរា មានគម្រោងរៀបចំជាចម្ការព្នៅ ដោយដាំពូជព្នៅចម្រុះនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាសម្រាប់ទុកឱ្យអ្នកជំនាន់ក្រោយៗបានស្គាល់ផង។

ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានប្រាប់ពីគម្រោងរៀបចំចម្ការដើមព្នៅនេះ ក្នុងឱកាសចូលរួមដាំដើមព្នៅចំនួន៨៤ដើម នៅបរិវេណខាងជើងកសិន្ធុអង្គរវត្ត ដោយមានការនិមន្តចូលរួមពីព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៌ ដើម្បីលើកនូវគុណតម្លៃនៃរុក្ខជាតិដើមព្នៅ។ តាមការបញ្ជាក់ពីឯកឧត្តមអគ្គនាយក ចម្ការព្នៅនេះគ្រោងរៀបចំនៅខាងជើងក្រុងអង្គរធំ។

អាជ្ញាធរជាតិអប្សរាបានចូលរួមសហការដ៏រីករាយជាមួយគម្រោងដាំដើមព្នៅឡើងវិញនៅតំបន់អង្គរ ដែលជាគំនិតផ្តួចផ្តើមដ៏ជ្រះថ្លារបស់ព្រះមហាវិមលធម្ម ពិន សែម ដែលព្រះអង្គមានបំណងបំផុសឱ្យពលរដ្ឋខ្មែរយល់ពីសារប្រយោជន៍នៃរុក្ខជាតិមួយនេះ។ ព្រះចៅអធិការវត្តរាជបូណ៌ មានព្រះបន្ទូលបន្ថែមថា ព្នៅ មានសារប្រយោជន៍ទាំងការបរិភោគ ជាឱសថ និងជារុក្ខជាតិដ៏ខ្ពង់ខ្ពស់ក្នុងសាសនាព្រាហ្មណ៍។ រីឯការយកមកនាំនៅមុខអង្គរវត្តនេះ ព្រះមហាវិមលធម្ម ពិន សែម មានបន្ទូលថា ដោយសារព្រះអង្គចង់ឱ្យព្នៅជាផ្នែកមួយទាក់ទងភ្ញៀវទេសចរ ព្រោះថាផ្ការបស់វាមានក្លិនប្រអូបនារយៈពេលពេញមួយខែនារដូវចេញផ្កាម្ដងៗ៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា

មតិយោបល់