• 2020-10-02 07:35:18
  • ព័ត៌មាន

ប្រាសាទមេបុណ្យខាងលិច កំពុងចាប់ផ្តើមចេញរូបរាងជាបណ្ដើរៗហើយ

  • 2020-10-02 07:35:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមកម្មករកំពុងមមាញឹកជួសជុលប្រាសាទមេបុណ្យខាងលិច។ប្រាសាទមេបុណ្យខាងលិច កំពុងចាប់ផ្តើមចេញរូបរាងជាបណ្ដើរៗ ក្រោយពេលមានការជួសជុលចាប់ពីឆ្នាំ២០១២ មក។ បច្ចុប្បន្ន ក្រុមកម្មករកំពុងបំពេញការងារយ៉ាងមមាញឹក ដើម្បីឱ្យគម្រោងជួសជុល និងលើកតម្លៃនៃប្រាសាទមេបុណ្យខាងលិចនេះ ប្រព្រឹត្តិទៅតាមការគ្រោងទុក និងដើម្បីស្វាគមន៍ភ្ញៀវទេសចរចូលទៅទស្សនា។

គួររំលឹកផងដែរថា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅនេះ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដែលអមដំណើរដោយលោក គ្រីស្ដុហ្វ ហ្សីហ្កូដូ (CHRISTOPHE GIGAUDAUT) ទីប្រឹក្សាសហប្រតិបត្តិការ និងកិច្ចការវប្បធម៌ នៃស្ថានទូតបារាំងប្រចាំកម្ពុជា បានធ្វើទស្សនកិច្ចទៅកាន់ការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច ដើម្បីស្វែងយល់ពីការងារទូទៅ។ នេះជាទស្សនកិច្ចដំបូងរបស់សហប្រធានភាគីបារាំង ខណៈដែលលោកទើបនឹងចូលមកជំនួសការងារពីអតីតសហប្រធានចាស់ ដែលចប់អាណត្តិ។

លោក គ្រីស្ដុហ្វ ហ្សីហ្កូដូ បានវាយតម្លៃខ្ពស់ និងបានសម្ដែងអារម្មណ៍រីករាយក្នុងការបំពេញទស្សនកិច្ចមកកាន់ការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិចនៅពេលនេះ។ លោកបន្ថែមថា ទស្សនកិច្ចជាលើកដំបូងនេះ គឺដើម្បីស្វែងយល់កាន់តែស៊ីជម្រៅលើការងារនានា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការរវាងភាគីបារាំង និងអាជ្ញាធរជាតិអប្សរា កាន់តែល្អប្រសើរ។ តំណាងស្ថានទូតបារាំងបានប្ដេជ្ញាថា លោកនឹងខិតខំធ្វើយ៉ាងណាឱ្យការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច ដែលភាគីបារាំងផ្តល់ថវិកាហរិញ្ញប្បទានសម្រាប់ការជួសជុលនេះ ដំណើរការដោយរលូន និងមានតម្លាភាព។

ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានសេចក្ដីសោមនស្សចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង ហើយឯកឧត្តមក៏មានការរំពឹងថា សហប្រធានថ្មីរបស់ស្ថានទូតបារាំង និងបន្តកិច្ចសហប្រតិបត្តិការនៅការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិចនេះ ឱ្យកាន់តែល្អប្រសើរ និងបានដោយរលូនទៅតាមការគ្រោងទុករបស់ភាគីទាំងពីរ។

ប្រភព៖ អាជ្ញាធរជាតិអប្សរា

មតិយោបល់