• 2020-10-03 01:07:43
  • សេដ្ឋកិច្ច

ការវិវឌ្ឍន៍ប្រកបដោយនិរន្តរភាពក្នុងរយៈពេល ២៥ឆ្នាំ របស់ធនាគារ ស្ថាបនា

  • 2020-10-03 01:07:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ ស្ថាបនា ប្រារព្ធខួប ២៥ឆ្នាំនៃប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសកម្ពុជា។ ក្នុងរយៈពេល ២៥ឆ្នាំនេះ ធនាគារ ស្ថាបនា បានគាំទ្រ និងជួយដល់ប្រជាជនកម្ពុជាទូទាំងប្រទេសដើម្បីសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់ខ្លួន តាមរយៈការផ្តល់ឥណទាន គណនីបញ្ញើ និងប្រឹក្សាហិរញ្ញវត្ថុ ក៏ដូចជាបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ធនាគារ ស្ថាបនា ជាបុត្រសម្ព័ន្ធនៃសាជីវកម្មម៉ារ៉ូហាន់របស់ជប៉ុន ដែលបានរួមបញ្ចូលគ្នាជាមួយម៉ារ៉ូហាន់ធនាគារជប៉ុនចាប់តាំងពីឆ្នាំ២០១៦។ ធនាគារ ស្ថាបនា បានចាប់ផ្តើមយកចិត្តទុកដាក់លើការអភិវឌ្ឍន៍បច្ចេកវិទ្យាធនាគារឌីជីថលរបស់ខ្លួន ជាមួយនិងការដាក់ឲ្យដំណើរការនូវ Sathapana Mobile នៅឆ្នាំ២០១៨ ដែលជាធនាគារតាមទូរសព្ទដៃមួយឈានមុខគេ និងប្រកបដោយភាពច្នៃប្រឌិត ក្នុងចំណោមធនាគារទូរសព្ទដៃផ្សេតទៀតនៅកម្ពុជា។ ក្នុងឆ្នាំដដែលនេះ ធនាគារ ស្ថាបនា ក៏បានដាក់ឱ្យដំណើរការប័ណ្ណវីសាស្ថាបនា និងម៉ាស៊ីនដាក់ប្រាក់ដកប្រាក់ ដើម្បីផ្ដល់នូវភាពងាយស្រួល និងបទពិសោធធនាគារដ៏ទំនើបទាន់សម័យជូនអតិថិជន។

ក្នុងឆ្នាំ២០១៩ ធនាគារ ស្ថាបនា បានដាក់ដំណើរការប័ណ្ណឥណទាន និងឥណពន្ធវីសា និងការទូទាត់ វិក្កយបត្ររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ព្រមទាំងសម្ពោធសាខាថ្មីជាច្រើន និងធ្វើទំនើបកម្មសាខាចំនួន៥ ដើម្បីផ្តល់នូវសេវាធនាគារពេញលេញ និងប្រកបដោយទំនុកចិត្ត។

គិតត្រឹមខែកញ្ញា ឆ្នាំ២០២០ ធនាគារ ស្ថាបនា បានបន្តពង្រីកវិសាលភាពរបស់ខ្លួនតាមរយៈដាក់ដំណើរការ ស្ថាបនា ផេ (ប្រព័ន្ធទូទាត់ឌីជីថលលើ Sathapana Mobile) សេវាបើកគណនីអនឡាញ សេវាបើកគណនីដល់ទីកន្លែង និងសេវាដកសាច់ប្រាក់ដោយប្រើលេខកូដ ក៏ដូចជាបានសម្ពោធអគារស្តង់ដាថ្មីចំនួន៨ ដើម្បីបង្កើនសមត្ថភាពប្រតិបត្តិការនៅតាមសាខារបស់ខ្លួន។

លោក លឹម អូន ប្រធាននាយកប្រតិបត្តិនៃធនាគារស្ថាបនា បានមានប្រសាសន៍ថា “តាងនាមឱ្យធនាគារ ស្ថាបនា ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីពាក់ព័ន្ធ និងអតិថិជនដែលតែងតែរក្សាជំហរគាំទ្រដ៏រឹងមាំ និងចូលរួមក្នុងដំណើរជោគជ័យរបស់ធនាគារ។ បើគ្មានការគាំទ្រពីអ្នកទាំងអស់គ្នា ធនាគារស្ថាបនាក៏នឹងមិនអាចសម្រេចបាននូវភាពត្រចះត្រចង់ នាពេលបច្ចុប្បន្នក្នុងការផ្តល់សេវាហិរញ្ញវត្ថុល្អបំផុតជូនដល់ប្រជាជនកម្ពុជាបានផងដែរ។”

លោក លឹម អូន ប្រធាននាយកប្រតិបត្តិនៃធនាគារស្ថាបនា

លោកបានបន្ថែមទៀតថា “គិតត្រឹមបច្ចុប្បន្ន ទ្រព្យសកម្មសរុបរបស់ធនាគារ បានកើនលើស US$១,៨ ពាន់លាន ចំណែកប្រាក់បញ្ញើសរុបមានលើស US$១,១ពាន់លាន។ ធនាគារមានសាខាច្រើនជាង ១៧០ទីតាំង បាននឹងកំពុងប្រតិបត្តិការនៅទូទាំងប្រទេស និងមានបុគ្គលិកជាង ៤០០០នាក់កំពុងបម្រើការងារ។”

ដើម្បីអបអរសាទរគម្រប់ខួប២៥ឆ្នាំ ធនាគារ ស្ថាបនា ប្រកាសជាផ្លូវការនៅថ្ងៃនេះ “ជាកម្មវិធីគម្រប់ខួប២៥ឆ្នាំរបស់ខ្លួន” ដើម្បីថ្លែងអំណរគុណចំពោះអតិថិជនសម្រាប់ការគាំទ្រ។ កម្មវិធីនេះនឹងចែកចេញជាកម្មវិធីប្រូម៉ូសិនចំនួន២សំខាន់ៗ រួមមានដូចជា “ដាក់ប្រាក់បញ្ញើឈ្នះរង្វាន់” និង “ទូទាត់តាមស្ថាបនាផេបានទឹកប្រាក់ត្រឡប់មកវិញ” ដែលនឹងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

ស្របតាមកម្មវិធីគម្រប់ខួប២៥ឆ្នាំនេះ ធនាគារ ស្ថាបនា បានរៀបចំ ២៥រង្វាន់សម្រាប់ការ “ដាក់ប្រាក់បញ្ញើឈ្នះរង្វាន់” ដោយក្នុងនោះរួមមានរថយន្ត Mazda 6 ដ៏ថ្មីទំនើបចំនួន ១រង្វាន់ គណនីសន្សំឆ្លាតវៃដែលមានទឹកប្រាក់ US$២៥០០ចំនួន ២រង្វាន់ និងគណនីសន្សំឆ្លាតវៃដែលមានទឹកប្រាក់ US$២៥០ចំនួន ២២រង្វាន់។ កម្មវិធីនេះ នឹងផ្ដល់ជូនជាពិសេសដល់អតិថិជនចាស់ និងអតិថិជនថ្មីនៃ ធនាគារ ស្ថាបនា ដែលអញ្ជើញមកដាក់ប្រាក់បញ្ញើតាមបញ្ញត្តិ និងលក្ខខណ្ឌនៃកម្មវិធីនេះ។

ដោយឡែក “ការទូទាត់តាមស្ថាបនាផេបានទឹកប្រាក់ត្រឡប់មកវិញ” អតិថិជនអាចចូលរួមបានដោយគ្រាន់តែផ្លាស់ប្តូរទម្លាប់ចាយក្រដាសប្រាក់មកជាការទូទាត់គ្មានសាច់ប្រាក់ជាមួយស្ថាបនាផេ ដើម្បីទទួលបានទឹកប្រាក់ត្រឡប់វិញរហូតដល់ US$ ២,៥។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពី Sathapana Mobile បានដាក់ឱ្យដំណើរការ ធនាគារ ស្ថាបនា បានឈ្នះពានរង្វាន់ចំនួន៣ ដែលសបញ្ជាក់ពីភាពច្នៃប្រឌិត និង ជឿនលឿន​លើធនាគារឌីជីថលរបស់ខ្លួន រួមមានដូចជា “ពានរង្វាន់កម្មវិធីធនាគារលើទូរស័ព្ទដៃល្អបំផុតនៅកម្ពុជាប្រចាំឆ្នាំ២០១៩” “ពានរង្វាន់ធនាគារឌីជីថលឈានមុខនៅកម្ពុជាប្រចាំឆ្នាំ២០២០” និង “ពានរង្វាន់កម្មវិធីធនាគារលើទូរស័ព្ទដៃឈានមុខនៅកម្ពុជាប្រចាំឆ្នាំ២០២០”។

ជាមួយនឹងបេសកកម្ម និងចក្ខុវិស័យដើម្បីក្លាយជាធនាគារដ៏គួរឱ្យទុក្ខចិត្តបំផុតក្នុងកម្ពុជា ធនាគារ ស្ថាបនា ប្តេជ្ញាផ្ដល់ជូនអតិថិជននូវបច្ចេកវិទ្យាធនាគារចុងក្រោយទំនើបបំផុត។ ធនាគារ ស្ថាបនា តែងតែចាត់ទុកឌីជីថលុបនីយកម្ម ដែលជាចំណុចស្នូលក្នុង ការប្រកួតប្រជែងដោយស្មោះត្រង់ក្នុងទីផ្សារធនាគារកម្ពុជា។

អំពីធនាគារស្ថាបនា

ធនាគារស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទ្រព្យសកម្មសរុបលើស ១,៨ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤០០០នាក់។ ធនាគារមានបណ្តាញសាខាច្រើនបំផុតទី២ ជាមួយនឹងចំនួនសាខាច្រើនជាង ១៧០ទីតាំង និងអេធីអឹមជាង ២២០កន្លែង ដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ ធនាគារ ផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ និងប្រកបដោយទំនុកចិត្ត មានដូចជាសេវាឥណទាន សេវាបញ្ញើ iBanking ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធ និងឥណទាន សេវាផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេស Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះទៀត ធនាគារក៏បានធ្វើការសហការជាមួយក្រុមហ៊ុនផ្ទេរនិងទូទាត់ប្រាក់ តាមរយៈទូរស័ព្ទ រួមមានដូចជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេរលុយ អ៊ី-ម៉ាន់នី និងបាគង ដើម្បីផ្តល់នូវភាពងាយស្រួល និងឆាប់រហ័សដល់អតិថិជន៕

មតិយោបល់