• 2020-10-05 08:19:00
  • សេដ្ឋកិច្ច

កម្ពុជាបានលុយជិត ១២លានដុល្លារពីការលក់កាបូនទៅឲ្យបរទេស

  • 2020-10-05 08:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់តាំងពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២០បច្ចុប្បន្ននេះ កម្ពុជាបានទទួលថវិកាចំនួន ១១,៦ លានដុល្លារអាមេរិកពីការលក់ឥណទានកាបូនឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា Disney Kering Intuit និង Shall និងក្រុមហ៊ុន Gucci។ នេះជាការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាននៅរសៀលថ្ងៃនេះតាមតេលេក្រាម។

ដែនជម្រកសត្វព្រៃកែវសីមា រូបថត៖​everlandmarketing.com

ថវិកាជិត១២លានដុល្លារនេះគឺបានមកពីលក់ឥណទានកាបូននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃក្រវ៉ាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ ក្នុងក្របខណ្ឌទីផ្សារស្ម័គ្រចិត្តដោយបានសហការជាមួយអង្គការដៃគូដូចជាអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) និងអង្គការអភិរក្សអន្តរជាតិ (CI)។

ឯកឧត្តម នេត្រ ភក្ត្រា បន្ថែមថា​​ បច្ចុប្បន្នកម្ពុជាកំពុងតែធ្វើការសិក្សា និងអនុវត្តគម្រោងឥណទានកាបូនសាកល្បងនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងបន្ថែមទៀតជាមួយក្រុមហ៊ុនជប៉ុន «Mitsui»។

ប្រទេសកម្ពុជាមានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។ ព្រៃឈើគ្របដណ្តប់ប្រមាណ៥០% នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ៤១% នៃផ្ទៃប្រទេស គឺស្មើនឹងប្រមាណ ៧,៣ លានហិកតា ដែលធ្វើឱ្យកម្ពុជាឈរលំដាប់ទី២ នៅអាស៊ី បន្ទាប់ពីប្រទេសប៊ូតាន៕

មតិយោបល់