• 2020-10-07 01:47:21
  • ព័ត៌មាន

សិលាចារឹក​ដ៏​អាថ៌កំបាំង​មួយ​នៅ​កម្ពុជា​ ​មិន​ទាន់​មាន​នរណា​អាន​ដាច់​នៅ​ឡើយ​ មក​​ដល់​សព្វ​ថ្ងៃ

  • 2020-10-07 01:47:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សិលាចារឹក​មួយ​ក្នុង​ចំណោម​សិលាចារឹក​ចំនួន​១០​ដែល​រក​ឃើញ​នៅ​តំបន់​​ភ្នំ​សំបុក និង​ស្រុក​សំបូរ ស្រុក​ស្នួល និង​មេម៉ង​ខេត្ត​មណ្ឌលគិរី​អាច​និយាយ​បាន​ថា​ជា​សិលាចារឹក​ដែល​អាន​មិន​ទាន់​ដាច់​នៅ​លើ​ពិភពលោក​យើង​នេះ​។​​​​​​​​

​បើ​តាម​លោក កំ វណ្ណារ៉ា អ្នក​ជំនាញ​សិលាចារឹក​ខ្មែរ និង​សំស្ក្រឹត​បាន​ឲ្យ​ដឹង​ថា​បច្ចុប្បន្ន​អ្នក​ស្រាវជ្រាវ​នៅ​មិន​ទាន់​អាច​កំណត់​អត្តសញ្ញាណ​របស់​សិលាចារឹក​នេះ​ថា ចារឹក​ក្នុង​ឆ្នាំ​ណា​ ហើយ​ក៏​មិន​ដឹង​ថា​​ចារឹក​ជា​ភាសា​អ្វី​ដែរ ដោយ​ត្រឹម​តែ​ដឹង​ច្បាស់​ថា​វា​មិនមែន​ជា​សិលាចារឹក​ជា​ភាសា​បាលី សំស្ក្រឹត​ ខ្មែរ ចាម ឬ​មន​ប៉ុណ្ណោះ​។​​​​​​​​​​

**សិលាចារឹកដែលមិនទាន់មាននរណាអានដាច់**

​ប្រភព​ពី​អ្នក​ជំនាញ​ដដែល​អះអាង​ថា​លក្ខណៈ​ទូទៅ​របស់​សិលាចារឹក​នេះ​បាន​ផ្ដើម​ដោយ ពាក្យ​ថា ស្វាស្តិ និង​មាន​និមិត្ត​សញ្ញា​ដូចជា​យុថ្កា​ទាំងអស់ ដែល​​សិលាចារឹក​នេះ​អាច​​ទំនង​ជា​របស់​ក្រុម​អំបូរ​ជនជាតិ​ភាគតិច​ណា​មួយ ដែល​មាន​អារ្យធម៌​រុងរឿង​មាន​ភាសា អក្សរ និង​គោរព​ព្រហ្មញ្ញ​សាសនា ដូច​ខ្មែរ​ដែរ តែ​ក្រោយ​មក​ក្រុម​អម្បូរ​នេះ​​បាត់បង់​ទៅ​ក៏​អាច​ថា​បាន​។​​​​​​​​​​

សិលាចារឹក​ប្រភេទ​មួយ​ចំនួន​រក​ឃើញ​នៅ​តំបន់​នៅ​ក្បែរ​ជនជាតិ​ពូនង ឬ​ព្នង​ តែ​តាម​អ្នក​ឯកទេស​ភាសា​ពូនង​ថា​មិនមែន​ភាសា​ពូនង​នោះ​ទេ ដូច្នេះ​ហើយ​បាន​ជា​វា​នៅ​តែ​ជា​អាថ៌កំបាំង​ នៅ​តែ​មាន​សំណួរ​ចោទ​ថា សិលាចារឹក​នេះ​ជា​ភាសា​អ្វី រៀប​រាប់​ពី​អ្វី​។ រហូត​មក​ដល់​ម៉ោង​នេះ វិនាទី​ឥត​ទាន់​មាន​នរណា​អាច​ឆ្លើយ​សំណួរ​នេះ​បាន​នៅ​ឡើយ​ទេ។​​​​​​​​​

គួរ​បញ្ជាក់​ថា​បច្ចុប្បន្ន​សិលាចារឹក​នេះ​ត្រូវ​បាន​អាជ្ញាធរ​តម្កល់​ទុក​នៅ​សារមន្ទីរ​ខេត្ត​ក្រចេះ​ ហើយ​គេ​សង្ឃឹម​ថា​នៅ​ថ្ងៃ​អនាគត​ នឹង​មាន​អ្នក​ជំនាញ​ណា​មួយ​អាច​គាស់​កកាយ​អត្ថន័យ​ និង​អាថ៌កំបាំង​នៅ​ក្នុង​សិលាចារឹក​នេះ​ដើម្បី​ជា​ពន្លឺ​ក្នុង​ការ​ស្រាវជ្រាវ​ និង​សិក្សា​បន្ថែម​ពី​ដែនដី​ខ្មែរ​នា​អតីត​កាល​ដ៏​រុងរឿង៕​​​​​​​ ​

**ជនជាតិខ្មែរសម័យបុរាណ**
**សារមន្ទីរខេត្តក្រចេះ**

កែសម្រួល៖ សៀនហួរ

មតិយោបល់