• 2020-10-19 09:53:59
  • ព័ត៌មាន

អភិបាលខេត្តសៀមរាប ដឹកនាំកម្លាំងចុះសួរសុខទុក្ខ និងយកអំណោយចែកជូនប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់

  • 2020-10-19 09:53:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម ទៀ សីហា អភិបាលអភិបាលខេត្តសៀមរាប ដឹកនាំកម្លាំងចុះត្រួតពិនិត្យស្ថានភាពទឹកនិងផ្តល់អំណោយដល់ប្រជាពលរដ្ឋនៅឃុំមួយចំនួនក្នុងស្រុកបន្ទាយស្រី ស្រុកវ៉ារិន និងស្រុកអង្គរជុំ។

កាលពីរសៀលថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០ បន្ទាប់ពីភ្លៀងធ្លាក់កម្រិតខ្លាំងប៉ុន្មានថ្ងៃជាប់គ្នាបានធ្វើឱ្យមានជំនន់ទឹកភ្លៀង បង្កឱ្យមានការប៉ះពាល់លើហេដ្ឋារចនាសម្ព័ន្ធផ្លូថ្នល់មួយចំនួនក្នុងឃុំ ហើយផ្លូវមួយចំនួនមិនអាចធ្វើដំណើរបាន និងលិចផ្ទះប្រជាជនមួយចំនួនក្នុងឃុំ ស្ថិតក្នុងស្រុកបន្ទាយស្រី ស្រុកវ៉ារិន និងស្រុកអង្គរជុំ។

ជាមួយគ្នានេះឯកឧត្តម ទៀ សីហា អភិបាលខេត្តនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះដោយមានលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធខេត្ត និងមន្ត្រីពាក់ព័ន្ធ ខេត្ត-ស្រុក ចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនិងផ្តល់អំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅក្នុងឃុំ ស្រុកខាងលើ។

ឯកឧត្តម អភិបាលខេត្តបានណែនាំដល់មន្ទីរធនធានទឹកនិងឧតុនិយមបន្តតាមដាន និងពិនិត្យកម្ពស់ទឹកឱ្យបានជាប់ប្រចាំ ប្រសិនបើទឹកឡើងដល់កម្រិតមួយត្រូវប្រកាសអាសន្ននោះត្រូវឆាប់ជូនដំណឹងដើម្បីធ្វើជម្លៀសប្រជាពលរដ្ឋរកកន្លែងសុវត្ថិភាព ហើយត្រូវសហការនិងត្រួតពិនិត្យនូវទ្វារទឹកដែលអាចបើកបញ្ជៀសទឹក និងជៀសវាងក្នុងការបាក់ទំនប់ឬទឹកឡើងដល់កម្រិត។ ម្យ៉ាងទៀត គណៈបញ្ជាការឯកភាពរដ្ឋបាល និងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋបាលក្រុងស្រុកឃុំ សង្កាត់ ត្រូវអន្តរាគមន៍ប្រជាពលរដ្ឋរកទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា ជៀសវាងមានគ្រោះថ្នាក់ដល់អាយុជីវិតនិងគ្រោះថ្នាក់ផ្សេងៗទៀត។ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន បង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ព្រមទាំងចូលរួមសហការ និងផ្តល់ព័ត៌មានជូនដល់អាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីជួយអន្តរាគមន៍ឱ្យបានទាន់ពេលវេលា។

ឯកឧត្តម អភិបាលខេត្តក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋត្រូវបន្តរក្សាអនាម័យដោយពិសារទឹកស្អាតឬទឹកដាំពុះ ចម្អិនអាហារឱ្យបានឆ្អិនល្អ និងត្រូវលាងដៃនិងសាប៊ូឱ្យបានជាប់ជានិច្ច។ ម្យ៉ាងទៀត សូមបងប្អូនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វអាសិរពិស និងសត្វផ្សេងៗទៀតដែលអាចធ្វើឱ្យមានគ្រោះថ្នាក់នៅក្នុងអំឡុងពេលទឹកឡើងនេះ។ ឯកឧត្តមបន្ថែមថាអំណោយដែលបានផ្តល់ជូននេះ ទោះបីជាតិចតួចក្តីតែក៏ជាដោះស្រាយបញ្ហាបានមួយរយៈពេលក្នុងអំឡុងពេលទឹកជំនន់នេះ ដែលអំណោយទាំងនោះរួមមានអង្ករ ត្រីខ ទឹកត្រី ទឹកស៉ីអ៉ីវ មីជាតិនិងថវិកាមួយចំនួនផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

មតិយោបល់