• 2020-11-11 02:33:29
  • ព័ត៌មាន

ធនាគារ ហ្វីលីព រៀបចំកម្មវិធីសប្បុរសធម៌​ជួយដល់មណ្ឌលសុខភាព ក្នុងរដូវកាល កូវីដ-១៩

  • 2020-11-11 02:33:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០២០- ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជមួយមានសាខាច្រើនជាងគេនៅកម្ពុជា បានរួមគ្នាជាមួយបុគ្គលិករបស់ខ្លួន ក្នុងការរៀបចំកម្មវិធីសប្បុរសធម៌មួយមានឈ្មោះថា “យុទ្ធនាការ ១+២ ជួយដល់មណ្ឌលសុខភាពក្នុងរដូវកាលកូវីដ-១៩” ដើម្បីរួមចំណែកការពារសុខុមាលភាពប្រជាពលរដ្ឋក្នុងសហគមន៍ក្នុងភូមិភាគប្រតិបត្តិការចំនួន១០របស់ធនាគារនៅក្នុងប្រទេសកម្ពុជា ។

ពិធីប្រគល់សម្ភារសប្បុរសធម៌នេះ ក៏មានការ ប្រារព្ធឡើងព្រមៗគ្នានៅថ្ងៃតែមួយគឺថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ តាមមណ្ឌលសុខភាពទាំង១០ ដែលបានជ្រើសរើស ហើយមានអតិថិជន និង ប្រជាពលរដ្ឋក្នុងសហគមន៍ដែលទទួលបានសេវាកម្មពីមណ្ឌលទាំងនោះ ចូលរួមជាតំណាងទទួលយកជំនួយសប្បុរសធម៌នេះ។ សម្ភារដែលបរិច្ចាគដល់មណ្ឌលសុខភាពទាំង១០រួមមាន ម៉ាសការពារ​​ចំនួន៥០០ ប្រអប់ សាប៊ូលាងដៃចំណុះ៥០០មីលីលីត្រ ចំនួន ១​ ៦៨០ ដប និង ជែលលាងដៃចំណុះ៥០០មីលីលីត្រចំនួន ១ ៨០០ ដប។

លោក ចាន់ ម៉ាច អគ្គនាយកធនាគារ ហ្វីលីព មានប្រសាសន៍ថា “ការផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ជាចំណុចចម្បងមួយ ក្នុងចក្ខុវិស័យរបស់ធនាគារ ហ្វីលីព។ យើងមិនអាចព្រងើយកន្តើយបានឡើយនៅពេលដែលសហគមន៍របស់យើងជួបការលំបាក។ យើងសង្ឃឹមថា ជំនួយនេះនឹងអាចជួយដល់សហគមន៍ក្នុងតំបន់ប្រតិបត្តិរបស់ធនាគារការពារបានមួយកម្រិតពីការរីករាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងសហគមន៍របស់យើង។

លោកបានបន្តទៀតថា “សម្ភារៈ​ដែលបានបរិច្ចាគនេះ គឺបានមកពីសាច់ប្រាក់ដែលបានបរិច្ចាគដោយបុគ្គលិករបស់ក្រុមហ៊ុនទាំង៣របស់ក្រុមហ៊ុន PhillipCapital (រួមមាន ធនាគារ ហ្វីលីព ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វីលីព និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វីលីព) និង ដាក់បន្ថែម២ដងដោយធនាគារ ហ្វីលីពលើសាច់ប្រាក់ដែលបានបរិច្ចាគ។កិច្ចការសប្បុធម៌នេះមិនត្រឹមតែជាកិច្ចការទំនួលខុសត្រូវសង្គមរបស់ធនាគារ ហ្វីលីព ប៉ុណ្ណោះទេ ប៉ុន្តែជាការលើកទឹកចិត្តដល់ការរួមចំណែកក្នុងការជួយដល់សង្គមក្នុងនាមជាពលរដ្ឋម្នាក់ៗ។

មណ្ឌលសុខភាពចំនួន១០ត្រូវបានជ្រើសរើសជាទីកន្លែងបរិច្ចាគ ក្នុងចំណោមខេត្តក្រុងទាំង២០ក្នុងតំបន់ប្រតិបត្តិរបស់ធនាគារ ហ្វីលីព រួមមាន មណ្ឌលសុខភាពស្វាយប្រទាលក្នុងខេត្តកណ្តាល មណ្ឌលសុខភាពវិហារលួងក្នុងខេត្តត្បូងឃ្មុំ មណ្ឌលសុខភាពត្រាង និងមណ្ឌលសុខភាពស្វាយប៉ោក្នុងខេត្តបាត់ដំបង មណ្ឌលសុខភាពមណ្ឌល១ក្នុងខេត្តសៀមរាប មណ្ឌលសុខភាពភ្នំដិនក្នុងខេត្តតាកែវ មណ្ឌលសុខភាពព្រៃខ្មែរក្នុងខេត្តកំពង់ឆ្នាំង មណ្ឌលសុខភាពបឹងកុកក្នុងខេត្តកំពង់ចាម មណ្ឌលសុខភាពអូរឫស្សី១ក្នុងខេត្តក្រចេះ មណ្ឌលសុខភាពបាវិតក្នុងខេត្តស្វាយរៀង៕

មតិយោបល់