• 2020-12-08 07:00:24
  • ព័ត៌មាន

"សាលារៀនខ្ញុំ ក្ដីសង្ឃឹមខ្ញុំ" កម្មវិធីសប្បុរសធម៌ថ្មីមួយទៀត ពីក្រុមយុវជន "យើងរីកចម្រើនជាមួយគ្នា"

  • 2020-12-08 07:00:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម “យើងរីកចម្រើនជាមួយគ្នា” ត្រូវបានបង្កើតឡើងនៅឆ្នាំ​ ២០១៤ ដោយក្រុមយុវជនមកពីសាកលវិទ្យា​ល័យផ្សេងៗគ្នា ដែលចែករំលែកនូវសក្តានុពលគំនិតរួមតែមួយ។​ គោ​លបំណងចម្បងនៃក្រុមពួកយើង គឺ​​​ការចូលរួមចំណែក​នៅក្នុងសកម្មភាព និងការងារសង្គមដើម្បី ជួយផ្សព្វផ្សាយ​ និង​បរិច្ចាគ រឺផ្តល់នូវឥទ្ធិពលវិជ្ជមានទៅសង្គមតាមរយៈចក្ខុវិស័យចំនួន៤ធំៗមានដូចជា ការអប់រំ បរិស្ថាន យុវជន​ និងតន្រ្តី។

ជាក់ស្តែងកាលពីឆ្នាំ ២០១៧​ ក្រុម “យើងរីកចម្រើនជាមួយគ្នា” បានរៀបចំកម្មវិធីសប្បុរសធម៌មួយដែលនាំយកសម្ភារសិក្សាទៅជូនដល់សិស្សនៅសាលាបឋមសិក្សាគីរីរម្យ ស្ថិតក្នុងខេត្តកំពង់ស្ពឺក្រោមប្រធានបទថា “ទាំងអស់គ្នាដើម្បីការអប់រំ”។

បន្ទាប់មកក្នុងឆ្នាំ ២០១៨ ក្រុម “យើងរីកចម្រើនជាមួយគ្នា” ក៏បានរៀបចំសិក្ខាសាលាមួយដែលមានចំណងជើងថា “ជំងឺបាក់ទឺកចិត្តនិងយុវជនក្នុងសតវត្សរ៍ទី២១”​ នៅសាលមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន (CJCC) ដែលមានចំនួនអ្នកចូលរួមរហូតដល់ជាង៦០០នាក់។

ក្រោយពីបានបញ្ចប់សិក្ខាសាលារួចមក នៅក្នុងឆ្នាំ​ ២០១៩ ក្រុម “យើងរីកចម្រើនជាមួយគ្នា” ក៏បានបង្កើតកម្មវិធីសប្បុរសធម៌មួយទៀតក្រោមចំណងជើងថា“បរិស្ថានសាលារៀនខ្ញុំ” ដែលបានប្រមូលយកថវិកាចំណេញពីការលក់អាវយឺតព្រមទាំងការបរិច្ចាគពីសប្បុរសជន យកទៅសាងសង់បន្ទប់សិក្សាថ្មមួយខ្នងនៅសាលាបឋមសិក្សាសំរោង ស្ថិតក្នុងខេត្តកំពង់ធំ។

នៅក្នុងឆ្នាំ​ ២០១៩​ ដដែល ក្រុមយើងរីកចម្រើនជាមួយគ្នា បានរៀបចំកម្មវិធីសប្បុរសធម៌មួយទៀតដែលមានចំណងជើងថា “តន្ត្រីសប្បុរសធម៌និស្ស័យ” ដែលប្រារព្ធឡើងនៅសាលមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា កូរ៉េ (CKCC)។ គោលបំណងនៃកម្មវិធីនេះគឺ អញ្ជើញអ្នកចម្រៀងនិងផ្តល់ឧកាសឲ្យយុវជនដែលមានសមត្ថភាពខាងសិល្បៈ ទាំងបុរាណ និងសម័យបានឡើងលើឆាកដើម្បីបង្ហាញនូវសមត្ថភាពរបស់ខ្លួន។

មិនតែប៉ុណ្ណោះថវិកាដែលទទួលបានពីកម្មវិធី គឺយកមួយចំណែកទៅបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា និងមួយចំណែកទៀតយកទៅទិញសម្ភារសិក្សាជូនដល់សិស្សានុសិស្សខ្វះខាត ព្រមទាំងជួយសាងសង់របងថ្មជូនសាលាបឋមសិក្សាច្រកល្អៀង ស្ថិតនៅខេត្តពោធិ៍សាត់។

ក្នុងឆ្នាំ​ ២០២០​ នេះ ក្រុម “យើងរីកចម្រើនជាមួយគ្នា” កំពុងតែរៀបចំកម្មវិធីសប្បុរសធម៌ថ្មីមួយទៀតដែលមានឈ្មោះថា​ “សាលារៀនខ្ញុំ ក្ដីសង្ឃឹមខ្ញុំ”​ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ​ អាទិត្យ ទី​០៧​​ ខែមីនា ឆ្នាំ២០២១។​ គោលបំណងនៃកម្មវិធីនេះគឺ ស្វែងរកការបរិច្ចាគជាសម្ភារសិក្សាដល់​សិស្សានុសិស្សខ្វះខាតចំនួន ៣៥នាក់ ក៏ដូចជាថវិកាសម្រាប់សាងសង់បន្ទប់ទឹក​ ខ្លោងទ្វារ និងរបងសាលា ជូនសាលាបឋមសិក្សាឧបសម្ព័ន្ធអូរកី ដែលមានទីតាំងនៅភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។

អាស្រ័យហេតុនេះ ប្រសិនបើមានក្រុមហ៊ុន ឬអង្គការណាមានចំណាប់អារម្មណ៍ចង់ធ្វើជាដៃគូសហការឧបត្ថម្ភក្នុងកម្មវិធី ក្រុមយើងរីកចម្រើនជាមួយគ្នាពេញចិត្តនឹងទទួលយកការឧបត្ថម្ភពីបណ្តាក្រុមហ៊ុននានា។ លេខទូរសព្ទទំនាក់ទំនងក្រុមការងារ ក្រុមយើងរីកចម្រើនជាមួយគ្នា៖

០៨៨​ ២៤១ ៨៧៨៧ (សម្រាប់ដៃគូសហការ) ០៨១ ៤៦១​ ០៥៨ (សម្រាប់ធ្វើការបរិច្ចាគ)

មតិយោបល់