• 2020-12-22 08:39:44
  • ព័ត៌មាន

ការធ្លាក់ចុះតម្លៃស៊ុតទា ពុំមែនមកពីបើកឲ្យនាំចូល ស៊ុតពីប្រទេសជិតខាងឡើយ

  • 2020-12-22 08:39:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្មរុក្ខប្រមាញ់និងនេសាទ បានឲ្យដឹងថា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏ដូចជាក្រសួង ពុំដែលអនុញ្ញាតជាគោលការណ៍ ឱ្យនាំចូលស៊ុតពីប្រទេស ជិតខាង ជាពិសេសពីប្រទេសវៀតណាមចូលមកទីផ្សារព្រះរាជាណាចក្រកម្ពុជាឡើយ។

ការបំភ្លឺដូច្នេះ គឺឆ្លើយតបទៅនឹងការលើកឡើងរបស់អ្នកចិញ្ចឹមទា យកស៊ុតមួយចំនួន ដែលបានលើកឡើងថា មានការបើកឱ្យ នាំចូលស៊ុតពីប្រទេសជិតខាង ដែលធ្វើឱ្យតម្លៃស៊ុតធ្លាក់ថ្លៃ លក់ចេញក្រោម៣០០រៀលក្នុង១គ្រាប់។

ក្រសួងកសិកម្មបានបញ្ជាក់ថា ចំពោះតម្លៃស៊ុតទា សម្រាប់យកទៅភ្ញាស់ បើប្រៀបធៀបរវាងកម្ពុជាជាមួយនឹងវៀតណាម គឺមានតម្លៃប្រហាក់ប្រហែលគ្នា។ ដោយឡែកស៊ុតទាធម្មតាមិនបង្កកំណើតនៅកម្ពុជាតម្លៃ២៨០រៀលក្នុងមួយគ្រាប់ ចំណែកឯនៅប្រទេសវៀតណាមតម្លៃ ៣០០រៀលក្នុងមួយគ្រាប់។

ដោយសារជំងឺកូវីដ-១៩ កំពុងគំរាមកំហែងដល់សុខភាពសាធារណៈ ហើយកម្មវិធីជួបជុំផ្សេងៗ ត្រូវបានផ្អាក ដែលធ្វើឱ្យតម្រូវការស៊ុតត្រូវបានកាត់បន្ថយជាអតិបរិមា នៅពេលដែលការចិញ្ចឹមបក្សីយកស៊ុត មានការ កើនឡើងនៅគ្រប់តំបន់ទូទាំងប្រទេស ម្យ៉ាងទៀតនៅក្នុងរដូវត្រីត្រូវ ប្រជាពលរដ្ឋមួយចំនួនបែរមកបរិភោគត្រីជំនួសឱ្យ ស៊ុតបក្សីវិញ។

ក្នុងករណីអាជីវករ អ្នកចិញ្ចឹមសត្វ ជាពិសេសចិញ្ចឹមមាន់-ទាយកស៊ុត បានដឹងព័ត៌មានពីការលួចនាំចូលស៊ុតមាន់-ទា ពីប្រទេសជិតខាង សូមទំនាក់ទំនងមកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ តាមរយៈទូរស័ព្ទលេខ ០១២ ៨២៨ ២០៩ ដើម្បីចុះអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និង ផលិតផលសត្វ ស្របតាមច្បាប់ស្តីពីសុខភាពសត្វ និង ផលិតកម្មសត្វ ៕

សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោមនេះ ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់