• 2020-12-31 08:12:39
  • សេដ្ឋកិច្ច

អេស៊ីលីដា ប្រកាស​ប្ដូរ​ស្លាកសញ្ញាថ្មីជាផ្លូវការហើយ!

  • 2020-12-31 08:12:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី៣១ ខែធ្នូនេះ ធនាគារ​អេស៊ីលីដា ភីអិលស៊ី "ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត" បានប្រារព្ធពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៃនិមិត្តសញ្ញាថ្មីរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បានផ្លាស់ប្តូររូបរាងស្លាកសញ្ញាថ្មី ដោយរក្សានូវនិមិត្តរូប អត្តសញ្ញាណ និងអត្ថន័យដែលធនាគារបានកសាងជាង២៩ឆ្នាំកន្លងមក។ ស្លាកសញ្ញាថ្មី ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា "និមិត្តរូបបក្សីសួគ៌" ឈរនៅចំកណ្តាលរង្វង់មូលពណ៌ខៀវទឹកប៊ិក ដែលបង្ហាញពីភាពរឹងមាំ និងវឌ្ឍនភាពប្រកបដោយចីរភាព។

រូបរាងស្លាកសញ្ញាថ្មី របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី មានដូចខាងក្រោម៖

គោលបំណង នៃការផ្លាស់ប្តូរស្លាកសញ្ញាថ្មី របស់ធនាគារស្របតាម ទស្សនៈ បេសកកម្ម យុទ្ធសាស្រ្ត និងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុទាន់សម័យជាសកល។ ចំណែកពណ៌នៃស្លាកសញ្ញាថ្មី គឺមានបីពណ៌ គឺពណ៌ស ពណ៌មាស និងពណ៌ខៀវទឹកប៊ិក។

អត្ថន័យ នៃពណ៌ស្លាកសញ្ញាថ្មីរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី

  • ពណ៌ ស ៖ អភិសមាចារ (តម្លាភាព ភាពស្មោះត្រង់ និងសុចរិតភាព)

  • ពណ៌ មាស៖ គុណតម្លៃ និងគុណភាព

  • ពណ៌ ខៀវទឹកប៊ិក៖ សាមគ្គីភាព ស្ថិរភាព និងសុវត្ថិភាព

រីឯពណ៌ទាំងបីបញ្ចូលគ្នាប្រៀបទៅនឹងគ្រាប់ពូជ និងធនធានដែលបានរីកដុះដាល និងអភិវឌ្ឍក្នុងវិស័យហិរញ្ញវត្ថុ ប្រកបដោយចីរភាព។ ស្លាកសញ្ញាថ្មីនេះ នឹងរៀបចំដាក់ឲ្យប្រើប្រាស់ ជាផ្លូវការចាប់ពីខែមករា ឆ្នាំ២០២១ ខាងមុខនេះ។

បណ្ឌិត អ៊ិន ចាន់នី បានមានប្រសាសន៍បន្ថែមទៀតថា យើងមានសេចក្តីរីករាយ ដែលបានរួមចំណែកកសាងនូវប្រយោជន៍សម្រាប់ជាតិប្រកប ដោយកតញ្ញូ និងកតវេទី។ នេះជាស្នាដៃបានកើតឡើងពីធនធានមនុស្សដែលជាកម្មករនិយោជិតជនជាតិខ្មែរ និងមានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលជាពិសេស ធនាគារជាតិនៃកម្ពុជា អតិថិជន និងសាធារណជន ដែលបានកសាងសមិទ្ធផលជាប្រយោជន៍យ៉ាងច្រើនជាបន្តបន្ទាប់។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី

អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ០៤ (បួន) គឺអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ធនាគារ អេស៊ីលីដា ឡាវ លីមីធីត និងស្ថាប័ន មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា និងព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២០ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួន ២៦,១០ ទ្រីលានរៀល (ឬ ៦,៣៧ ប៊ីលានដុល្លារអាមេរិក) សមតុល្យ ឥណទានសរុបចំនួន ១៦,៩៩ ទ្រីលានរៀល (ឬ ៤,១៤ ប៊ីលានដុល្លារអាមេរិក) និងប្រាក់បញ្ញើសន្សំសរុបចំនួន ១៨,៥៦ ទ្រីលានរៀល (ឬ ៤,៥៣ ប៊ីលានដុល្លារអាមេរិក) និងចំនួនអ្នកចុះឈ្មោះប្រើប្រាស់សេវាធនាគារ ឌីជីថល អេស៊ីលីដា ទាន់ចិត្ត ច្រើនជា ១,៦២លាននាក់ គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២០៕

មតិយោបល់