• 2021-01-09 04:43:12
  • ព័ត៌មាន

មហោស្រព​ពិព័រណ៍​វិទ្យាសាស្រ្ដ​ប្រចាំឆ្នាំ នឹងធ្វើឡើង​តាមអនឡាញ​​ជាលើក​ដំបូង​​​នៅ​កម្ពុជា

  • 2021-01-09 04:43:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ​ពិព័រណ៍​វិទ្យាសាស្រ្ដ​កម្ពុជា និងអង្គការ​ស្ទីម​កម្ពុជា បាន​ចូលរួម​សហការ​គ្នា​ដើម្បី​រៀបចំ​មហោស្រព​ពិព័រណ៍​វិទ្យាសាស្រ្ដ​ប្រចាំឆ្នាំ លើកទី១៦ និង​ជា​ពិព័រណ៍​ស្ទែម​អនឡាញ​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​នឹង​ប្រព្រឹត្តទៅ​នៅថ្ងៃទី២៥ ខែមករា ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។

ក្រោមប្រធានបទ "ត្រៀមខ្លួន​ដើម្បីអនាគត" និងតាម​រយៈការ​សហការ​ពីក្រសួង​អប់រំ យុវជន និងកីឡា និងការគាំទ្រ​ពី​ក្រសួង​បរិស្ថាន ព្រឹត្តិការណ៍​នេះ​នឹង​ពង្រីក​វិសាល​ភាព​របស់​ខ្លួន បន្ថែម​ពី​លើ​ការ​រៀបចំ​កម្មវិធី​នៅ​តែ​រាជធានី​ភ្នំពេញ ដើម្បី​ផ្ដល់ឱកាស​ឲ្យសិស្សានុសិស្ស​ទូទាំង​ប្រទេស អាច​ស្វែង​យល់បន្ថែម និងបង្កើន​ការ​យល់ដឹង​ពី​ការ​អប់រំ​ស្ទែម រួម​ទាំង​មុខ​ជំនាញ​ផ្សេងៗ​ក្នុង​វិស័យ​នេះ សម្រាប់​អាជីព​ការងារ​នាថ្ងៃអនាគត។

ជាមួយ​នឹង​ការ​ផ្ដោត​សំខាន់​ទៅលើ​ប្រធានបទ​ពាក់ព័ន្ធ​នឹង​ការ​អប់រំស្ទែម នាថ្ងៃនីមួយៗ ក្នុង​ព្រឹត្តិការណ៍​ផ្សាយផ្ទាល់​នេះដែរ អ្នកទស្សនា​នៅទូទាំង​ប្រទេស នឹង​អាច​សិក្សា​ពីវីដេអូ​ឯកសារ​អប់រំ​ជាច្រើនបែប ព្រម​ទាំងអស់​កម្សាន្ត​រីករាយ​ជាមួយ​នឹង​ការ​សម្ដែង​សិល្បៈ​ប្លែកៗ ដែលនាំមក​ជូនដោយ​សិល្បករ​ទាំងអាជីព និងមិនអាជីព។

ព្រឹត្តិការណ៍​កាលពីឆ្នាំមុន

ក្នុង​នោះដែរ អ្នកទស្សនា​នឹងមានឱកាស​ជួប និង​តាមដានជាមួយ​បេក្ខជន​វគ្គ​ផ្ដាច់ព្រ័ត្រ​ពីកម្មវិធី​ប្រកួត​ស្ទែម By Smart ដំបូង​គេបង្អសល់នៅ​កម្ពុជា និង​ការ​ប្រកួត​សិល្បៈ​គំនូរ​របស់​សិស្ស​បឋមសិក្សា។ ម្យ៉ាង​វិញទៀត ពួកគាត់​ក៏អាច​ស្វែងយល់​ពី​មុខ​ជំនាញ​នានា​នៅក្នុងវិស័យ​ស្ទែម តាមរយៈ​សិក្ខាសាលា​ស្ដីពី​អាជីព​ការងារ​ផងដែរ។

បច្ចុប្បន្ន​នេះ​ គឺជាពេលមួយ​ដ៏សំខាន់​ ដើម្បីវិនិយោគ​ទៅលើ​សហគមន៍​វិទ្យាសាស្រ្ដ​ នៅទូទាំង​សកល​លោក ដោយ​សារ​ស្ទែម​ដើរ​តួនាទីយ៉ាងសំខាន់ ក្នុង​ការ​សក្ដា​ស្ថានការណ៍​ឡើង​វិញ ដែលបង្ក​ឡើង​ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ-១៩។ យើង​មានគោលបំណង​បំផុស​គំនិត និងផ្សារ​ភ្ជាប់​វិស័យ​វិទ្យាសាស្រ្ដ​ទៅនឹងសង្គម ព្រម​ទាំង​ផ្ដល់​នូវ​វេទិកា​មួយ​ដែល​សិស្ស-និស្សិត​កម្ពុជា និង​អ្នកជំនាញ​ស្ទែម​អាច​ជឿ​ទុកចិត្ត​បាន ដើម្បី​រួមគ្នា​បង្កើន​ទំនាក់ទំនង​ និង​សេចក្ដី​ទុកចិត្ត​រវាង​គ្នា និងគ្នា។

ចាប់តាំង​ពី​ពេល​ចាប់ផ្ដើម​ដំបូង​មក មហោស្រព​ពិព័រណ៍​វិទ្យាសាស្រ្ដ​កម្ពុជា បានក្លាយ​ជា​ព្រឹត្តិការណ៍​ស្ទែម​មួយ​ដែល​ឈាន​មុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​ជំរុញ​នូវ​ការ​ស្រលាញ់​វិទ្យាសាស្រ្ដ​បច្ចេកវិទ្យា​ វិស្វកម្ម និងគណិត​វិទ្យារបស់យុវជន​កម្ពុជា​យើង។ ជាក់ស្ដែង​ ព្រឹត្តិការណ៍​កាលពីឆ្នាំមុន យើងសង្កេត​ឃើញ​ភាព​ជោគជ័យ​យ៉ាងធំធេង ដោយ​យើង​ទទួល​បាន​អ្នកទស្សនា​ចាង ១៣០០០នាក់ ហើយគម្រោង​ស្ទែម​ជាង ២០០ ត្រូវ​បាន​ដាក់​បង្ហាញ និង​មាន​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ផលិតផល​ប្លាស្ទិក​ជាង ៥៨៧៥០ តាមរយៈ​ការ​អនុវត្ត​គោលការណ៍​ការពារ​បរិស្ថាន។

ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​នេះ អាច​ប្រព្រឹត្តទៅបាន ក្រោម​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផារ៉ាហ្គន អេឌ្យូខេសិន ឯ.ក និងក្រុមហ៊ុន ស្មាត អាស្យាតា។​ មហោស្រព​ពិព័រណ៍​វិទ្យាសាស្រ្ដ​កម្ពុជា​ប្រចាំ​ឆ្នាំ​លើក​ទី១៦ អាច​ទស្សនា​បាន​ដោយ​សេរី និងឥតគិតថ្លៃ។ សូម​ចុះ​ឈ្មោះ​នៅគេហទំព័រ​ www.stemcambodia.org

មតិយោបល់