• 2021-01-09 08:49:44
  • ព័ត៌មាន

សូមគិតឱ្យច្បាស់! កម្ចីធនាគារទាំង ៦ ប្រភេទ អាចនាំទុក្ខដាក់ខ្លួន ជំពាក់គេវ័នកលើសដើម

  • 2021-01-09 08:49:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពិតណាស់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ គឺជាដៃគូដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ ក្នុងជួយសម្រួលជីវភាព និងធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសជាតិកាន់តែរីកចម្រើន ។ យ៉ាងណាមិញ ការខ្ចីលុយពីធនាគារ គឺសំខាន់ណាស់ សម្រាប់ប្រជាជនគ្រប់រូបទាមទារឱ្យមានផែនការ និងគោលដៅច្បាស់លាស់ ។ កម្ចីធនគារខ្លះដែលមិនបានគិតឱ្យដល់ នឹងអាចនាំទុក្ខដាក់ខ្លួន ធ្វើឱ្យជីវភាពគ្រួសារកាន់តែដុនដាបលើសដើម ។ ក្នុងនោះមានដូចជា៖

១.កម្ចីទិញសម្ភារនិយម

កម្ចីទិញរថយន្ត កម្ចីទិញម៉ូតូ ទូរស័ព្ទទំនើប គឺជាប្រភេទកម្ចី មិនបានផ្ដល់ផលប្រយោជន៍យូរអង្វែងត្រឡប់មកវិញឡើយ ។ អ្នកគ្រាន់តែអាចទាញផលប្រយោជន៍ពីវាដែលអាចបង្ហាញពីភាពហ៊ឺហារជាងមុន ឡូយជាងមុន ប៉ុន្តែបើសួរថាវាអាចបង្កើនចំណូលឱ្យអ្នកបានដែរឬទេ? គឺពិតជាពិបាកណាស់ ក្នុងករណីដែលអ្នកគ្រាន់តែចង់បានវាជាភាពចាំបាច់សម្រាប់ខ្លួនឯង មិនទាញប្រយោជន៍សម្ភារទាំងនោះមកវិញ ។ ត្រូវចាំថារបស់ទាំងអស់នេះ វានឹងក្លាយជាអ្នកស្រូបទាញចំណូលរបស់អ្នករៀងរាល់ខែ ត្រូវថែរក្សា ត្រូវជួសជុល ពោលគឺត្រូវចំណាយពីលើវាថែមលើការប្រាក់ដែលត្រូវសងត្រឡប់ទៅធនាគារទៀត ។

២.ខ្ចីលុយដើម្បីដោះបំណុលចាស់

កម្ចីប្រភេទនេះកម្រមាន តែនៅតែអាចកើតឡើងនៅពេលមនុស្សមួយចំនួន ដើរដល់ផ្លូវទាល់។ កម្ចីនេះនឹងធ្វើឱ្យបំណុលកាន់តែកើនឡើងទ្វេដង រហូតអាចឈានដល់ការដាក់ប្លង់ផ្ទះបញ្ចាំ ឬលក់ផ្ទះដើម្បីសងបំណុលទៀតផង។ ដូច្នេះហើយមិនគួរយកជម្រើសនេះដាច់ខាត ព្រោះនឹងនាំកាន់តែមានសំពាធកាន់តែខ្លាំងឡើង។

៣.កម្ចីដើម្បីលេងល្បែងស៊ីសង

មនុស្សមួយចំនួនងប់នឹងល្បែង គិតថាមធ្យោបាយនេះនឹងនាំឱ្យរកលុយបានភ្លាមៗ ដោយមិនចាំបាច់ខំប្រឹងច្រើន ។ ត្រូវចាំថា គ្មានអ្វីបានមកដោយងាយស្រួលនោះទេ ល្បែងតែងវិនាស វាមិនមែនអាស្រ័យលើរាសីអ្នកឡើង ឬចុះ នាំឈ្នះ ឬ ចាញ់ល្បែងនោះទេ ប៉ុន្តែបើអ្នកគិតឱ្យដិតដល់តាមបែបវិទ្យាសាស្ត្រ គឺមានថាអ្នកយកលុយទៅភ្នាល់ បើបានមកមកវិញជាហេង តែបើចាញ់វិញគឺអស់គ្មានសល់ពីខ្លួនតែម្ដង ។

៤.ខ្ចីលុយដើម្បីចងការប្រាក់បន្ត

បច្ចុប្បន្នប្រជាពលរដ្ឋមួយចំនួនចូលចិត្ត រកស៊ីចងការប្រាក់នៅតាមភូមិស្រុក ដោយខ្ចីលុយពីធនាគារ។ ការខ្ចីលុយ ដើម្បីរកស៊ីមុខរបរនេះ គឺប្រឈមនឹងហានិភ័យខ្ពស់បំផុត ដោយសារការចងការប្រាក់នោះ ពុំមានលិខិតលាយលក្ខអក្សរច្បាស់លាស់ គ្មានអាជ្ញាធរដឹងឭ។ ដូច្នេះហើយ មិនអាចធានា ១០០% ថាគេនឹងសងត្រឡប់នោះទេ ហើយនៅពេលមានបញ្ហាក៏ពិបាកឱ្យអាជ្ញាធរដោះស្រាយដែរ។

៥.ខ្ចីលុយបណ្ដាក់ទុនដោយមិនពិចារណាច្បាស់លាស់

ការបណ្ដាក់ទុនរកស៊ីគឺជាការល្អ ប៉ុន្តែបើអ្នកបង់ទុនខុសវិញ គឺនឹងនាំទុក្ខធ្ងន់ធ្ងរដល់ខ្លួនឯង គ្រួសារ ប្រពន្ធកូន ។ មុនសម្រេចចិត្តរកស៊ីជាមួយអ្នកណា សូមកុំសម្រេចចិត្តលឿនៗ ដោយគ្មានការវិភាគច្បាស់លាស់ បុគ្គលខ្លះបញ្ចុះបញ្ចូលឱ្យអ្នកវិនិយោគជាមួយគ្រាន់តែជាឈ្នាន់សម្រាប់គេប៉ុណ្ណោះ ។ អ្នកត្រូវបណ្ដាក់ទុនរកស៊ីដោយមានផែនការច្បាស់លាស់ កើតចេញពីគំនិតរបស់ខ្លួន និងមានមូលដ្ឋានគ្រឹះច្បាស់លាស់ផ្នែកសេដ្ឋកិច្ច ។ កុំជឿតាមការអូសទាញ ឬ ការឃោសនាដោយគ្មានគោលការណ៍ច្បាស់លាស់ ។

៦.ខ្ចីលុយដើម្បីរៀបការ

តើការរៀបការពិតជាសំខាន់ខ្លាំងមែនទេ ក្នុងខណៈដែលអ្នកមិនទាន់មានអ្វីដែលនឹងនរក្នុងជីវិតនោះ ? បើអ្នកខ្ចីលុយដើម្បីរៀបការក៏ស្មើនឹងអ្នកធ្វើតាមតម្រូវការរបស់ខ្លួនឯង ចង់បានគ្រួសារមួយ ប៉ុន្តែគ្មានគោលជំហររឹងមាំ ។ សួរថាក្រោយរៀបការហើយអ្នករំពឹងអី ? ក្នុងករណីអ្នកមានកូន តើអាចទទួលខុសត្រូវលើការចិញ្ចឹមគេដោយល្អប្រសើរដែរទេ ?

មតិយោបល់