• 2021-01-18 04:05:24
  • សេដ្ឋកិច្ច

ABA ទទួលបានពានធនាគារឌីជីថលឆ្នើមជាងគេនៅកម្ពុជា ក្នុងឆ្នាំ២០២០ ពីទស្សនាវដ្តី Asiamoney

  • 2021-01-18 04:05:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ ABA ជាធនាគារកម្ពុជានាំមុខក្នុងវិស័យហិរញ្ញវត្ថុឌីជីថល និងជាបុត្រសម្ព័ន្ធរបស់ធនាគារជាតិកាណាដា ប្រកាសថាខ្លួនបានទទួលពានរង្វាន់ “ធនាគារឌីជីថលដ៏ឆ្នើមនៅកម្ពុជា ឆ្នាំ ២០២០” ពីទស្សនាវដ្តី Asiamoney ជាទស្សនាវដ្តីថ្នាក់តំបន់របស់ Euromoney ដែលជាទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ។ ពានរង្វាន់ពីទស្សនាវដ្តី Asiamoney បង្ហាញពីឧត្តមភាពប្រព័ន្ធឌីជីថលរបស់ធនាគារ ABA រយៈពេលពីរឆ្នាំជាប់គ្នា។

អំឡុងពេលវាយតម្លៃ គណៈវិនិច្ឆ័យបានវិភាគផលបត្រផលិតផលរបស់ធនាគារ រួមមាន សេវាកម្មនានាដែលបានដាក់ឲ្យប្រើប្រាស់អំឡុងពេលធ្វើរបាយការណ៍។ អ្នកជំនាញរបស់ទស្សនាវដ្តី Asiamoney កោតសរសើរយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមប្លែកពីគេ ដែលបានជួយឲ្យធនាគារឈ្នះនូវពានរង្វាន់ធនាគារឌីជីថលឆ្នើម ដូចខាងក្រោម៖

  • កម្ចីភ្លាមៗនៅក្នុងកម្មវិធី ABA Mobile ដែលជួយឲ្យអតិថិជន ABA ដោះស្រាយការលំបាកផ្នែកសាច់ប្រាក់បណ្តោះអាសន្នរបស់ពួកគេដោយមិនបាច់បិទបញ្ញើកាលកំណត់ និងធ្វើឲ្យបាត់បង់ការប្រាក់ដែលទទួលបាន។

  • សេវាផ្ទេរប្រាក់ Visa Direct ដែលអនុញ្ញាតឲ្យម្ចាស់កាត ABA Visa អាចផ្ញើប្រាក់បានភ្លាមៗពីកម្មវិធី ABA Mobile ទៅកាន់កាត Visa ណាមួយដែលបើកដោយធនាគារនានានៅកម្ពុជា និងប្រទេសចំនួន 8 ទៀតនៅក្នុងតំបន់។

  • ការពង្រីកបន្ថែមនូវប្រព័ន្ធទូទាត់អនឡាញ PayWay និងការទទួលយកការទូទាត់តាមកូដ QR។

  • ការពង្រីកសេវាស្វ័យធនាគារ ការដាក់ម៉ាស៊ីនដកដាក់ប្រាក់ និងម៉ាស៊ីនដាក់មូលប្បទានបត្រ និងការដាក់ឲ្យដំណើរការទីតាំងស្វ័យសេវាធនាគារ ABA 24/7 ដែលអនុញ្ញាតឲ្យធ្វើការដក និងដាក់ប្រាក់ និងដាក់មូលប្បទានបត្របានគ្រប់ពេលវេលា ដោយភាពងាយស្រួល។

នៅក្នុងរបាយការណ៍អំពីពានរង្វាន់របស់ខ្លួន ទស្សនាវដ្តី Asiamoney បានកត់សម្គាល់ថា ប្រព័ន្ធសេវាធនាគារឌីជីថលរបស់ធនាគារ ABA បានជួយឲ្យធនាគារក្នុងការទទួលបានអតិថិជន យល់ពីអតិថិជន និងបម្រើអតិថិជនរបស់ខ្លួន។ កម្មវិធី ABA Mobile ជាកម្មវិធីដ៏លេចធ្លោរបស់ធនាគារ ក្នុងឆ្នាំ 2020 មានប្រតិបត្តិការជាង 100 លានដង ដែលមានទឹកប្រាក់សរុបជាង 59 ប៊ីលានដុល្លារ។

អ្នកជំនាញរបស់ទស្សនាវដ្តី Asiamoney មានប្រសាសន៍ថា៖ “ដោយមានការទទួលស្គាល់ថាជាធនាគារដែលមាន​បច្ចេកវិទ្យាទំនើបបំផុតនៅក្នុងប្រទេស ធនាគារ ABA បានធ្វើមូលធនកម្មពីការរីកចម្រើននៃវិស័យពាណិជ្ជកម្មអេឡិកត្រូនិកដែលកើតឡើងដោយសារការរីករាលដាលជំងឺកូវីដ-19។ ធនាគារបានពង្រីកមុខងារ ABA PAY ដែលជាប្រព័ន្ធទូទាត់មិនប្រើសាច់ប្រាក់តាមកូដ QR ដល់ពាណិជ្ជករតូចៗ។ ធនាគារក៏បានធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធទូទាត់អនឡាញ PayWay របស់ខ្លួនដែលអនុញ្ញាតឲ្យ​សហគ្រិនក្នុងស្រុកអាចលក់ផលិតផល និងសេវាកម្មរបស់ពួកគេតាមអនឡាញ និងមានមុខងារចេញវិក្កយបត្រ មុខងារគ្រប់គ្រងអ្នកប្រើប្រាស់ និងមុខងារបង្កើតកូដ QR”។

លោក Zokhir Rasulov នាយកឌីជីថលរបស់ធនាគារ ABA មានប្រសាសន៍នាឱកាសនេះថា៖ “ការទទួលស្គាល់នេះបង្កើតទំនុកចិត្តលើយុទ្ធសាស្ត្រសេវាធនាគារឌីជីថលដែលយើងបានជ្រើសរើស និងលើកទឹកចិត្តយើងយ៉ាងខ្លាំងសម្រាប់ការអភិវឌ្ឍ និងនវានុវត្តន៍ថ្មីៗទៀត។ គោលដៅចម្បងរបស់យើង គឺធ្វើឲ្យសកម្មភាពហិរញ្ញវត្ថុប្រចាំថ្ងៃរបស់អតិថិជនយើងមានភាពងាយស្រួល និងមានសុវត្ថិភាព។ យើងនឹងបន្តផ្តោតលើការអភិវឌ្ឍប្រព័ន្ធអេកូឌីជីថលដ៏រឹងមាំដោយផ្តល់ផលិតផល និងសេវាកម្មដ៏ទំនើបដែលនឹងបន្តឲ្យអតិថិជន ABA ពេញចិត្តក្នុងកម្រិតមួយដ៏ខ្ពស់”។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ធនាគារ ABA គ្រប់គ្រងទ្រព្យសកម្មសរុបចំនួន ៦,១ប៊ីលានដុល្លារ និងមានអតិថិជនសរុបជាង ១,៣លាននាក់ នៅទូទាំងប្រទេស​កម្ពុជា៕

មតិយោបល់