• 2021-01-26 03:10:14
  • ព័ត៌មាន

អបអរសាទរ​ ! ទឹកឃ្មុំព្រៃនៃសហគមន៍មណ្ឌលគិរី ត្រៀមចុះបញ្ជីដើម្បីក្លាយជាផលិតផលសម្គាល់ភូមិសាស្ត្រហើយ

  • 2021-01-26 03:10:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹកឃ្មុំជាអាហារធម្មជាតិដែលមានគុណសម្បត្តិដ៏អស្ចារ្យ ជាពិសេសវាត្រូវបានផលិតដោយសារការក្រេបលំអងផ្ការបស់សត្វឃ្មុំ។ទឹកឃ្មុំត្រូវបានគេប្រើជាឱសថសម្រាប់ព្យាបាលជំងឺផ្សេងៗយ៉ាងពូកែទៀតផង ។ទឹកឃ្មុំព្រៃមណ្ឌលគីរីមានព៌ណមាស រសជាតិផ្អែម និងក្លិនឈ្ងុយស្រាលដែលបានមកពីការក្រេបលំអងផ្កាវល្លិ៍ ផ្កាព្រីង ផ្កាពោន ផ្កាចំបក់ និងផ្កាស្រឡៅដែលសុទ្ធសឹងជារុក្ខជាតិឱសថបុរាណខ្មែរ។

ទឹកឃ្មុំនេះត្រូវបានប្រមូលដោយសហគ្រាសសហគមន៍ប្រមូលឃ្មុំព្រៃចំនួន ៣ ដែលមានសមាជិក ១៥៣ គ្រួសារពីព្រៃសហគមន៍ចំនួន ៣ ក្នុងតំបន់ព្រៃអភិរក្សក្នុងខេត្តមណ្ឌលគីរី។ទឹកឃ្មុំព្រៃជាទឹកឃ្មុំដែលប្រមូលចេញពីឃ្មុំធំ (ឃ្មុំចង្អេរ ឬឃ្មុំស្លឹកត្រចៀកដំរី) ដែលមាននៅក្នុងព្រៃធម្មជាតិ ដូចជាព្រៃកោងកាង ព្រៃតំបន់ដីសើម និងព្រៃតំបន់ភ្នំ ជាពិសេសនៅក្នុងតំបន់ព្រៃការពារ និងព្រៃសហគមន៍តែប៉ុណ្ណោះ។ អ្នកប្រមូលឃ្មុំព្រៃអនុវត្តន៍ការប្រមូលតាមស្តង់ដារទឹកឃ្មុំព្រៃកម្ពុជាដូចជាការប្រមូលតែសំបុកឃ្មុំណាដែលចាស់ ប្រើគុបផ្សែង និងប្រមូលតែ៨០%នៃក្បាលទឹកឃ្មុំតែប៉ុណ្ណោះ។

ហើយនៅព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២១ នេះ លោក នេត្រ ភក្រ្តា រដ្ឋ​លេខា​ធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ បានឲ្យដឹងតាមរយះហ្វេសប៊ុករបស់លោកថា « នៅក្នុងមួយឆ្នាំ ប្រជាសហគមន៍ប្រមូលទឹកឃ្មុំបានប្រមាណពី ៥០ ទៅ៦០ តោនពីព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរី ហើយបច្ចុប្បន្ននេះ ទឹកឃ្មុំព្រៃនៃសហគមន៍មណ្ឌលគិរី ត្រៀមចុះបញ្ជីដើម្បីក្លាយជាផលិតផលសម្គាល់ភូមិសាស្ត្រ។ តាមការសិក្សានៅកម្ពុជាមានការប្រើប្រាស់ទឹកឃ្មុំជាង ១០០ តោនក្នុងមួយឆ្នាំ »។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់