• 2021-02-02 08:05:49
  • ព័ត៌មាន

ស្គាល់ភ្នំខ្នងព្រះអត់ ? តំបន់ទេសចរណ៍ធម្មជាតិ បែបផ្សងព្រេង បើបានទៅដឹងតែមិនខកបំណងឡើយ

  • 2021-02-02 08:05:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំខ្នងព្រះ គឺជាតំបន់អេកូទេសចរណ៍ បែបផ្សងព្រេង ដែលស្ថិតនៅជួរភ្នំក្រវ៉ាញ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ បើនិយាយពីទេសភាពវិញមិនចាញ់ភ្នំខ្នងផ្សារប៉ុន្មានទេ ហើយចំពោះការធ្វើដំណើរឡើងលើភ្នំគឺមានចម្ងាយប្រហែលជាង ៨គីឡូម៉ែត្រពីភ្នំ១៥០០ ដោយធ្វើដំណើថ្មើជើងប្រហែលជា ៥ទៅ៦ម៉ោងអាស្រ័យទៅលើអ្នកដំណើរដើរយឺត ឬដើរលឿន។

លោក« Pros Nix ប្រុសនិក »ដែលជាម្ចាស់ផេក ហើយក៏ជាអ្នកឡើងលើភ្នំនេះ បានប្រាប់ Sabay ឲ្យដឹងថា ចំពោះការឡើងភ្នំខ្នងព្រះនេះ គឺជាលើកទី១ ហើយចំពោះផ្លូវធ្វើដំណើរវិញ គឺដើរលើផ្លូវ ថ្មប្រហែលជា៨០% ដែលសម្បូរទៅដោយផ្ទាំងថ្ម មានទឹក ហើយផ្លូវខ្លះក៏តោងវរ័ដើរឡើងដែរ ។ ចំពោះការធ្វើដំណើរ គឺត្រូវតែមានអ្នកនាំផ្លូវឡើង ទើបអាចទៅរួច ព្រោះគ្រប់គ្នាមិនស្គាល់ផ្លូវនោះទេ ។

Pros Nix បានឲ្យដឹងទៀតថា តាមបងសហគមន៍ដែលជាអ្នកនាំផ្លូវភ្ញៀវគាត់ប្រាប់ថា ការឡើងលើភ្នំនេះគឺឡើងទៅបានតែខែអត់ភ្លៀងទេ ព្រោះបើខែភ្លៀងវិញគឺទៅអត់រួចដោយសារតែផ្ទាំងថ្មទាំងនោះរអិល ហើយមានទឹក ធ្វើអោយពិបាកឆ្លង និងដើរពីមួយកន្លែងទៅមួយកន្លែង។ ហើយបើនិយាយពីផ្លូវដើរឡើងវិញ មានទេសភាពស្អាត មានផ្ការព្រៃច្រើន ត្រជាក់តិចៗ មានខ្យល់ត្រសៀកៗតាមផ្លូវ ។ សម្រាប់ទេសភាពវិញ គឺស្អាតខ្លាំង មើលឃើញពីភ្នំមួយទៅភ្នំមួយទៀត បណ្តាក់ៗគ្នាចេញញជាស្រមោលៗ ហើយបើមើលថ្ងៃលិចវិញគឺស្អាតខ្លាំងណាស់ បើនិយាយពីអាកាសធាតុវិញ ត្រជាក់ខ្លាំង១៦អង្សាសេ ពេលរសៀលមិនសូវអីទេ រីឯថ្ងៃលិចវិញក៏ត្រជាក់គួរសមដែរ សំខាន់ខ្យល់បក់ខ្លាំង ឡើងប៉ើងតង់តែម្តង ។

លោកបានបន្តទៀតថា សម្ភារៈដែលយើងត្រូវយកទៅតាមខ្លួន ពេលឡើងភ្នំនោះ គឺយើងត្រូវយកស្រើមជើងវែងរឺខ្លី យករបស់ការពារខ្លួនពេលមូសខាំ ត្រូវមានស្រោមដៃព្រោះយើងត្រូវតោងដើមឈើច្រើនដើម្បីធ្វើដំណើរ ស្បែកជើងត្រូវការយកបាតស្អិតដែលអាចខាំថ្មជាប់កុំឲ្យរអិល ព្រោះត្រូវការដើរលើថ្មច្រើន តង់ យកភួយនិងខោអាវក្រាស់ រួមនិងស្បៀងផងដែរ ។ ប្រសិនបើចង់ឡើងភ្នំនេះ គឺយើងគួរតែចំណាយពេលពី ២យប់ទៅ៣យប់ទើបល្អ។

ចុងក្រោយ លោក Pros Nix បានផ្តាំផ្ញើរ ទៅកាន់បងប្អូនខ្មែរ ឲ្យទៅលេងភ្នំនេះ ដើម្បីបានដឹងពីតំបន់ធម្មជាតិបែបផ្សងព្រេងមួយនេះ ចង់ឲ្យអ្នកទាំងអស់គ្នាបានដឹងបានស្គាល់តំបន់ភ្នំនៅកម្ពុជាយើងមានអ្វីខ្លះ ទេសភាពស្អាតមិនចាញ់ស្រុកគេទេ ហើយក៏ជួយរកចំណូលឲ្យអ្នកសហគមន៍ដែលនៅតំបន់នោះព្រោះពេលខ្លះគាត់ពិបាករកការងារធ្វើដែរ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់