• 2021-02-15 08:25:05
  • ព័ត៌មាន

ខេត្ត៤ក្នុងចំណោមខេត្តទាំងអស់ មានភ្ញៀវទេសចរសម្រុកទៅលេងច្រើនជាងគេ ក្នុងថ្ងៃចូលឆ្នាំចិន

  • 2021-02-15 08:25:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ ប៉ះចំចុងសប្តាហ៍ (សុក្រ សៅរ៍ អាទិត្យ) លំហូរភ្ញៀវទេសចរផ្ទៃក្នុងមានភាពផុសផុលទូទាំងប្រទេស ហើយបងប្អូនប្រជាពលរដ្ឋមានឱកាសដើរកម្សាន្តក្នុងស្រុកច្រើន។ ទន្ទឹមនឹងនេះ ក៏នៅមានបងប្អូនប្រជាពលរដ្ឋខ្លះ នៅមិនទាន់ត្រលប់ចូលមករាជធានីភ្នំពេញវិញដែរ ហើយអាជីវកម្មមួយចំនួនក៏នៅបន្តបិទទ្វាររហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ ដោយតាមទំលាប់បងប្អូន ដែលជាប់សែស្រឡាយចិន ពួកគាត់ច្រើននៅបន្តដើរកម្សាន្តរហូតដល់ថ្ងៃស្អែកមួយថ្ងៃទៀត។

បើតាមរបាយការណ៍ពីមន្ទីរទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម រយៈពេល៣ថ្ងៃ (១២-១៤ ខែកុម្ភៈ ២០២១) កម្ពុជាទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៨៩២,៦៣៨ នាក់ ថយចុះ ២,២៣% ធៀបនឹងឆ្នាំ២០២០ ហើយខេត្ត ដែលមានភ្ញៀវទេសចរណ៍ទៅលេងច្រើនជាងគេ គឺខេត្តសៀមរាប កំពត កែប និងក្រុងព្រះសីហនុ ក្នុងនោះ៖

  • ភ្ញៀវជាតិប្រមាណ ៨៨០,៥៥៣ នាក់ កើនឡើង ៦,០៥% (ប្រៀបចូលឆ្នាំចិន ២០២០)

  • ភ្ញៀវបរទេសផ្ទៃក្នុង ប្រមាណ ១២,០៨៥ នាក់ ថយចុះ ៨៥,៤០% (ប្រៀបចូលឆ្នាំចិន ២០២០)

គោលដៅទេសចរណ៍សំខាន់ៗមួយចំនួនរយៈពេល៣ថ្ងៃនេះ រួមមាន៖

  • រាជធានីភ្នំពេញ ១១៨,៥០២នាក់
  • ខេត្តសៀមរាប ១១៧,៧៨៩ នាក់
  • ខេត្តកំពត ១០២,០២៦នាក់
  • ខេត្តកែប ៩២,៨០៤ នាក់
  • ខេត្តព្រះសីហនុ ៨២,០៦៥នាក់
  • ខេត្តកណ្តាល ៧២,៥១០ នាក់
  • ខេត្តបាត់ដំបង ៦២,៤៦៤នាក់
  • ខេត្តកោះកុង ៣៥,២២៥ នាក់
  • ខេត្តកំពង់ស្ពឺ ២៩,៧៧០នាក់
  • ខេត្តពោធិ៍សាត់ ២៤,៧២៣នាក់។

តាមការវាយតំលៃបឋមបានឲ្យដឹងថា ការចំណាយរបស់ភ្ញៀវទេសចរ ហាក់មានកម្រិតទាបជាងពេលឈប់សម្រាកកន្លងមក ដោយពួកគាត់មួយចំនួនជ្រើសរើសការដើរកម្សាន្ត នៅគោលដៅជិតៗ ចេញទៅពេលព្រឹក ហើយត្រឡប់មកវិញពេលល្ងាច) ការដើរកម្សាន្តជាក្រុមគ្រួសារ និងខ្លះទៀតបានរៀបចំម្ហូបអាហារ ដែលសល់ពីការសែនមកតាមខ្លួនខ្លះ។ ទោះយ៉ាងណា លំហូរភ្ញៀវទេសចរ ទៅគ្រប់គោលដៅទេសចរណ៍ នៅតាមបណ្តារាជធានី-ខេត្ត នៅតែជាចលករសំខាន់ ក្នុងការទ្រទ្រង់វិស័យទេសចរណ៍មួយផ្នែក និងបង្កើតប្រាក់ចំណូល ទៅដល់បងប្អូនប្រជាជននៅតាមមូលដ្ឋាន និងវិស័យឯកជនផងដែរ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់