• 2021-03-03 09:13:49
  • ព័ត៌មាន

ប្រសើរណាស់! អាជ្ញាធរជាតិអប្សរា បណ្ដុះបណ្ដាលអ្នកបន្តវេនជំនាន់ក្រោយ ឱ្យថែរក្សាតំបន់អង្គរ

  • 2021-03-03 09:13:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គរ ជាដួងព្រលឹង និង អត្តសញ្ញាណជាតិ បានក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅឆ្នាំ១៩៩២ ។ តាំងពីពេលនោះមករហូតដល់បច្ចុប្បន្ន ក្រៅតែពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពតំបន់អង្គរ ការបណ្តុះបណ្តាលអ្នកបន្តវេនថែរក្សាអង្គរត្រូវបានចាត់ទុកជាកិច្ចការអាទិភាពយ៉ាងសំខាន់ ។

អាជ្ញាធរជាតិអប្សរាបានរំលេចនូវការងាររបស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរ ដែលជាផ្នែកមួយដើរតួយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាល ពង្រឹងចំណេះដឹងដល់ធនធានយុវជនជំនាន់ក្រោយ ទាក់ទងនឹងកិច្ចការអភិរក្ស ការអភិវឌ្ឍ ទំនៀមទម្លាប់ ប្រពៃណី សាសនា របកគំហើញថ្មីៗ ដែលស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ។ ជាក់ស្តែង ក្នុងឆ្នាំ២០២០ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរបានរៀបចំវគ្គបណ្តុះបណ្តាលចំនួន ១៨ វគ្គក្នុងន័យចែករំលែកបទពិសោធន៍ ក៏ដូចជាផ្ទេរចំណេះដឹងពីអ្នកចេះច្រើន ដល់អ្នកចេះតិច ដើម្បីនិរន្តរភាពអ្នកបន្ដវេន។

វគ្គបណ្ដុះបណ្ដាលទាំងនោះរួមមានប្រធានបទទាក់ទងនឹងវិស័យបេតិកភណ្ឌ ការអភិរក្ស ប្រវត្តិសាស្រ្ដ ទំនៀមទម្លាប់ សាសនា ក៏ដូចជាការរកឃើញរបកគំហើយថ្មីៗដែលមាននៅក្នុងតំបន់រមណីយដ្ឋានអង្គរដោយការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក និងសាធារណៈជនជាសិក្ខាកាមសរុបប្រមាណ ៧១៥នាក់។

បន្ថែមពីនោះ មជ្ឈមណ្ឌលបានរៀបចំបាឋកថា ដែលមានវាគ្មិនជាច្រើនរូបចូលរួម និងបានចែករំលែកចំណេះដឹង បទពិសោធន៍ដល់មន្រ្តី បុគ្គលិកអាជ្ញាធរជាតិអប្សរា មគ្គុទ្ទេសក៍ សាធារណៈជន និងអ្នកស្រាវជ្រាវដែលកំពុងបំពេញភារកិច្ចក្នុងតំបន់អង្គរបានចំនួន ៤បាឋកថា សរុបមានសិក្ខាកាមចំនួន ២០០នាក់៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់