• 2021-03-25 10:00:37
  • ព័ត៌មាន

ទិវាមួយម៉ោងសម្រាប់ភពផែនដី ផ្តោតសារៈសំខាន់លើភាពចាំបាច់នៃសកម្មភាពរួមគ្នាការពារធម្មជាតិជាផ្ទះរួមរបស់យើង

  • 2021-03-25 10:00:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅឆ្នាំនេះទិវាមួយម៉ោងសម្រាប់ភពផែនដីត្រូវបានរៀបចំឡើងដោយមានកម្មវិធីលើប្រព័ន្ធឌីជីថល(បណ្តាញសង្គមអនឡាញ) ក្នុងស្មារតីរួមសាមគ្គីភាពជាមួយប្រជាជនទាំងអស់នៅទូទាំងប្រទេសកម្ពុជា និងលើពិភពលោក។ ក្នុងស្ថានភាពដ៏លំបាកនៃវិបត្តិជំងឺឆ្លង​កូវីដ១៩នាពេលបច្ចុប្បន្ន ក្រសួង​បរិស្ថាន យុវផែនដី អង្គ​ការ​ WWF ក្រុមហ៊ុនSabay ក្រុមហ៊ុនទូរគមនាគមន៍ Smart Axiata ដេប៉ាតី​ម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង(DMC) ក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូត(AYC) និង​អេកូយុវទូត (YEA) នៅតែរួមសាមគ្គីជានិច្ចជាមួយប្រជាជនកម្ពុជា និងពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លង​កូវីដ១៩ ដើម្បីការពារប្រជាជន និងភពផែនដីរបស់យើង។​

ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន បានក្រើនរឭកថា​៖«ពេលនេះគឺជាពេលវេលាដែលឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់អំពីសារៈសំខាន់និងចំណងភ្ជាប់រវាងធម្មជាតិនិងជីវៈចម្រុះ ទៅនឹងការរស់រាន និងសុខុមាលភាពរបស់យើងទាំងអស់គ្នា។ ឯកឧត្ដម បានពន្យល់បន្ថែមថា៖«ព្រៃឈើគឺជាសួតសម្រាប់ចម្រោះនូវបរិយាកាសកខ្វក់ ដែលជាធាតុមួយដ៏សំខាន់នៃធនធានធម្មជាតិ។ ព្រៃឈើមានតម្លៃខ្ពស់មិនអាចប៉ាន់ប្រមាណបានលើផ្នែកថែរក្សាការពារ លំនឹងបរិស្ថានធម្មជាតិ ធ្វើឱ្យអាកាសធាតុមានភាពកាន់តែប្រសើរឡើង ធ្វើឱ្យខ្យល់បរិសុទ្ធ រក្សាបាននូវនិយ័តភាពប្រភពទឹក ការពារទីជម្រាល និងជីវៈចម្រុះ។ ព្រៃឈើជាប្រភពការពារផែនដីយើង និងជីវិតយើង។ ដូច្នេះយើងទាំងអស់គ្នាត្រូវទទួលស្គាល់នូវអន្តរទំនាក់ទំនងរវាងគុណភាពនៃធម្មជាតិនឹងសុខភាព និងសុខុមាភាពរបស់មនុស្សជាតិ»។

ឯកឧត្ដមរដ្ឋលេខាធិការ បានមានប្រសាសន៍បន្ថែមទៀតថា៖«រាល់សកម្មភាពចូលរួមទាំងអស់ ទោះបីតិច ឬច្រើនដែល អនុលោមតាមច្បាប់ ប្រកបដោយការទទួលខុសត្រូវ និងភាពស្មោះត្រង់ គឺសុទ្ធតែមានប្រយោជន៍ទាំងអស់ ដើម្បីជាការចូលរួមចំណែកក្នុងការថែរក្សានិងការពារសម្បត្តិធនធានធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជារបស់យើងឲ្យនៅស្ថិតស្ថេរគង់វង្ស និងជួយទប់ស្កាត់ឲ្យបានកុំឲ្យជីវៈចម្រុះបាត់បង់ ក៏ដូចជាជួយកាត់បន្ថយនូវហេតុប៉ះពាល់ដែលកើតចេញពីការប្រែប្រួលអាកាសធាតុ សម្រាប់ជាប្រយោជន៍ដល់មនុស្ស និងធម្មជាតិ»។

ក្រោមប្រធានបទ «ផ្តល់ក្តីស្រលាញ់ដល់ធម្មជាតិ» ទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំនេះផ្តោតការបញ្ជៀ្របចំណេះដឹងអំពីអត្ថប្រយោជន៍របស់ធម្មជាតិ ហើយលើកទឹកចិត្តឲ្យមានការសន្ទនាជាទូទៅនៅលើប្រព័ន្ធឌីជីថល (អនឡាញ) អំពីសារៈសំខាន់ ក្នុងការជួយទ្រទ្រង់ជីវិតរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា និងស្វែងយល់បន្ថែមអំពីកត្តាគំរាមកំហែងនានាដែលកំពុងកើតមានឡើងជាប្រចាំចំពោះបរិស្ថានធម្មជាតិរបស់យើង។

សម្រាប់ការចូលរួមឆ្នាំនេះ កញ្ញា មាស សុខសោភា ជាតារាចម្រៀងល្បីនៅព្រះរាជាណាចក្រកម្ពុជា បានផ្តល់សំឡេងដល់ធម្មជាតិ និងបានចែករំលែកសារអំពីបរិស្ថានលើបណ្តាញសង្គម(អនឡាញ) ហើយបានអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ចូលរួមចំណែកធ្វើសកម្មភាពប្រតិបត្តិមេត្រីភាពបរិស្ថានសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគេទាំងអស់គ្នា។

កញ្ញាសុខសោភា បាននិយាយថា៖ «នៅក្នុងពេញមួយជីវិតរបស់យើង យើងម្នាក់ៗមិនអាចធ្វើសុទ្ធតែរឿងធំសំខាន់ៗបានទាំងអស់នោះទេ។​ ប៉ុន្តែយើងទាំងអស់គ្នាអាចប្តេជ្ញាចិត្តដើម្បីផ្តល់ការរួមចំណែកតាមរយៈសកម្មភាពតូចៗ ទាំងដោយក្តីស្រលាញ់ពេញចិត្ត សម្រាប់ជាប្រយោជន៍ដល់ធម្មជាតិ និងយើងទាំងអស់គ្នា»។

លោក សេង ទៀក នាយកអង្គការ WWF បានពន្យល់ថា៖ «កិច្ចសហការនិងភាពជាដៃគូក្នុងយុទ្ធនាការលើប្រព័ន្ធឌីជីថល(អនឡាញ) នៃទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំនេះមានលក្ខណៈពិសេសថ្មី ប្រកបដោយឥទ្ធិពល ដោយបានការចូលរួមយ៉ាងផុលផុសពីយុវជនកម្ពុជា។ នេះជាស្មារតីមួយដែលផ្តល់នូវក្តីសង្ឃឹម ក៏ដូចជាការទឹកចិត្តដល់យើង និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងការសហការរួមគ្នា ដើម្បីថែររក្សា និងការពារធម្មជាតិ ទន្លេ ព្រៃឈើ ព្រមទាំងជីវៈចម្រុះដ៏ស្រស់ស្អាត និងមានតម្លៃ ជាសកលរបស់កម្ពុជា ក៏ដូចជាចូលរួមគាំទ្រដល់ការអភិវឌ្ឍសង្គមប្រកបដោយនិរន្តរភាព ដែលជាទីកន្លែងដែលមនុស្សរស់នៅយ៉ាងសុខដុមជាមួយធម្មជាតិ»។   លោកនាយក បានបន្ថែមថា៖ «យើងម្នាក់ៗសុទ្ធតែមានតួនាទីក្នុងចូលរួមការពារធម្មជាតិ បរិស្ថាន និងធនធានសត្វព្រៃរបស់កម្ពុជាយើងសម្រាប់ជាប្រយោជន៍ដល់មនុស្សជំនាន់បច្ចុប្បន្ន និងសម្រាប់ទៅថ្ងៃអនាគតជាច្រើនជំនាន់ទៀត»។ លោកបានអំពាវនាវទៀតថា៖ «សូមចូលរួមផ្តល់សំឡេង និងប្តេជ្ញាធ្វើសកម្មភាពជាវិជ្ជមាន សម្រាប់ធម្មជាតិចាប់ពីពេលនេះ!»

កញ្ញា ឈុំ ពុទ្ធាវី ប្រធានក្រុមយុវផែនដី និងជានិស្សិតនៃដេប៉ាតឺម៉ង់វិទ្យាសាស្ត្របរិស្ថាននៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាន និងកំពុងអង្កេតឃើញការកើនឡើងនូវអត្រានៃការចូលរួមរបស់យុវជនកម្ពុជា ក្នុងកិច្ចសន្ទនាស្តីពីបរិស្ថាន ការចូលរួមក្នុងសកម្មភាពនៃការអភិរក្សជីវៈចម្រុះរបស់ប្រទេសកម្ពុជា ក៏ដូចជាការចូលរួមរបស់ពួកគេក្នុងសកម្មភាពផ្សព្វផ្សាយស្តីអំពីបរិស្ថានផ្សេងៗទៀត។

កញ្ញា ពុទ្ធាវី បាននិយាយថា៖ «ខ្ញុំប្តេជ្ញាចិត្តក្នុងការធ្វើសកម្មភាពជាវិជ្ជមានដើម្បីការពារបរិស្ថានដែលជាផ្ទះរួមរបស់យើងទាំងអស់គ្នា ហើយសូមទឹកចិត្តដល់យុវជនទាំងអស់ឲ្យចូលរួមជាមួយនាងខ្ញុំ និងជាមួយប្រជាជនកម្ពុជានិងនៅលើពិភពលោកដទៃទៀត ក្នុងការរួមគ្នាធានានូវអនាគតមួយប្រកបដោយនិរន្តរភាព និងចូលរួមស្វែងរកដោះស្រាយចំពោះការប្រែប្រួលអាកាសធាតុ ហើយរួមគ្នាបញ្ជៀសការបាត់បង់ធម្មជាតិរបស់យើង»។

សម្រាប់វិស័យឯកជន យុទ្ធនាការនេះជាវេទិកាមួយដ៏ប្រសើរសម្រាប់ពួកគេចូលរួមជាផ្នែកនៃដំណោះស្រាយចាំបាច់នានាសម្រាប់ការកសាងសង្គមប្រកបដោយសុខភាព សុខុមាលភាពល្អប្រសើរ និងមាននិរន្តរភាព ដោយផ្តល់ជាអត្ថប្រយោជន៍ត្រលប់វិញដល់ធម្មជាតិ និងប្រជាជនសហគមន៍ដែលពួកគេបានផ្តល់សេវាធុរៈកិច្ចទៅឲ្យនោះ។

លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay ឌីជីថល (Sabay Co. LTD) បានមានប្រសាសន៍ថា៖ «គុណតម្លៃនៃធម្មជាតិ និងទំនាក់ទំនងរបស់វាជាមួយសុខុមាលភាពរបស់ប្រជាជន និងសង្គមយើង បានលេចចេញមកយ៉ាងច្បាស់ ហើយបានក្រើនរឭកអំពីគ្រោះថ្នាក់ដែលមនុស្សជាតិអាចនឹងប្រឈមនៅថ្ងៃខាងមុខ ប្រសិនបើយើងមិនព្យាយាមធ្វើសកម្មភាពឲ្យបានច្រើនគ្រប់គ្រាន់ ដើម្បីការពារប្រព័ន្ធអេកូឡូស៊ីធម្មជាតិរបស់កម្ពុជា និងភពផែនដីរបស់យើង នាពេលបច្ចុប្បន្នទេនោះ»។

លោក សិលា បានបន្ថែមទៀតថា៖ «រាល់សកម្មភាពតូច ឬធំ គឺសុទ្ធតែមានប្រយោជន៍ទាំងអស់! ខ្ញុំប្តេជ្ញាចិត្តក្នុងការធ្វើសកម្មភាពជាវិជ្ជមានសម្រាប់ធម្មជាតិ។ សូមចូលរួមធ្វើសកម្មភាពរួមគ្នា ដើម្បីផ្តល់អនាគតមួយប្រកបដោយនិរន្តរភាពសម្រាប់កូនចៅរបស់យើង និងមនុស្សច្រើនជំនាន់ទៅមុខទៀត»។

លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បាននិយាយថា៖ «សហគមន៍នៅកម្ពុជាកាន់តែច្រើនឡើងបានផ្តល់តម្លៃខ្ពស់ដល់ធម្មជាតិ ស្របនឹងការយល់ដឹងពីបរិស្ថានកាន់តែកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែខ្ញុំសូមចូលរួមលើកទឹកចិត្តបន្ថែមទៀតដល់បណ្តាក្រុមហ៊ុន វិស័យឯកជន ក្រុមគ្រួសារ និងប្រជាជននៅកម្ពុជាក្នុងការផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតដល់កិច្ចការពារបរិស្ថាន និងនិរន្តរភាពនៃធម្មជាតិដែលជាផ្ទះរួមរបស់យើង»។

លោក Thomas បានបន្ថែមទៀតថា៖ «ក្នុងទិវាមួយម៉ោងសម្រាប់ភពផែនដី សូមចូលរួមជាមួយខ្ញុំក្នុងការផ្តល់សំឡេងដល់ធម្មជាតិ និងបន្តធ្វើសកម្មភាពជាវិជ្ជមានក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងម្នាក់ៗដើម្បីការពារធម្មជាតិដែលគាំទ្រដល់សុខភាពសុភមង្គល និងភាពរីកចម្រើនរបស់យើងទាំងអស់គ្នា»។

នៅថ្ងៃសៅរ៍ទី ២៧ ខែមីនា ចាប់ពីម៉ោង ៨៖៣០នាទី ដល់ ៩៖៣០នាទី យប់ ខាងមុខនេះ ប្រជាជនកម្ពុជានឹងចូលរួមក្នុងទិវាមួយម៉ោងសម្រាប់ភពផែនដី ពីផ្ទះរៀងៗខ្លួន។ ​សូមកុំ​ភ្លេច​រង់​ចាំ​តាម​ដាន​ទស្ស​នា​កម្ម​វិធី​ពិ​ភាក្សាលើ​ប្រធានបទស្តីអំពី​៖​​ «ផ្តល់ក្តីស្រលាញ់ដល់ធម្មជាតិ» ​ដែល​នឹង​ចាក់​ផ្សាយ​ផ្ទាល់​លើទំព័រ​​ហ្វេស​បុកផ្លូវការរបស់ Earth Hour Cambodia Facebook Page នៅ​ម៉ោង​ ៧.០០ យប់ ថ្ងៃ​សៅរិ៍ ទី​២៧ ខែ​មីនា ឆ្នាំ​២០២១។

សូមចូលរួមបិទភ្លើងអគ្គិសនីរយៈពេលមួយម៉ោង ជាមួយយើងខ្ញុំ នៅថ្ងៃសៅរ៍ទី ២៧ ខែមីនា នាវេលា ម៉ោង ៨៖៣០នាទី យប់ ខាងមុខនេះ ពីផ្ទះរបស់អ្នករៀងៗខ្លួន ដើម្បីបង្ហាញការប្តេជ្ញាចិត្តអ្នកចំពោះនិរន្តរភាពបរិស្ថាន និងភពផែនដីយើង។


Media contact: Mr TEP Asnarith, Mobile and Telegram: 012 957 919 Earth Hour Cambodia’s Digital Campaigning with the Ministry of Environment, Youth Earth, WWF, Sabay Digital, Smart Axiata, Department Media and Communications of RUPP, the U.S. Ambassador's Youth Council, and Young Eco Ambassador.

មតិយោបល់