• 2021-03-29 07:22:16
  • ព័ត៌មាន

«ទិវាច្បារអំពៅ​» យុទ្ធនាការផ្សព្វផ្សាយ ពីអនាម័យ​ បរិស្ថាន ច្បាប់ចរាចរណ៍ ការអប់រំ កីឡា និងសុខភាព

  • 2021-03-29 07:22:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ទិវាច្បារអំពៅ​» ជាកម្មវីធីមួយដែលបង្កើតឡើងដោយ សភាយុវពាណិជ្ចករអន្តរជាតិ-កម្ពុជា សាខាច្បារ អំពៅ ហើយធ្វើឡើងនេះគឺតាមរយៈយុទ្ធនាការ ធ្វើការផ្សព្វផ្សាយរួមគ្នាចែកលំលែក ដើម្បីពលរដ្ឋ សហគមន៍ តំបន់ច្បារអំពៅឲ្យកាន់តែល្អប្រសើរ ឡើងលើអនាម័យនិងបរិស្ថាន ច្បាប់ចរាចរណ៍ ការអប់រំ កីឡា និងសុខភាព ច្បារអំពៅក្លាយជាសហគមន៍គំរូ ក្នុងរាជធានីភ្នំពេញ។

កញ្ញា អ៊ុយ អ៊ែលណា ប្រធានយុវពាណិជ្ជករកម្ពុជា សាខាច្បារអំពៅ ឆ្នាំ២០២១ បានឲ្យដឹងថា៖ «ទិវាច្បារអំពៅ​» ដែលនឹងគ្រោងធ្វើនៅក្នុងតំបន់ច្បារអំពៅរយៈពេល១ខែដោយចាប់ផ្តើមពីថ្ងៃទី ០8 ខែមីនា ឆ្នាំ២០២១ ដល់ 06 ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអំពី អនាម័យ និងបរិស្ថាន ច្បាប់ចរាចរណ៍ ការអប់រំ កីឡា និងសុខភាពជាដើម ដើម្បីជាលំនាំនៃឧទាហរណ៍មួយក្នុងការលើកទឹកចិត្ត សម្រាប់ប្រជាជន និងម្ចាស់អាជីវកម្មនានា នៅក្នុងសហគមន៍តបន់ច្បារអំពៅ ចូលចំណែកអនុវត្តទាំងអស់គ្នា។ កញ្ញាប្រធាន បានបន្តថា៖ គឺផ្តោតសំខាន់លើប្រធានបទ៤ធំៗ គឺ៖

១-សុវត្ថិភាពការធ្វើដំណើរ៖

ការពារសុវត្ថិភាពខ្លួនអ្នក និងក្រុមគ្រួសារអ្នក នៅលើដងវិថី គឺជាកាតព្វកិច្ចរបស់អ្នកទាំងអស់គ្នា។ ពាក់មួកសុវត្ថិភាពឲ្យកូនៗរបស់អ្នក ដើម្បីការពារជីវិតក្រុមគ្រួសារអ្នក។ ដូច្នេះបងប្អូនអាចចូលរួមជាមួយយើង ក្នុងទិវាច្បារអំពៅ ដើម្បីជំរុញការពាក់មួកសុវត្ថិភាពរបស់បងប្អូនផ្សេងទៀត លើដងវិថីរួមគ្នាដើម្បីកាត់បន្ថយការរងគ្រោះដោយសារធ្វើដំណើរមិនពាក់មួកសុវត្ថិភាព។

២-ការអប់រំ៖

ចំណេះជាអាហារ ហូបយ៉ាងណាក៏មិនចេះអស់! ការបង្ហាត់បង្រៀនទាំងចំណេះដឹង និងចំណេះធ្វើទៅដល់កុមារនៅផ្ទះ ប្រៀបបានជានឹងការត្រួសត្រាយផ្លូវ ឲ្យកូនៗរបស់លោកអ្នកយល់ដឹងពីបរិយាកាសខាងក្រៅ របៀបសម្របខ្លួនទៅតាមកាលៈទេសៈ ក៏ដូចជាការផ្តល់ទុនមួយឲ្យទៅពួកគេដោយចាយមិនចេះអស់។ ជាមួយនឹង ទិវាច្បារអំពៅ ពួកយើងមានគោលបំណងចង់ឲ្យឪពុកម្ដាយគ្រប់រូបចេះបង្ហាត់បង្រៀនទាំងចំណេះដឹងនិងស្មារតីទៅដល់កូនៗរបស់ខ្លួនដើម្បីឲ្យពួកគេមានភាពរឹងមាំកាន់តែខ្លាំងជាងមុន។ ទាំងអស់គ្នាដើម្បីលើកកម្ពស់ការអប់រំរបស់កុមារ និងដើម្បីឱ្យពួកគេក្លាយទៅជាបុគ្គលជោគជ័យមួយរូប នៅថ្ងៃអនាគត។

៣-ការថែរក្សាបរិស្ថាន និងអនាម័យ៖

គោលបំណងចង់ឲ្យតំបន់ច្បារអំពៅ ប្រជាជននៅក្នុងតំបន់ ក្នុងក៏ដូចជាប្រជាជនជុំវិញតំបន់ច្បារអំពៅ មាន បរិស្ថាន ស្អាត ទទួលបាននូវអាកាសធាតុ និងអុកស៊ីសែនល្អសម្រាប់ដកដង្ហើម និងជាពិសេសដើម្បីធានាបាននូវសុខភាពល្អ ជៀសឆ្ងាយពីជម្ងឺផ្សេងៗ ដែលបណ្តាលមកពី បរិស្ថានមិនស្អាត។ យើងរួមគ្នាសំអាតសំរាមទាំងអស់គ្នាឲ្យបានល្អ វេចខ្ចប់សំរាមឲ្យបានល្អ ត្រូវចេះបែងចែក សំរាមតាមប្រភេទនីមួយៗ រួចយកទុកដាក់ក្នុងធុងសំរាម ស្តុកទុកនៅកន្លែងងាយស្រួលដល់បងប្អូនអ្នកប្រមូល សំរាម។

៤- សុខភាព និង កីឡា៖

គឺជាកត្តាសំខាន់ណាស់ សម្រាប់មនុស្សយើងម្នាក់ៗ មិនថាមនុស្សចាស់ យុវវ័យ កុមារ នោះទេនិយាយជារួមគឺគ្រប់គ្នាត្រូវការនូវសុខភាពល្អ។ មានអ្វីៗជាច្រើន តែបើសុខភាពល្អ នោះគ្រប់យ៉ាងគឺលែង សមប្រកបហើយ។ គឺបានន័យថាអ្វីៗកន្លងមកដែលយើងខិតខំប្រឹងប្រែង នឹងត្រូវទៅជាអាសារបង់ជាក់ជាមិនខានឡើយ ហេតុនេះសូមនាំគ្នាហាត់ប្រាណដើម្បីសុខភាព នាំមនុស្សជាទីស្រឡាញ់របស់យើងទៅហាត់ប្រាណ គឺបានសុខភាពល្អ បានរាងស្អាតហើយ បាននូវការទំនាក់ទំនងល្អថែមទៀត។

ជាចុងក្រោយកញ្ញាប្រធានបានអំពាវនាវដល់ បងប្អូនពលរដ្ឋ អាជីវករ យុវជន យុវសិស្ស សហគមន៍ច្បារអំពៅ រួមគ្នាធ្វើ រួមគ្នាចែករំលែក គឺត្រូវធ្វើទាំងអស់គ្នាដើម្បីច្បារអំពៅយើងក្លាយជាសហគមន៍គំរូល្អ ក្នុងរាជធានីភ្នំពេញ។

សូមបញ្ជាក់ផងដែរសម្រាប់គម្រោងមួយនេះត្រូវបានឧបត្តម្ភដោយ ក្រុមហ៊ុន Gold Financial Global Investment Co., Ltd., សាលាភាសាអង់គ្លេសលីដឺលែន, ក្រុមហ៊ុន វីអាយភី ខេម ខូអបភើរេសិន, ក្រុមហ៊ុនសេវាកម្មដឹកជញ្ជូន ដឹកKH និងទទួលបានឧបត្តម្ភផ្នែកផ្សព្វផ្សាយដោយ ក្រុមហ៊ុន Zoom Design, ក្រុមហ៊ុន Bravo Event Arrangement Co., Ltd., ក្រុមហ៊ុន OOM, ក្រុមហ៊ុន Sabay Digital, កាសែតកោះសន្តិភាព, និងកាសែតដើមអំពិល។

ជាពិសេសសូមអរគុណទៅដល់ក្រុមសិល្បៈកដែលបានចូលរួមជាមួយសកម្មភាពនេះមានដូចជា កញ្ញា សាឡាត់ ស្រីឡាង, លោក ពុធ មិថុនា, កញ្ញា គៀត សុវណ្ណាឡាង, លោក ហេង វាសនា, Mr. Rainnie Dara, Linna Sun៕

មតិយោបល់