• 2021-04-12 07:44:58
  • ព័ត៌មាន

ខ្លឹមសារនៃពាក្យ «សិរី» នៃកបិលមហាព្រហ្មចោទបញ្ហាអំពីសិរីចំពោះធម្មបាលកុមារ

  • 2021-04-12 07:44:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាល់ពេលចូលឆ្នាំថ្មី រឿងកបិលមហាព្រហ្ម ដែលចោទបញ្ហាអំពីសិរី ចំពោះធម្មបាលមាណព គេតែងលើកឡើងមកសម្ដែងជាសាធារណៈអស់កាលយូរលង់ណាស់មកហើយ តើយើងចាំភ្លឹកនឹកនាដល់ន័យដ៏មានខ្លឹមសាររបស់ពាក្យថា «សិរី» នេះដែរឬទេ? បើបាននឹកនាដែរតើអ្វីទៅដែលហៅថា សិរី?

ពាក្យថា «សិរី» នេះបើនិយាយឲ្យខ្លីថា អ្វីៗដែលជាប៉ែកខាងល្អប្រសើរហៅថាសិរីទាំងអស់ ព្រោះតាមវចនានុក្រមខ្មែរបានបញ្ជាក់ថា សិរី គឺលម្អ លម្អដែលគួរឲ្យស្រលាញ់ សួស្ដី ស្រីសួស្ដី មង្គល ជោគ សេចក្ដីសុខ សេចក្ដីចម្រើន បុណ្យ បុណ្យភ័ព្វ ភ័ព្វព្រេង សំណាងល្អ ទ្រព្យ ការមានបាន លាភ ឥស្សរភាព តេជះ អំណាច រាជស័ក្តិ ទិព្វស័ក្ដិ ភគវតី លក្សី ។ល។

ដូច្នេះគប្បីយល់ថា បានជាព្រះព្រហ្ម លើកយកសិរីមកចោទសួរមនុស្ស ព្រោះសិរីនេះអាចចាត់ទុកបានថា ជានិមិត្តរូបនៃឥស្សរភាព របស់មនុស្សលោកហ្នឹងឯង។

រីឯអត្ថន័យខាងចម្លើយ របស់ធម្មបាលមាណព ដែលលើកយក«ទឹក»មកឲ្យឈ្មោះថាជា សិរី ដើម្បីឆ្លើយតបនឹងចំណោទមហាព្រហ្មនោះ បានសេចក្ដីថា «សិរី» ពេលព្រឹកស្ថិតនៅត្រង់មុខ ព្រោះមនុស្សតែងភ្ញាក់ឡើងពីដេក ហើយយកទឹកលុបមុខរៀងរាល់ព្រឹក ។

ពេលថ្ងៃត្រង់ស្ថិតនៅដើមទ្រូង ព្រោះមនុស្សកាលណាក្ដៅខ្លាំង តែងយកទឹកមកលាបដើមទ្រូង ពេលល្ងាចស្ថិតនៅត្រង់ជើង ព្រោះមនុស្សតែងយកទឹកលាងជើងមុនទើបចូលដំណេក។

បានសេចក្ដីថា បើទឹកទៅទទឹកនឹងអវយវៈណាសិរី ក៏ស្ថិតនៅទីនោះដែរ ពោលគឺទឹកជា «សិរី» ដោយសារទឹកគឺជារបស់ចាប់បាច់បំផុតសម្រាប់ជីវិតមនុស្សលោកដែលមិនអាចខ្វះបាន ហើយម្យ៉ាងទឹកដែលចាត់ទុកជា«សិរី»នេះ សំដៅយកទឹកចិត្តដ៏ត្រជាក់របស់មនុស្សយើងផងដែរ៕

ប្រភពដកស្រង់ចេញពី៖ សៀវភៅទំនៀមទម្លាប់ ប្រពៃណី និងសាសនា រៀបរៀងដោយ លោក ឆាយ ការ៉ាណូ (អតីតមន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

អត្ថបទ៖ Su in

មតិយោបល់