• 2021-06-11 04:09:37
  • ព័ត៌មាន

ស្រីៗចង់ឡើងភ្នំផ្សងព្រេង កុំអំពល់ទុក្ខជាមួយនឹងរឿង ៥យ៉ាងនេះ ប្រយ័ត្នយំពេញព្រៃ

  • 2021-06-11 04:09:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រីៗដែលមានចំណូលចិត្តឡើងភ្នំ ឬ ចង់ភ្លក់រសជាតិឡើងភ្នំដំបូងៗ គួរតែបានដឹងថា គួរត្រៀមអ្វីខ្លះ ហើយអ្វីខ្លះដែលមិនគួរត្រៀម ព្រោះមិនមែនជារបស់ដែលចាំបាច់។ ការឡើងភ្នំ មិនមែនចេះតែស្ពាយគ្រប់យ៉ាងឡើងនោះទេ ដោយសារទី១ អ្នកអាចនឹងស្តាយក្រោយ ព្រោះត្រូវសម្រេចចិត្តចោលរបស់ទាំងនោះតាមផ្លូវ ទី២ អ្នកត្រូវវេទនាខ្លួន ស្ពាយឡើងភ្នំហើយ ត្រូវស្ពាយចុះពីលើភ្នំមកវិញទៀត ទី៣ ពិបាកតែខ្លួនឯងទេ ព្រោះរបស់អ្នកស្ពាយយកទៅតាម អ្នកក៏ត្រូវតែមានទំនួលខុសត្រូវលើរបស់ទាំងអស់នោះ។ ចង់ដឹងថា របស់អ្វីខ្លះ ដែលស្រីៗយើង អត់គួរយកទៅតាម នៅពេលឡើងភ្នំ តោះ ទៅអានជាមួយគ្នា ៖

១.មិនគួរ វេចស្ពាយគ្រឿង Make Up តាមខ្លួន

ត្រង់នេះ ចង់សំដៅលើរបស់របរមួយចំនួនដូចជា ម៉ាស្ការ៉ា ម្សៅផាត់ កូល័ផាត់ថ្ពាល់​ ប្រដាប់គូរចិញ្ចើម .. ។ល។ តាមត្រង់ទៅ ដែលមិនចង់ឲ្យយកទៅ មិនមែនមិនចង់ឲ្យស្អាតទេ តែស្តាយរបស់ថ្លៃៗ ព្រោះដឹងច្បាស់ថាគ្រឿង Make Up ជាជីវិតរបស់ស្រីៗ។ អ្វីដែលអ្នកគួរដឹងពីចំណុចមួយនេះ ការរស់នៅជាមួយធម្មជាតិ សាកល្បងរស់នៅឲ្យបាន ២៤ម៉ោង ដោយគ្មានគ្រឿង Make Up នោះអ្នកនឹងដឹងថា ភាពស្រស់ស្អាតរបស់មនុស្សស្រី មិនមែនលើការតុបតែងខ្លួនតែមួយមុខនោះទេ។ របស់ដែលស្រីៗ គួរយកតាម ពេលឡើងភ្នំ មានដូចជា ហ្វូមលាងមុខ គ្រីមឬឡេការពារកំដៅថ្ងៃ (ដបតូចៗ) ក្រែម (១បំពង់កុំឲ្យមើលទៅស្លេកស្លាំងខ្លាំងពេក) និងរបស់១ចំនួនទៀត គិតតាមការគួរចុះ។

២.មិនគួរ យកសម្លៀកច្រើនឈុតទៅតាម

ដំបូង អ្នកគួរតែបានដឹងថា អ្នកទៅប៉ុន្មានថ្ងៃ ហើយអ្នកចង់ស្លៀកអ្វី? ត្រង់នេះ បានន័យថា កុំចេះតែវេច ចេះតែដាក់ ហើយចាំជ្រើសរើសតាមក្រោយពេលទៅដល់លើភ្នំ អ្នកកំពុងគិតខុសហើយ។ នៅលើភ្នំ គ្មានទេ បន្ទប់ប្តូរសម្លៀកបំពាក់ ក៏គ្មានកញ្ចក់ឆ្លុះមើលរាង មួយវិញទៀត អ្នកដើររាប់ម៉ោងទម្រាំដល់គោលដៅ បើអ្នកវេចខោអាវដែលមិនចាំបាច់ទៅតាម អ្នកកំពុងធ្វើបាបខ្លួនហើយ ព្រោះអ្នកនឹងស្ពាយខោអាវមិនចាំបាច់ទាំងនោះឡើងភ្នំ ហើយក៏ស្ពាយចុះពីលើភ្នំវិញ ទាំងមិនបានស្លៀក។ សម្លៀកបំពាក់ដែលចាំបាច់ គួរជាខោអាវ១កំផ្លេរ ពាក់ទៅ, ១កំផ្លេរ ពាក់គេង និង ១កំផ្លេរ ពាក់មកវិញ , កន្សែងជូតខ្លួន (ស្តើងល្មម តែជក់ទឹក ឬជាក្រម៉ា ក៏បាន) និង ខោអាវតូចៗ គិតខ្លួនឯងទៅ ថា ប៉ុន្មានទើបគ្រប់។

៣. មិនគួរ ស្ពាយកាបូបច្រើន

ហាមផ្តាច់អារឿងអ៊ីវ៉ាន់រណេងរណោង ពេលឡើងភ្នំ។ អ្នកអាចនឹងដើរយឺតជាងគេ ប្រសិនបើអ្នករវល់តែរឿងកាចិបកាចុបហ្នឹង ពិសេសកាបូប ពីរបីម្នាក់ឯង។ ឡើងភ្នំមែនទែន កាបូបមួយដែលមានចំណុះ ៥០ ទៅ ៧០លីត្រ (សម្រាប់ទូទៅ) ត្រង់នេះ មិនកំណត់ទេ ព្រោះអាស្រ័យលើកម្លាំងរបស់អ្នកថា អាចទៅរួចបានប៉ុន្មានគីឡូ មិនអ៊ីចឹងអ្នកប្រាកដជាផ្សារខ្នងហើយ (ចំពោះការរៀបចំឥវ៉ាន់ក្នុងកាបូប នឹងលម្អិតជូន នៅអត្ថបទបន្ទាប់)។

៤. មិនគួរ យករបស់ញ៉ាំច្រើនជ្រុល

មិនយកគ្មានអីញ៉ាំ តែបើយកច្រើនជ្រុល ដឹងតែស្ពាយចុះពីភ្នំ ទៅផ្ទះវិញហើយ។ ឡើងភ្នំ ចង់ផ្សងព្រេង តែវេចគ្រប់សព្វ ចានផងកែវផង ថែមទាំង គ្រឿងស្ករ ប៊ីចេងទៀត ដូចវេចផ្ទះបាយហើយហ្នឹង។ អ្នកគួរតែកំណត់របស់ញ៉ាំដែលចាំបាច់ ជាអាហារទុកបានយូរមិនងាយខូច (ផ្អូម) អាហារស្រាលៗ ងាយៗ (អាចបរិភោគបានដោយមិនត្រូវការកំដៅដោយភ្លើង) ជាពិសេសជាអាហារដែលមិនមែនសំបកកំប៉ុងធំៗ ឬធ្ងន់ ព្រោះអ្នកត្រូវវេចកាកសំណល់ទាំងនោះចុះពីភ្នំទៅក្រោមវិញ (អ្នកមិនគួរបោះវាចោលនៅលើភ្នំ ឬតាមផ្លូវនោះទេ ) កាន់តែមិនអាចដុត (កាកសំណល់ខ្លះ)។

៥. អ្នកមិនគួរស្លៀកពាក់វាលខ្លាំង ហើយខ្លី

ស្លៀកយ៉ាងណាក៏ស្លៀកទៅឲ្យតែអាចឡើងភ្នំបានដូចគេដូចឯង។ ត្រង់នេះ អ្នកគួរតែបារម្ភពីសុខភាពស្បែករបស់អ្នក ព្រោះអ្នកត្រូវដើរកណ្តាលថ្ងៃក្តៅ ជួនក៏ត្រូវភ្លៀងពាក់កណ្តាលផ្លូវ ដើរៗបានបន្តិចក៏រាំង បើកថ្ងៃ (តាមមិនទាន់អាកាសធាតុភ្នំ) និយាយពីសត្វល្អិតវិញ តោងជាប់ដៃ និងជើង (រមាស់ក្រហមពេញស្បែក ចំពោះស្បែកដែលមិនសូវត្រូវកំដៅថ្ងៃ និងមិនស៊ាំជាមួយអាកាសធាតុភ្នំ។ ស្រម៉ៃទៅមើល៍ បើស្លៀកខ្លីៗ ហើយពាក់វៀលៗ អាណិតស្បែកកម្រិតណា។ មកវិញទឹកភ្នែកមិនខានឡើយ ៕

អត្ថបទបន្ទាប់ ៖ តិចនិកងាយៗ ដើម្បីសុំប៉ាម៉ាក់ឡើងភ្នំ

រូបភាពផ្តល់ដោយ ៖ Unseen Cambodia

អត្ថបទ ៖ មេខាឡា

មតិយោបល់