- 2021-06-28 06:44:09
- ព័ត៌មាន
មិនធ្លាប់ដឹងពីមុនសោះថា ចម្លាក់សត្វនាគមានអត្ថន័យជ្រាលជ្រៅបំផុតសម្រាប់វិស័យស្ថាបត្យកម្មខ្មែរ
- 2021-06-28 06:44:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធ្លាប់ដឹងពីមុនសោះថា ចម្លាក់សត្វនាគមានអត្ថន័យជ្រាលជ្រៅបំផុតសម្រាប់វិស័យស្ថាបត្យកម្មខ្មែរ
ចន្លោះមិនឃើញ
នាគជាសត្វដ៏អស្ចារ្យមួយដែលយើងធ្លាប់តែឮក្នុងរឿងព្រេងនិទាន និងទេវកថា។ ក្នុងទេវកថាវិទ្យាឥណ្ឌា-ខ្មែរ ប្រភេទនាគត្រូវបានកំណត់ដោយចំនួនក្បាល មិនតែប៉ុណ្ណោះទៀតសោត នាគទាំងនោះសុទ្ធសឹងតែមានឈ្មោះខុសៗគ្នា។ វត្តមានរបស់នាគទាំងនោះ ត្រូវបានគូសបញ្ជាក់តាមរយៈវិស័យសិល្បៈមុនដំបូងបង្អស់នៅអំឡុងសតវត្សទី១-៣ នៃគ.ស ជាសម័យកាលដែលនគរខ្មែរស្ថិតក្រោមឥទ្ធិពលវប្បធម៌ឥណ្ឌា។
និមិត្តរូបនៃសត្វអច្ឆរិយដ៏មានមហិទ្ធិឫទ្ធិទាំងនេះ មិនមែនពាក់ព័ន្ធតែទៅនឹងវិស័យសិល្បៈស្ថាបត្យកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ពាក់ព័ន្ធទៅនឹងជំនឿសាសនា រវាងព្រហ្មញ្ញសាសនា ទាំងព្រះពុទ្ធសាសនាផងដែរ ដែលត្រូវបានហូរចូលពីឥណ្ឌា ទៅក្នុងនគរខ្មែរបុរាណតាមរយៈលទ្ធិព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា។
ក្នុងរចនាបថខ្មែរ បុព្វបុរសខ្មែរតែងកសាងអ្វីមួយតែងតែមានអត្ថន័យជានិច្ច តួយ៉ាងការឆ្លាក់រូបនាគមានក្បាលច្រើនជាលេខគត់សេស ដែលជានាគតំណាងឱ្យភាពរស់រានមានជីវិត ចំណែកនាគដែលមានជាលេខគត់គូវិញជានាគតំណាងឱ្យនាគស្លាប់ ហេតុនេះហើយបានជាតាមប្រាសាទបុរាណខ្មែរនាគតែងមានក្បាលចំនួនបី ប្រាំ ឬប្រាំពីរ និងប្រាំបួន។
ចម្លាក់នាគជាសិល្បៈមួយ ដែលខ្មែរជំនាន់ដើម ចូលចិត្តឆ្លាក់នៅតាមប្រាសាទព្រោះ វាជាសត្វមានអំណាចរស់នៅក្នុងទឹក តំណាងភាពត្រជាក់ត្រជុំ។ ចម្លាក់នាគតំណាងឱ្យព្រះមហាក្សត្រខ្មែរ ដែលមានតំណវង្សពីព្រះនាងនាគ តំណាងឱ្យធាតុទឹក ដែលបានផ្តល់ភាពសម្បូររុងរឿង ត្រជាក់ត្រជុំ តំណាងឲ្យឆ្មាំការពារទេវឋាន សំណង់សាសនា ផ្ទះសម្បែងជាដើម។
អតីតព្រះមហាក្សត្រ នៅក្នុងសម័យអង្គរចាប់តាំងពីដើមសម័យអង្គរ ទើបមានស្ពាននាគរាជ ដែលស្តែងពីការបង្កើតថ្មី មួយដែលពុំធ្លាប់ពីមុន។ នៅប្រាសាទបាគង ប្រាសាទព្រះវិហារ និង កោះកេរ គេឃើញមាននាគរាជ ញី ឈ្មោល មួយគូអម ផ្លូវទាំងសងខាងទៅកាន់ប្រាសាទជាទីសក្ការៈ ។
នាគក្បាល១ ៖ នៅក្នុងសិល្បៈខ្មែរច្រើននិយមប្រើនាគក្បាលមួយដាក់លើចែងដំបូលព្រះវិហារក្នុងវត្តអារាម ព្រះបរមរាជវាំង និងទេវឋាន។ នាគក្បាលមួយជានិមិត្តរូបសេស មានន័យថាអ្វីៗក្នុងលោកដែលរលាយសាបសូត្រនៅសល់តែមួយគត់មានជីវិតអមតៈ ជ័យជម្នះ និងសុភមង្គល។
នាគក្បាល៣ ៖ នាគនេះមានឈ្នោះ កាល័យយ៉ា នេះមានតម្លៃក្នុងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនាផងដែរ។ ក្នុងសាសនាព្រហ្មញ្ញសាសនាតំណាងឱ្យលទ្ធិត្រីមុតគឺព្រះសិវៈ ឬព្រះឥសូរ ព្រះវិស្ណុ ឬព្រះនរាយណ៍ និងព្រះព្រហ្ម។ ១. ក្បាលនាគកណ្តាលតំណាងឱ្យទេវៈបំផ្លាញលោកគឺព្រះសិវៈ។ ២. ក្បាលខាងស្តាំតំណាងឱ្យទេវៈបង្កើតលោកគឺ ព្រះព្រហ្ម។ ៣. ក្បាលខាងឆ្វេងតំណាងឱ្យទេពការពារលោកគឺព្រះវិស្ណុ។ រីឯតាមជំនឿព្រះពុទ្ធសាសនាតំណាងឱ្យត្រៃរតនៈទាំងបីគឺព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ។
នាគក្បាល៥ ៖ នាគនេះតំណាងឱ្យទន្លេនៅឋានសួគ៌ទាំងប្រាំមានដូចជា ទន្លេគង្គា ទន្លេយមនៈ ទន្លេព្រហ្មបុត្រ ទន្លេសរស្វតី និងទន្លេព្រះគ្រឹស្ណៈ និងម្យ៉ាងទៀតតំណាងឱ្យកំពូលភ្នំសុមេរុ។
នាគក្បាល៧ ៖ តំណាងឱ្យសប្តាហ៍រាសីមានឈ្មោះពីភពទាំង៧និងតំណាងទេព ដែលគ្រប់គ្រងមហាសមុទ្រទាំង៧និងជួរភ្នំទាំង៧ដែលមានឈ្មោះថាសីទន្តរសត្តបរិភណ្ឌ។
នាគក្បាល៩ ៖ តំណាងឱ្យភាពអមតៈ៩ប្រការដែលមាន៩ទិស និងទេពថែរក្សាលោកតាមទិសនីមួយៗ។ ជាទូទៅចម្លាក់សត្វនាគបានបំពេញតួនាទីយ៉ាងសំខាន់ក្នុងអរិយធម៌ និងវប្បធម៌ខ្មែរ យ៉ាងណាមិញវាក៏បានបំពេញតួនាទីនិងជានិមិត្តរូបក្នុងសិល្បបុរាណ៕