• 2021-07-02 03:30:57
  • ព័ត៌មាន

ប្រវត្តិ និងគម្រោងការកែនខ្មោចដ៏រន្ធត់ព្រឺព្រួច របស់លោកតាឃ្លាំងមឿង

  • 2021-07-02 03:30:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​ផ្នូរ​លោក​ឧកញ៉ា​ឃ្លាំងមឿង និង​ជំទាវ​ខាន់ ​ខៀវ សព្វថ្ងៃ​ស្ថិត​នៅ​ក្នុងភូមិ​កំពែង​ស្វាយ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ចម្ងាយ​ប្រមាណ​ ៦​ គីឡូ​ម៉ែ​ត្រ​ពី​ទីរួមខេត្ត​ពោធិ៍សាត់ ។ រណ្ដៅ​ដែល​លោក​ឧកញ៉ា​ មឿង​ បាន​លោត​នោះ​គេ​បាន​រក្សា​ការពារ​ទុក​មក​ដល់​សព្វថ្ងៃ​ដោយ​ធ្វើ​ជា​អគារ​មួយ​មាន​ក្បាច់រចនា​ស្រស់​ស្អាត​គ្រប​ពីលើ ហើយ​នៅ​កៀនជញ្ជាំង​ពីក្រោយ​រណ្ដៅ ឬ​ផ្នូរ​នេះ គេ​បាន​សាង​រូបសំណាក​លោក​ឧកញ៉ា និង​អ្នក​ជំទាវ​តម្កល់​ឲ្យ​ឈរ​ចង្អុល​បែរមុខ​ទៅ​រក​កន្លែង​ដែល​គាត់​បាន​លោត​នោះ ។

បច្ចុប្បន្ន​ទីនោះ​បាន​ក្លាយជា​រមណីយដ្ឋាន​ដែល​មាន​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​លេងកម្សាន្ត​ ថែម​ទាំង​អាចប្រមូល​បាន​ថវិកា​កសាង​សមិទ្ធផល​ជា​បន្តបន្ទាប់ថែម​ទៀត​ផង។ រមណីយដ្ឋានលោកឧកញ៉ាឃ្លាំង មឿង គឺជារមណីយដ្ឋានមួយ ដែលមានភាពទាក់ទាញខ្លាំង និងជាកន្លែងដែលមានការគោរពបូជាយ៉ាងស័ក្ដិសិទ្ធិ ចំណែកឯប្រជាជននៅខេត្តពោធិ៍សាត់តែងមានជំនឿទៅលើលោកតាមឿង និងតែងយកដង្វាយទៅដាក់ថ្វាយសុំសេចក្តីសុខពីលោកតា។

ជ្រុងមួយក្នុងប្រវត្តិសាស្ត្រ ដែលយើងគួរតែបានដឹងពីលោកតា ឃ្លាំង មឿង គឺគាត់ជាមេទ័ពដ៏ឆ្នើមរបស់ស្តេចអង្គចន្ទរាជា ដោយបានដាក់ប្រស្នាមេឃបែបយុទ្ធសាស្ត្រថា ទៅស្លាប់ ដើម្បីកេណ្ឌទ័ពខ្មោចឱ្យមកជួយច្បាំង។ នៅមានរឿងសំខាន់មួយទៀត ដែលពាក់ព័ន្ធនឹងជំនឿរបស់ប្រជាជនចំពោះអ្នកតាឃ្លាំងមឿង គឺគាត់ជាអ្នកតាមានអំណាចធំបំផុត ដែលត្រូវបានប្រជារាស្ត្រខ្មែរជ្រួតជ្រាប និងខ្លបខ្លាចឫទ្ធីចេស្ដាបារមីអ្នកតាមឿងគ្រប់ៗគ្នា។ លោកតាមឿងបានពលីជីវិតដើម្បីទៅកេណ្ឌទ័ពខ្មោច ក្នុងព្រឹត្តិការណ៍នេះកូនប្រុសទាំងពីររបស់លោកបានបូជាជីវិតទៅកេណ្ឌទ័ពខ្មោចជាមួយលោកដែរ ដើម្បីរំដោះព្រះអង្គចន្ទចេញពីគ្រោះថ្នាក់ ក្នុងគ.ស ១៥៤៩។

គេដំណាលថា គ្រាដែលព្រះអង្គចន្ទ បានដំណឹងច្បាស់ថាព្រះចៅសៀមលើកទ័ពមកវាយនគរខ្មែរ ទ្រង់ជំនុំនឹងសេនាបតីថា៖ ឥឡូវពលសេនាយើង និងគ្រឿងអាវុធយុទ្ធភណ្ឌរបស់យើងមិនបរិបូរណ៍ តើអ្នករាល់គ្នាគិតរកឧបាយកលបែបណា ឲ្យមានជ័យជម្នះ" ។ ពេលនោះ ពលសេនាទាំងអស់មិនមានអ្នកណាមួយហ៊ានឆ្លើយទទួលអះអាងសោះ មានតែសេនាមឿងឆ្លើយធានាអះអាង ហ៊ានតទល់នឹងទ័ពសៀម ដោយឧបាយមួយដ៏ចម្លែក គឺហ៊ានប្ដូរជីវិត ដើម្បីនឹងទៅកែនពលខ្មោច ធ្វើជាទ័ពច្បាំងនឹងពលសៀម ។

លោកបង្គាប់ឲ្យជីករណ្ដៅទំហំ ៤ម៉ែត្រ ជម្រៅ ៤ម៉ែត្រ រួចឲ្យដាក់គ្រឿងសស្ត្រាវុធក្នុងរណ្ដៅនោះ ដើម្បីនឹងលោតទៅឲ្យជង់ស្លាប់ក្នុងរណ្ដៅ តែនៅពេលមុននឹងលោតសម្លាប់ខ្លួននោះ សេនាមឿង បង្គាប់ឲ្យពួកពលរដ្ឋទាំងអស់មកស្ដាប់ពាក្យឱវាទ លោកប្រកាសថា "សូមអស់លោកខំប្រឹងយកចិត្តទុកដាក់ក្នុងរឿងចម្បាំងពេលនេះ ដើម្បីរំដោះដែនដី ឲ្យបានរួចពីកណ្ដាប់នៃបច្ចាមិត្ត ចំណែកខ្ញុំៗធានាខាងទ័ពខ្មោច សូមអស់លោកសង្ឃឹមទុកចុះ បើខ្ញុំស្លាប់ទៅបាន ៧ថ្ងៃ ឮសូរសន្ធឹកហ៊ោកញ្ជ្រៀវបីដូចជាសំឡេងផ្គរលាន់ យើងនឹងមានជ័យហើយ"។ លុះផ្ដាំរួចលោតចុះទៅក្នុងរណ្ដៅព្រឹប ប្រពន្ធឃើញប្ដីលោតដូច្នោះ ក៏លោតទៅជាមួយនឹងប្ដី ព្រមទាំងកូនប្រុសពីរនាក់ស្លាប់ជាមួយគ្នា ដល់ថ្ងៃជាគម្រប់ ៧ លាន់ឮសូរសន្ធឹកដូចកាលផ្ដាំមែន ។

ទ័ពសៀមចូលដល់បាត់ដំបង ឆ្លងចូលមកដល់អូរមួយ សព្វថ្ងៃគេហៅថាអូរស្វាយដូនកែវ ជួបគ្នានឹងទ័ពព្រះអង្គចន្ទ ទ័ពខ្មោចចេញទៅមុនសម្ដែងឫទ្ធិ ធ្វើឲ្យពលសៀមវិលមុខ ចុកពោះ ចុះក្អួតដួលខ្លួនឯងស្រួលៗ ទ័ពព្រះអង្គចន្ទ ចូលទៅកាប់សម្លាប់អស់ ពួកកងទ័ព សៀមទប់ទល់មិនបាន ថយទៅដល់បាត់ដំបង ធ្វើសារទៅក្រាបទូលព្រះចៅសៀមតាមដំណើរសព្វគ្រប់ ព្រះចៅទ្រង់ជ្រាបឲ្យទ័ពថយត្រឡប់ទៅស្រុកសៀមវិញ។

ចំណែកពួកកងទ័ពព្រះអង្គចន្ទ ក្នុងរឿងព្រេងហៅថា ព្រះជ័យអស្ចារ្យ នាំគ្នាត្រឡប់មកកាន់បន្ទាយវិញ សព្វថ្ងៃគេហៅថាបន្ទាយជ័យ ។ ចាប់ដើមពីពេលនោះមក ក្រោយព្រះអង្គចន្ទ​​ បានឡើងសោយរាជ្យសម្បត្តិសុខសាន្តហើយ ទ្រង់តែងនឹកឃើញដល់គុណូបការៈសេនាមឿង ដែលស៊ូប្ដូរជីវិតចំពោះព្រះអង្គ និងព្រះនគរខ្មែរ៕

ប្រភព ៖ មជ្ឈមណ្ឌលព័ត៌មានស្រ្តី និង ឯកសារក្រុមជំនុំទំនៀមទម្លាប់ស្រុកខ្មែរលេខ៥៦.០៥៦ របស់ព្រះភិក្ខុសួស សួន ឃុំផ្សារលើ ស្រុកបាកាន ខេត្តពោធិសាត់ថ្ងៃទី១៨.០៦.១៩៤៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អត្ថបទ ៖ កែវ សុខអាត

មតិយោបល់