• 2021-07-07 02:10:10
  • ព័ត៌មាន

ប្រាសាទមួយនៅឥណ្ឌា មានកណ្តុរ ២៥០០០ក្បាលរស់នៅ ជាទីកន្លែងសក្ការៈបូជាដ៏ល្បីល្បាញ

  • 2021-07-07 02:10:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឥណ្ឌា ជាប្រទេសដែលមានវប្បធម៌ចំណាស់ជាងគេមួយ នៅក្នុងទ្វីបអាសុី និង ពិភពលោក។ ប្រទេសមួយនេះមានប្រជាជនប្រមាណ ១,៣ពាន់លាននាក់ ដែលភាគច្រើនជាអ្នកកាន់ ហិណ្ឌូសាសនា ជឿលើអវតារបស់ព្រះ។ ប្រជាជនឥណ្ឌាតែងប្រកាន់បានយ៉ាងខ្ជាប់ខ្ជួននូវប្រពៃណី ទំនៀមទម្លាប់ តពីដូនតាមក រហូតដល់បច្ចុប្បន្ន។

ជាក់ស្តែងឃើញថា ទំនៀមទម្លាប់មួយចំនួនដូចជា ពិធីមុជទឹកជម្រះខ្លួន នៅក្នុងទន្លេគង្គា ដើម្បីលាងបាប គេឃើញមានប្រជាជនឥណ្ឌាប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ ដែលអ្នកចូលរួមមិនក្រោមរាប់លាននាក់នោះទេ។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៀតនោះ គឺប្រាសាទកណ្តុរ ដែលមានកណ្តុរជាច្រើនក្បាលរស់នៅក្នុងប្រាសាទនោះ។ ប្រាសាទនេះ មានឈ្មោះថា Karni Mata Temple ជាប្រាសាទបែបហិណ្ឌូសាសនាកសាងឡើងដើម្បីឧទ្ទិសទៅដល់ អវតាមួយអង្គនៅក្នុងហិណ្ឌូសាសនា។

មានរឿងព្រេងទាក់ទងនឹងប្រាសាទដ៏គួរឱ្យចាប់អារម្មណ៍មួយនេះ ទើបធ្វើឱ្យពលរដ្ឋឥណ្ឌាមានជំនឿ ហើយតែងយកចំណីអាហារមកថ្វាយសត្វកណ្តុរ ដើម្បីបួងសួងសុំសេចក្តីសុខ។ គេជឿថា សាច់ញាតិដែលបានស្លាប់ទៅ មិនដឹងកើតជាអ្វីឱ្យប្រាកដទេ ខ្លះអាចមានបាបធ្វើឱ្យភ្លាត់កើតជា សត្វកណ្តុរជាដើម ទើបបានជាគេយកនំចំណី ម្ហូបអាហារដើម្បីមកថ្វាយសត្វកណ្តុរនៅក្នុងប្រាសាទ Karni Mata ដែលជាផ្ទះដ៏កក់ក្តៅរបស់កណ្តុរជាង ២៥០០០ក្បាល។

ប្រាសាទ Karni Mata មានទីតាំងនៅក្នុងរដ្ឋ Rajasthan ភាគខាងជើងប្រទេស ឥណ្ឌា។ នៅពេលដែលមានពិធីបួងសួងម្តងៗ ពលរដ្ឋឥណ្ឌានៅទូទាំងប្រទេសបានធ្វើដំណើរមកជួបជុំគ្នានៅក្នុងប្រាសាទកណ្តុរមួយនេះ ដើម្បីធ្វើពិធីតាមបែបសាសនា។ ប្រាសាទនេះត្រូវបានសាងសង់ឡើងនៅសតវត្សរ៍ទី ២០ ដោយ Maharaja Ganga។

យោងទៅតាមរឿងព្រេងមួយ កូនប្រុសរបស់ Karni Mata ឈ្មោះ Laxman ត្រូវបានលង់ទឹកស្លាប់នៅក្នុងស្រះមួយ ខណៈពេលដែលគាត់កំពុងផឹកទឹក។ Karni Mata បានស្នើសុំ Yama ដែលជាព្រះនៃសេចក្តីស្លាប់ដើម្បីឱ្យកូនរបស់នាងរស់ឡើងវិញ។ Yama បានយល់ស្របនឹងសំណើរដោយដាក់លក្ខខ័ណ្ឌមួយថា Karni Mata និងកូនៗ ត្រូវចាប់កំណើតជាសត្វកណ្តុរ។ គេឃើញមានកណ្តុរពណ៌ស ២-៣ក្បាល នៅក្នុងប្រាសាទ។ សត្វកណ្តុរពណ៌សទាំងនេះត្រូវបានគេជឿថាជាការបង្ហាញខ្លួនរបស់ Karni Mata និងកូនប្រុសរបស់នាងដែលយល់ព្រមចាប់កំណើតជាសត្វកណ្តុរឱ្យតែអាចបានរស់នៅជួបជុំជាមួយកូនរបស់នាងវិញ៕

ប្រភព៖ google ប្រែសម្រួល ៖ សង្ហា

មតិយោបល់