• 2021-07-26 04:01:15
  • ព័ត៌មាន

ក្រសួងដាក់ចេញវិធានការ ៦ចំណុចទប់ស្កាត់រលកទី ៣ និងផ្លាស់ប្ដូរឥរិយាបថពលរដ្ឋរៀនរស់នៅជាមួយកូវីដ១៩ តាមគន្លងថ្មី

  • 2021-07-26 04:01:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរុសកូវីដ-១៩ បានកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដែលតម្រូវឲ្យប្រជាពលរដ្ឋត្រូវផ្លាស់ប្តូរឥរិយាបថ ដើម្បីរៀនរស់នៅជាបណ្តើរៗជាមួយនឹងវត្តមាននៃវីរុសដ៏កាចសាហាវនេះតាមគន្លងប្រក្រតីភាពថ្មីឲ្យបានត្រឹមត្រូវ ហើយនេះក៏ជាសកម្មភាពយុទ្ធសាស្ត្រដ៏សំខាន់បំផុតដែរ។

ស្របជាមួយគ្នានេះដែរ នៅថ្ងៃទី ២៦ កក្កដា ឆ្នាំ ២០២១ ក្រសួងសុខាភិបាលបានចេញនូវការអនុវត្តយុទ្ធនាការ អប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋឲ្យយល់ដឹងអំពីគ្រោះថ្នាក់នៃវីរុសកូវីដ-១៩ ដែលនៅតែមានបន្តជាប់ជាប្រចាំ ព្រមទាំងផ្លាស់ប្តូរឥរិយាបថដើម្បីរៀនរស់នៅជាបណ្តើរៗជាមួយនឹងវីរុសកូវីដ-១៩ តាមគន្លងប្រកតីភាពថ្មីឲ្យបានត្រឹមត្រូវ៖

១. ចាត់ចែងរៀបចំបិទតាំងផ្សព្វផ្សាយនូវសម្ភារដែលបានផ្ដល់ដោយក្រសួងសុខាភិបាល តាមរយៈការគាំទ្ររបស់ អង្គការយូនីសេហ្វ(UNICEF) ដែលបានបែងចែកជូនដល់គ្រប់រាជធានី-ខេត្តទាំងអស់ ឲ្យបានឆាប់រហ័សទៅ ដល់គ្រប់ភូមិគោលដៅ និងបន្តសហការជាមួយដៃគូរពាក់ព័ន្ធ សង្គមស៊ីវិល ក្នុងរាជធានី បោះពុម្ភ ចែកចាយ សម្ភារអប់រំសុខភាពឲ្យបានទូលំទូលាយទូទាំងរាជធានី-ខេត្ត។

២. ជំរុញការអប់រំផ្សព្វផ្សាយឲ្យបានទូលំទូលាយក្នុងសហគមន៍នូវសារអប់រំសុខភាពរបស់ក្រសួងសុខាភិបាលដែល មានផ្តល់ជូននៅក្នុងយូធូបរបស់ក្រសួងសុខាភិបាល htts/youtube.com/channel/UCV28G-Ib7Gal7-nF9JIBjQ និងតាមហ្គូហ្គោល តាមរយៈអាជ្ញាធរ ថ្នាក់ក្រោមជាតិ និងដោយមានការចូលរួមពីសហគមន៍ ដូចជាការ ផ្សព្វផ្សាយតាមរយៈការផ្សាយតាមឧឃោសនស័ព្ទ ការបិទតាំងរូបភាពផ្ទាំងធំ ចែកចាយខិតប័ណ្ណ ការផ្សព្វផ្សាយ តាមទូរទស្សន៍ វិទ្យុ និងបណ្ដាញសង្គមដល់ប្រជាជន ជាពិសេសដល់សហគមន៍ងាយរងគ្រោះ និងសហគន៍ ក្រីក្រជាដើម។ ការផ្សព្វផ្សាយត្រូវធ្វើឡើងជាប្រចាំក្នុងកំឡុងពេលនេះដើម្បីរំលឹកសាធារណៈជនអំពីហានិភ័យន ជំងឺនេះដែលអាចនឹងផ្ទុះឡើងទ្រង់ទ្រាយធំគ្រប់ពេលវេលា។

៣. ណែនាំនិង ចាត់វិធានការណ៍ ដល់អាជីវកម្មដែលមានហានិភ័យខ្ពស់ ដូចជាក្លឹបកំសាន្ត អាជីវកម្ម ម៉ាស្សា ហាង លក់និងសេពគ្រឿងស្រវឹង ព្រមទាំងភោជនីយដ្ឋាន ទីកន្លែងលក់អាហារ ទីផ្សារ ផ្សារទំនើប ធនាគារ និងកន្លែង ប្រកបអាជីវកម្មផ្សេងៗ ត្រូវពង្រឹង និងយកចិត្តទុកដាក់បន្ថែមទៅការអនុវត្តវិធានការសុខាភិបាល ដើម្បីបង្ការ ការឆ្លងជាយថាហេតុនូវវីរុសកូវីដ-១៩ នៅពេលជួបជាមួយអតិថិជនទូទៅនៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួន។ ចាត់ វិធានការបិទជាបណ្តោះអាសន្ននូវទីតាំងអាជីវកម្មណាដែលមិនគោរពតាមគោលការណ៍ណែនាំរបស់ក្រសួង សុខាភិបាល។

៤. ណែនាំ និងការចាត់វិធានការតាមដានការអនុវត្តន៍វិធានការសុខាភិបាល នៅសហគមន៍ ដូចជាចាត់តាំងអាជ្ញាធរ ភូមិ ឃុំ ស្រុក និងតំណាងសហគមន៍ ត្រួតពិនិត្យ និងណែនាំការអនុវត្តន៍គម្លាតសុវត្ថិភាពបុគ្គលពីម្នាក់ទៅ ម្នាក់ឲ្យបាន ១.៥ម៉ែត្រឡើងទៅ នៅតាមទីសាធារណៈនានា។ អនុវត្តគម្លាតសុវត្ថិភាពសង្គមឲ្យបានម៉ត់ចត់ ដោយហាមឃាត់ ឬកាត់បន្ថយឲ្យបានជាអតិប្បរិមា នូវការជួបជុំគ្នាក្នុងសង្គម ដូចជា ការរៀបអាពាហ៍ពិពាហ៍ ពិធី បុណ្យនានា មានដូចជាការជួបជុំគ្នា ក្នុងពិធីបុណ្យជាតិ ពិធីបុណ្យសាសនា ពិធីបុណ្យប្រពៃណី ឬពិធីបុណ្យ ផ្សេងៗ ការប្រគុំតន្ត្រី ការដើរលេងជួបជុំ បរិភោគអាហារជាមួយមិត្តភក្តិខាងក្រៅផ្ទះ ការជួបជុំពិធីខួបកំណើត ឬ ការធ្វើពិធីឡើងផ្ទះក្នុងទ្រង់ទ្រាយធំ ការធ្វើដំណើរកំសាន្តប្រមូលផ្តុំគ្នាច្រើនជាដើម។

៥. ណែនាំ និងចាត់វិធានការ ជំរុញប្រជាជនក្នុងសហគមន៍ឲ្យយកចិត្តទុកដាក់រក្សាអនាម័យអោយបានស្អាតជានិច្ច ដោយលាងដៃដោយប្រើទឹកស្អាតជាមួយសាប៊ូ ឬអាល់កុល ទឹកដែលលាងដៃ ឲ្យបានញឹកញាប់ ប្រើប្រាស់ម៉ាស់ ឲ្យបានត្រឹមត្រូវជាប្រចាំ (នៅក្នុងករណីចាំបាច់) ឬប្រើកន្សែង ក្រម៉ា ឬក្រដាសជូតមាត់ ដើម្បីខ្ទប់មាត់ និងច្រមុះ ពេលក្អកកណ្ដាស់ ។

៦. ណែនាំដល់អ្នកដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺ ដូចជាជនចាស់ជរា ជនដែលមានជំងឺប្រចាំកាយ ស្ត្រីមានផ្ទៃពោះ និងកុមារតូចៗជាដើម ជៀសវាងចេញពីផ្ទះបើមិនចាំបាច់។ អាស្រ័យហេតុនេះ សូមឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ទាំងអស់អនុវត្តឲ្យមាន ប្រសិទ្ធភាពខ្ពស់ ៕

ប្រភព៖ ក្រសួងសុខាភិបាល

មតិយោបល់
អត្ថបទពេញនិយម