• 2021-07-29 02:25:59
  • ព័ត៌មាន

ក្នុងពេលបិទខ្ទប់ខេត្តទាំង ៨ ត្រូវកំណត់ជា ៣តំបន់ ហើយក្នុងករណីទាំងនេះ តំបន់ខ្លះនឹងត្រូវដាក់ជាពណ៌ក្រហមភ្លាមៗ

  • 2021-07-29 02:25:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យសម្រេច បិទខ្ទប់ភូមិសាស្ត្រ ខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ និងខេត្តសៀមរាប ជាបណ្ដោះអាសន្នសម្រាប់រយៈពេល ១៤ ថ្ងៃ គិតចាប់ពី វេលាម៉ោង ២៣:៥៩ នាទី (ម្ភៃបីនិងហាសិបប្រាំបួននាទី) នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សំដៅទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ដែលបណ្តាលមកពីមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)។

ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ អាចត្រូវបានបែងចែកជា “តំបន់ក្រហម” និង/ឬ “តំបន់លឿងទុំ" និង/ឬ "តំបន់លឿង” អាស្រ័យតាមកម្រិតនៃការឆ្លងរាលដាលនៃជំងឺនេះ នៅក្នុងភូមិសាស្ត្របិទខ្ទប់នីមួយៗ។

  • "តំបន់ក្រហម” សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

  • "តំបន់លឿងទុំ" សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

  • "តំបន់លឿង” សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

ការកំណត់ភូមិសាស្ត្រណាមួយក្នុងតំបន់បិទខ្ទប់ ជា “តំបន់ក្រហម", "តំបន់លឿងទុំ" ឬ "តំបន់លឿង ត្រូវធ្វើឡើងដោយសេចក្តីសម្រេចរបស់អភិបាលនៃគណៈអភិបាលខេត្តនៃខេត្តដែលត្រូវបានបិទខ្ទប់។

ចំពោះភូមិសាស្ត្រដែលមានការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ឬភូមិសាស្ត្រដែលមានការផ្ទុះឆ្លងរាលដាលលឿនខុសពីប្រក្រតី ឬមានការសង្ស័យពាក់ព័ន្ធនឹងមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta), អភិបាលនៃគណៈអភិបាលខេត្តនៃខេត្តដែលត្រូវបានបិទខ្ទប់ ត្រូវកំណត់ភូមិសាស្ត នោះជា “តំបន់ក្រហម” ឬ “តំបន់លឿងទុំ” អាស្រ័យទៅតាមកម្រិតនៃការឆ្លងរាលដាលនៃមេរោគប្រភេទដែលតា (Delta) នេះ។

ទន្ទឹមនេះ អនុគណៈកម្មការឆ្លើយតបបន្ទាន់ និងស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ-១៩ ត្រូវផ្តល់ការគាំទ្រជាបន្ទាន់ដល់ខេត្តដែលមានការពាក់ព័ន្ធដើម្បីចាត់វិធានការក្នុងការស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ដោយផ្ទាល់ និងដោយប្រយោល សំដៅកាត់ផ្តាច់ឱ្យបានទាន់ពេលវេលានូវការឆ្លងរាលដាលនៃមេរោគនេះទៅ កន្លែងផ្សេងទៀត។

បន្ថែមពីនេះ អនុគណៈកម្មការសេវាមន្ទីរពិសោធន៍ ត្រូវចាត់វិធានការជាបន្ទាន់ដើម្បីយកសំណាកទៅវិភាគរកប្រភេទមេរោគ (Sequencing) នៅក្នុង "តំបន់ក្រហម" និង "តំបន់លឿងទុំ" ជាពិសេស ភូមិសាស្ត្រដែលមានការផ្ទុះឆ្លងរាលដាលលឿនខុសពីប្រក្រតី ឬមានការសង្ស័យពាក់ព័ន្ធនឹងមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ៕

មតិយោបល់