• 2021-08-02 06:48:56
  • ព័ត៌មាន

មកដឹងពីប្រវត្តិឆ្លងកាត់ដ៏យូរអង្វែង របស់ធនាគារជាតិនៃកម្ពុជាទម្រាំមានស្ថិរភាព និងឈរយ៉ាងរឹងមាំដល់សព្វថ្ងៃ

  • 2021-08-02 06:48:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារជាតិនៃកម្ពុជាត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ១៩៥៤ ពោលគឺ ១ឆ្នាំក្រោយពីខ្មែរទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង។ នៅឆ្នាំ ១៩៦៤ ដើម្បីបំរើឲ្យគោលនយោបាយកសាងជាតិនៃរបបសង្គមរាស្ត្រនិយម រដ្ឋាភិបាលបានធ្វើការកែទម្រង់ប្រព័ន្ធធនាគារ ដើម្បីតម្រូវទៅតាម សេចក្តីត្រូវការនៃសេដ្ឋកិច្ចជាតិ។ សម័យកាលនោះ រដ្ឋបាលខ្មែរ ស្ថិតក្រោមការដឹកនាំរបស់សម្ដេចនរោត្តម សីហនុ ព្រះបរមរតនកោដ ព្រះអង្គបានប្រែក្លាយធនាគារជាតិនៃកម្ពុជា ពីទម្រង់ស្ថាប័នពាក់កណ្តាលស្វយ័តទៅជាធនាគាររដ្ឋ ក្រោមទម្រង់ជាស្ថាប័នសាធារណៈ ដែលមានលក្ខណៈឧស្សាហកម្ម និង ពាណិជ្ជកម្ម។

នៅឆ្នាំ១៩៥៤ ដល់ឆ្នាំ១៩៦៤ ប្រទេសកម្ពុជាបានទទួលបានឯករាជ្យពីអាណានិគមនិយមបារាំងក្នុងឆ្នាំ ១៩៥៤ ហើយធនាគារជាតិនៃកម្ពុជាក៏ត្រូវបានបង្កើតឡើង ក្នុងនោះធនាគារជាតិនៃកម្ពុជាទទួលភារៈផ្តាច់មុខជាអ្នកបោះពុម្ពប្រាក់រៀល ដែលជារូបិយវត្ថុជាតិ និងគ្រប់គ្រងប្រព័ន្ធធនាគារនៅកម្ពុជា។ ជាការសោកស្ដាយរហូតដល់ឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ធនាគារជាតិនៃកម្ពុជាត្រូវបានបិទដោយសាររបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ។ អគារស្នាក់ការត្រូវបានកម្ទេច រូបិយវត្ថុជាតិត្រូវបានឈប់ប្រើប្រាស់ ហើយប្រព័ន្ធធនាគារត្រូវបានលុបបំបាត់ចោលទាំងស្រុង ។

លុះក្រោយមកនៅឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ ធនាគារជាតិនៃកម្ពុជាត្រូវបានកសាងឡើងវិញពីចំណុចសូន្យ។ ធនាគារជាតិនៃប្រជាជនកម្ពុជា បានបោះផ្សាយប្រាក់រៀលឡើងវិញ នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ១៩៨០ ដើម្បីជួយសម្រួលដល់ការទូទាត់ក្នុងជីវភាពរស់នៅរបស់ប្រជាជនដែលទើបងើបពីសង្គ្រាមថ្មីៗ។ ចំណែកឯអគារធនាគារជាតិនៃកម្ពុជាដែលបាក់បែកនោះ ត្រូវបានគេរុះរើ និងសាងសង់ជាថ្មីឡើងវិញនៅឆ្នាំ ១៩៩០។ ទន្ទឹមនេះ រូបិយវត្ថុជាតិក៏ត្រូវបានបោះផ្សាយឡើងវិញ កម្ពុជាបានប្តូរពីសេដ្ឋកិច្ចផែនការទៅជាសេដ្ឋកិច្ចទីផ្សារសេរី ។

ក្រោយពីមានសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសថ្ងៃទី ២៣ តុលា ១៩៩១ របត់នយោបាយកម្ពុជាបានផ្លាស់ប្ដូរ ពីរបបសេដ្ឋកិច្ចផែនការ មកជារបបសេដ្ឋកិច្ចទីផ្សារសេរី។ ធនាគារជាតិនៃកម្ពុជា នៅក្នុងឆ្នាំ១៩៩៣ ដល់បច្ចុប្បន្នប្រព័ន្ធធនាគារជាតិ ត្រូវបានពង្រឹងនិងធ្វើទំនើបភាវូបនីយកម្មជាលំដាប់ ប្រការនេះតម្រូវឲ្យ ធនាគារជាតិនៃកម្ពុជាពង្រឹង តួនាទីរបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពបញ្ជាណែនាំ និងត្រួតពិនិត្យ ដោយ បានបង្កើតច្បាប់ និងប្រកាសផ្សេងៗ ជាបន្តបន្ទាប់។ ក្នុងនាមធនាគារកណ្តាលដើម្បីលើកមុខមាត់ និងកិត្យានុភាពរបស់ខ្លួនឲ្យសក្កិសមជាអាជ្ញាធរ អាណាព្យាបាលលើ វិស័យ ធនាគារអគារធនាគារជាតិនៃកម្ពុជា ត្រូវបានកែលំអផែ្នកសោភ័ណភាពនៅ ឆ្នាំ២០០៣។

សរុបសេចក្តីមក ដើមកំណើតរបស់ធនាគារជាតិនៃកម្ពុជា ចែកចេញជាបីដំណាក់កាលគឺ ៖

១. ដំណាក់កាលពីឆ្នាំ១៩៥៤ ដល់ឆ្នាំ ១៩៧៥ : ជាដំណាក់កាលដែលធនាគារជាតិនៃកម្ពុជា មានឯករាជ្យភាពក្នុងការធ្វើប្រតិបត្តិការមានស្វ័យភាពក្នុងការ បោះផ្សាយប្រាក់រៀលដែល ជារូបិយវត្ថុ ជាតិនិងបានគ្រប់គ្រងប្រព័ន្ធធនាគារដោយខ្លួនឯងនៅលើដែនដីនៃប្រទេសកម្ពុជា។

២. ដំណាក់កាលពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ : ជាយុគសម័យដែលធនាគារជាតិនៃកម្ពុជាត្រូវបានបិទទ្វារលែងដំណើរការប្រព័ន្ធធនាគារទាំងមូលត្រូវបានកំទេច ចោលទាំងស្រុង។

៣. ដំណាក់កាលពីឆ្នាំ១៩៧៩ រហូតដល់ បច្ចុប្បន្ន : ជាដំណាក់កាល ដែលធនាគារជាតិនៃកម្ពុជា ត្រូវបានរស់រានឡើងវិញនិងត្រូវបានពង្រឹងជាបណ្តើរៗរហូត ទទួលបានការទទួលស្គាល់គួរជាទីមោទនៈពីមជ្ឈដ្ឋានអន្តរជាតិ ៕

អត្ថបទកែសម្រួលនិងដកស្រង់ដោយ ៖ ស៊ូ អីន

មតិយោបល់