• 2021-09-13 03:54:09
  • ព័ត៌មាន

មកដឹងអំពីការសាងសង់ប្រាសាទបុរាណខ្មែរ សម្ភារសំណង់ និងសមាសធាតុតុបតែងលម្អប្រាសាទ

  • 2021-09-13 03:54:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមការសិក្សារួចមកហើយនេះបានបង្ហាញឲ្យឃើញថាសិល្បៈស្ថាបត្យកម្មខ្មែរបានវិវត្តន៍ជាហូរហែរពីសម័យមួយទៅ សម័យមួយទៀត ។ ការចម្រើនលូតលាស់នេះសឲ្យឃើញថាបុព្វបុរសខ្មែរដែលជាស្ថាប្យករ មានទេពកោសល្យខ្ពស់ណាស់ ។ ការសាងសង់ប្រាសាទបុរាណខ្មែរ គឺដើម្បីបុព្វហេតុសាសនា ដែលផ្គុំឡើងពីសម្ភារសំណង់ រួមមាន៖

ថ្មបាយក្រៀម ៖ ដែលច្រើនប្រើក្នុងការរៀបជញ្ជាំង ចាក់ជាគ្រឹះ ដោយហេតុថា វាងាយស្រួលរក និងមានតម្លៃថោក។

ថ្មភក់ ៖ ច្រើនប្រើនៅលើតួប្រាសាទ ព្រោះថាប្រភេទថ្មនេះពិបាករក ឬមានតម្លៃខ្ពស់ ដូច្នេះហើយគេប្រើនៅកន្លែងណាដែលសំខាន់ៗ ដូចហោជាង ផ្តែរ សសរពេជ្រ ជណ្តើរ ។ ថ្មដីដុតភាគច្រើនប្រើនៅផ្នែកដំបូល និងដាក់រៀបជាគ្រឹះផ្នែកខាងក្រោមនៃប្រាសាទផងដែរ ។ ខ្សាច់ក្នុងការបុកគ្រឹះឲ្យហាប់។ ក្រោយពីបង្ហាប់រួចនោះ គេតែងតែចាក់ខ្សាច់ ឬអង្គាម និងទឹក ផ្នែកខាងលើទៀត។ អត្ថប្រយោជន៍របស់អង្កាម គឺធ្វើឲ្យគ្រឹះមានលក្ខណៈហាប់ណែនល្អ។ ទឹក គឺជាសម្ភារៈសម្រាប់បុកគ្រឹះ ហើយសម្រាប់បង្ហាប់ផងដែរ ។

ឈើ(ស្មាច់) ៖ សម្រាប់បុកគ្រឹះដាក់អន្លុងទ្វារ និងសម្រាប់បំបែកថ្មផងដែរ ។ គេយកវាត្រាំទឹកជាមួយថ្ម ក្រោយមកឈើនោះរីក ជាហេតុបណ្តាលឲ្យថ្មបែក។ ជ័រឈើ ជាពិសេសក្នុងការរៀបឥដ្ឋ ឬជញ្ជាំង។ ពោលគឺគេត្រូវតំរឹមឥដ្ឋ ឬថ្មឲ្យស្មើ និងខាត់ឲ្យរលោងទើបគេយកជ័របិទភ្ជាប់គ្នាតែម្តង ធ្វើឲ្យសំណង់ហាប់ដូចជាមិនមានថ្នេរអញ្ចឹង ។ ក្រៅពីនេះ គឺឃើញមានការប្រើ ជី : គេតែងប្រើពួរ ដើម្បីឲ្យស្ថាបត្យករឡើងឆ្លាក់ ឬលើកបន្ដុបថ្មពីលើគ្នា ។

ផ្តែរ ៖ ផ្តែរដែលផ្តើមឡើងនៅសម័យវប្បធម៌បុរេអង្គរ ជាពិសេសក្នុងរចនាបថភ្នំដា (ក្នុងដំណាក់កាលទី ២ នៃកាវិវត្តន៍) គឺស្ថិតក្រោមហោជាង មានមុខងារមិនត្រឹមតែលំអប្រាសាទតែប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់នូវការគោរពសាសនានីមួយៗ ។

សសរពេជ្រ ៖ មានមុខងារលំអប្រាសាទផង និងជួយទ្រ ហោជាង ថែមទាំងសំណង់ទាំងមូលផងដែរ ។ ក្បាច់សសរពេជ្រដែលចាស់ជាងគេស្ថិតក្នុងរចនាបថភ្នំដា ។

សសរផ្អោប ឬសសរបញ្ឆោត ៖ គឺស្ថិតនៅជាប់សសរពេជ្រផ្នែកខាងក្រៅ មានមុខងារសម្រាប់លំអដោយការឆ្លាក់ក្បូរក្បាច់រចនាយ៉ាងប្រណិត និងជួយទ្រហោជាង និងសំណង់ទាំងមូល ។ សសរបញ្ឆោតនេះ មានចាប់តាំងពីរចនាបថព្រះគោ ចុងសតវត្សទី ៩ ហេតុផលរចនាបថអង្គរ ។

ទ្វារ និង ស៊ុមទ្វារ ៖ ស្ថិតនៅជាប់ទ្វារដែលធ្វើឡើងអំពីឈើ វាមានមុខងារលំអប្រាសាទ និងទទួលសា្វគមន៍ សាសនិកជនដែលចូលប្រាសាទបូជាព្រះ តាមរយៈក្បាច់ផ្តែរ ។ ស៊ុមទ្វារធ្វើអំពីថ្មភក់ ហើយមានចោះរន្ធ ដើម្បីស៊កពន្លួញ ។

រន្ធ ៖ ពីរនៅផ្នែកខាងលើ និង ពីរទៀតនៅផ្នែកខាងក្រោម គឺសំរាប់ទទួលសន្លឹកមេទ្វារ ដែលធ្វើអំពីឈើដូចករណីនៃមេទ្វារនៃប្រាសាទស្រី ដែលស្ថិតក្នុងសម័យវប្បធម៌ចេនឡា ជាតថភាពស្រាប់។ ប្រពៃណីនេះ តាមពិតទៅ ត្រូវបានផ្តើមឡើងតាំងតែសម័យនគរភ្នំម្ល៉េះ ជាពិសេសនៅប្រាសាទរូងភ្នំ ដែលស្ថិតក្រោមជើងភ្នំដាជាដើម ៕

អត្ថបទស្រាវជ្រាវ កែសម្រួល និងដកស្រង់ដោយ ៖ ស៊ូ អីន

មតិយោបល់