• 2021-09-16 05:40:19
  • ព័ត៌មាន

អគារ ISI៖ អគារការិយាល័យទំនើបដំបូងបង្អស់ក្នុងតំបន់វេងស្រេងត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការជួល

  • 2021-09-16 05:40:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ (១៦ កញ្ញា ២០២១) អគារ អាយ អេស អាយ (ISI Tower) ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍របស់ KMH Park និងមានទីតាំងនៅតាមបណ្តោយមហាវិថីវេងស្រេង នឹងក្លាយជាអគារការិយាល័យទំនើបដំបូងគេបង្អស់សម្រាប់អាជីវកម្មនាំមុខនានានៅក្នុងតំបន់នេះសម្រាប់ប្រើប្រាស់ ដោយចាប់ផ្តើមពីខែវិច្ឆិកាខាងមុខនេះតទៅ។

អភិវឌ្ឍន៍ដោយក្រុមហ៊ុន អឺបេនលែន (Urbanland) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុកជាប់ចំណាត់ថ្នាក់មួយ និងជាសមាជិកនៃ ISI GROUP អគារនេះនឹងក្លាយជាអគារពាណិជ្ជកម្មទំនើបតែមួយគត់នៅក្នុងតំបន់វេងស្រេង និងតំបន់ចោមចៅ។ ដោយមានទីតាំងនៅលើបណ្តោយផ្លូវវេងស្រេងផ្ទាល់ អគារ អាយ អេស អាយ ស្ថិតនៅចំចំណុចយុទ្ធសាស្ត្រមួយដែលមានចម្ងាយត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះពីផ្លូវបំបែកស្ទឹងមានជ័យ និងរង្វង់មូលចោមចៅ ហើយលោកអ្នកនឹងអាចមើលឃើញទិដ្ឋភាពតំបន់ដែលព័ទ្ធជុំវិញផងដែរ។

ដោយមានចម្ងាយត្រឹមតែ ២០ នាទីទៅតំបន់បឹងកេងកង អគារនេះសមស្របបំផុតសម្រាប់អាជីវកម្មទាំងឡាយណាដែលត្រូវការការិយាល័យធ្វើការ និងមានស្តង់ដារខ្ពស់ ហើយមិនត្រឹមតែប៉ុណ្ណោះ អគារមានទីតាំងស្ថិតនៅក្បែរឃ្លាំងធំទូលាយ ដែលអាចប្រើប្រាស់ជាកន្លែងស្តុកឥវ៉ាន់ ងាយស្រួលចេញចូល ជាស្ទូឌីយ៉ូ ឬសម្រាប់ការពង្រីកអាជីវកម្មនៅថ្ងៃខាងមុខជាដើម។

អគារ អាយ អេស អាយ មានកម្ពស់ ៩ ជាន់ និងមានទីធ្លាសម្រាប់ជួលលើសពី ៤៥០០ ម៉ែត្រការ៉េ។ មកទល់ពេលនេះ អគារត្រូវបានជួលអស់ ៦៥% ហើយ។ រចនាឡើងដោយក្រុមហ៊ុន HKA & Partners អគារ អាយ អេស អាយ មានទីតាំងការិយាល័យធំទូលាយ ដែលត្រូវបានរចនាឡើងឲ្យមានភាពបត់បែនទៅតាមតម្រូវការរបស់អ្នកជួល។ ភាពបត់បែននេះនឹងផ្តល់ភាពងាយស្រួលដល់ម្ចាស់អាជីវកម្មដែលជួលទីធ្លាក្នុងអគារទាំងអស់ ក្នុងការចាត់ចែង និងរៀបចំប្លង់ការិយាល័យ ឲ្យសមទៅតាមបែបបទ និងវប្បធម៌ធ្វើការរបស់ខ្លួន។ អគារនេះមានបរិក្ខារគ្រប់បែបយ៉ាងដូចជា កន្លែងចតឡានម៉ូតូធំទូលាយ ជណ្តើរយន្ត ២ សន្តិសុខ ២៤ ម៉ោង កន្លែងចម្អិនអាហារនៅគ្រប់ជាន់ និងថែមទាំងមានរានហាលជាន់ដំបូលឯកជនមួយទៀតផង។

ម៉្យាងវិញទៀតនៅទល់មុខអគារការិយាល័យនេះ ក៏នឹងមានវត្តមានផ្សារទំនើប ខេ ម៉ល ដែលជាផ្សារទំនើបដ៏ថ្មីស្រឡាងមួយ ស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ KMH Park នេះដែរ។ ផ្សារនេះនឹងចាប់បើកដំណើរការដំណាលគ្នាជាមួយអគារ អាយ អេស អាយ នៅក្នុងខែវិច្ឆិកា ខាងមុខនេះ។ អគារ អាយ អេស អាយ ផ្តល់នូវបរិយាកាសធ្វើការដែលមានផាសុកភាព និងបរិក្ខារជាច្រើនសម្បូរបែបដែលមិនអាចប្រៀបបានសម្រាប់បុគ្គលិកដែលធ្វើការនៅក្នុងអគារទាំងអស់។ អ្នកធ្វើការនៅក្នុងអគារ ក៏ដូចជាប្រជាជនដែលរស់នៅជុំវិញតំបន់នេះ នឹងមានភាពងាយស្រួលក្នុងការចូលទៅកាន់ហាងដែលមានស្លាកយីហោល្បីៗទាំងក្នុង និងក្រៅប្រទេសដូចជា ហាងកាហ្វេ Brown ផ្សារទំនើប Lucky ហាង Daiso ហាងសម្ភារកីឡា Decathlon ហាងនំបុ័ង Tous les Jours ហាងការ៉េម Dairy Queen ហាងសម្លៀកបំពាក់ Zando រោងភាពយន្ត Legend Cinema ហាងតែ Gong Cha និងហាងជាច្រើនផ្សេងទៀត។

អគារ អាយ អេស អាយគឺជាគម្រោងអភិវឌ្ឍដ៏គួរឲ្យកត់សម្គាល់មួយនៃគម្រោងអភិវឌ្ឍន៍របស់ KMH Park ទាំងមូល ដែលត្រូវបានរចនាឡើងដោយក្រុមហ៊ុន អឺបេនលែន (Urbanland) ដែលជាសមាជិកមួយនៃ ISI GROUP។ ជាក់ស្តែងអគារនេះបានយកឈ្មោះពីសម្ព័ន្ធក្រុមហ៊ុននេះផងដែរ។ គម្រោងអភិវឌ្ឍន៍ទាំងអស់នេះសបញ្ជាក់ឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់សម្ព័ន្ធក្រុមហ៊ុន ISI GROUP ក្នុងគោលបំណងចង់បង្កើតការផ្លាស់ប្តូរវិជ្ជមានក្នុងផ្នែក សង្គម សេដ្ឋកិច្ច បរិស្ថានសម្រាប់មនុស្ស និងអាជីវកម្មនានានៅក្នុងតំបន់វេងស្រេងនេះ។

នៅក្នុងការអភិវឌ្ឍន៍ដំណាក់កាលទី មួយ គម្រោងអភិវឌ្ឍន៍ KMH Park នេះបានបង្កើតឡើងនូវអគារ អាយ អេស អាយ ផ្សារទំនើប ខេ ម៉ល ផ្ទះពាណិជ្ជកម្ម ៤០ តារាងបាល់ទាត់មួយ និងទីធ្លាបៃតងជាច្រើនកន្លែងផងដែរ។ គម្រោងនេះនឹងបន្តដើរតួជាម្ចាស់ផ្ទះសម្រាប់សហព័ន្ធក្រុមហ៊ុន ISI GROUP នានាដូចជាក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) ដែលធ្លាប់បានតាំងទីនៅក្នុងតំបន់នេះអស់រយៈពេល ២០ ឆ្នាំរួចមកហើយ។

អគារ អាយ អេស អាយ ប្រកាន់យកនូវគុណភាព និងស្តង់ដារអន្តរជាតិយ៉ាងខ្ជាប់ខ្ជួនដែលស្រដៀងគ្នានឹងគម្រោងអភិវឌ្ឍន៍មុនមួយរបស់ក្រុមហ៊ុន អឺបេនលែន (Urbanland) គឺអគារ Raintree ដែលជាអគារការិយាល័យលេចធ្លោមួយនៅកណ្តាលទីក្រុងភ្នំពេញដែលផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការរចនា និងសហគមន៍។ អគារការិយាល័យនេះ មានតាំងទីនៅចំកណ្តាលតំបន់ពាណិជ្ជកម្ម និងធនាគារនៃទីក្រុងភ្នំពេញ ហើយធ្លាប់ទទួលបានពានរង្វាន់សម្រាប់គម្រោងអភិវឌ្ឍន៍ការិយាល័យធ្វើការដែលល្អជាងគេមួយក្នុងឆ្នាំ ២០១៧ ពីកម្មវិធីពានរង្វាន់អចលនទ្រព្យអន្តរជាតិ (2018 International Property Awards ) ផងដែរ។ ក្រុមហ៊ុន អឺបេនលែន (Urbanland) ប្តេជ្ញាផ្តល់ជូននូវកម្រិតស្តង់ដាររចនាដដែលសម្រាប់អ្នកជួលទីធ្លានៅក្នុងអគារ អាយ អេស អាយ នៅលើផ្លូវវេងស្រេងនេះ។

អគារចាប់បើកសម្រាប់ការជួលពីពេលនេះតទៅ។ សូមអញ្ជើញកក់ការណាត់ជួបឯកជនដើម្បីទស្សនាប្លង់អគារជាក់ស្តែងតាមលេខទូរស័ព្ទ 012 789 013 ឬក៏ចូលទៅកាន់គេហទំព័រ https://www.urbanlandasia.com/projects/isi-tower ដើម្បីស្វែងយល់បន្ថែម៕

អត្ថបទ៖ Kev Pumsen

មតិយោបល់