• 2021-09-17 03:44:21
  • ព័ត៌មាន

ព្រឺសម្បុរខ្ញាកៗ! ៤ កន្លែងនៅកម្ពុជា អ្នកភូមិដំណាលតៗគ្នាថាមានខ្មោចលងគួរឱ្យខ្លាច រហូតមកដល់សព្វថ្ងៃ

  • 2021-09-17 03:44:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អប្បិយជំនឿ តែងផ្សារភ្ជាប់ជាមួយជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា តាំងពីបុរាណរហូតដល់បច្ចុប្បន្ន ជាពិសេសជំនឿថាមានខ្មោចព្រាយបិសាចលងបន្លាច។ កន្លងមកក្រុមការងារផ្លូវទៅស្រុករបស់ Sabay ធ្លាប់បានទៅដល់ទីតាំងមួយចំនួនដែលប្រជាពលរដ្ឋនៅតំបន់ទាំងនោះជឿថា មានខ្មោចពិតប្រាកដមែន។ តើទីតាំងទាំង ៤នោះមាននៅខេត្តណាខ្លះ?

១. ផ្ទះខ្មោចសក្ដិសិទ្ធិនៅកំពង់ឆ្នាំង ៖ "ផ្ទះខ្មោចស័ក្ដិសិទ្ធិ" ស្ថិតនៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដើមឡើយផ្ទះនេះធ្វើអំពីឈើ ប៉ុន្តែក្រោយមកម្ចាស់ថ្មី បានទិញដី រួចសង់ជាថ្ម ដូចអាសនៈអ្នកតា កាលពីអំឡុងជិត១០ឆ្នាំមុន។ ទន្ទឹមនឹងគ្នានេះ នៅឯក្លោងទ្វារ បានសរសេរអក្សរធំៗនៅលើបដាថា ផ្ទះខ្មោចស័ក្ដិសិទ្ធិ។ “ផ្ទះខ្មោចស័ក្ដិសិទ្ធិ" ធ្វើឲ្យមនុស្សមួយចំនួនឆ្ងល់ និង លាន់មាត់តៗគ្នាថា ផ្ទះនេះពិតជាមានខ្មោចនៅ ដូច្នេះហើយទើបម្ចាស់ផ្ទះទុកផ្ទះនេះចោល ឲ្យក្លាយទៅជាទីសក្ការសម្រាប់អ្នកផងទាំងពួង ដែលធ្វើឲ្យអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៥ រវាងខេត្តកំពង់ឆ្នាំង-ពោធិ៍សាត់ តែងតែឈប់សំចតធ្វើពិធីបួងសួងជាហូរហែរ។

២. អាថ៌កំបាំងដ៏គួរឲ្យខ្លាច ក្នុងភូមិគ្រឹង ៖ ពេលលោកអ្នកធ្វើដំណើរចូលទៅដល់ភូមិជាតិភាគតិចគ្រឹងនៅខេត្តរតនគីរី លោកអ្នកប្រាកដជាចម្លែកអារម្មណ៍ភ្លាម ដោយសារតែភូមិទាំងមូលមានសភាពស្ងាត់ជ្រងំស្ទើរតែរកមនុស្សម្នាម្នាក់គ្មាន ប៉ុន្តែសត្វជ្រូកតូចធំពីរបីក្បាលដើររកចំណី ខណៈផ្ទះបិទទ្វារចោល។អ្នកនាំភ្ញៀវទេសចរនៅរតនគិរី បានប្រាប់ថា អ្នកភូមិគ្រឹងបានចេញចោលផ្ទះទៅធ្វើស្រែចម្ការអស់ហើយ។ ជាក់ស្តែងនៅភូមិឃួន ឃុំកោះពាក្យ ស្រុកវើនសៃ អ្នកភូមិបានចេញចោលផ្ទះអស់ហើយក្នុងរយៈពេលនេះ។ ពួកគាត់បានចាកចោលផ្ទះចាប់ពីខែកក្កដា រហូតដល់ខែមករា ឬកុម្ភៈទើបពួកគាត់វិលត្រឡប់មកផ្ទះវិញ។ ក្នុងរយៈពេលនេះ ពួកគាត់មិនត្រឡប់មកមើលផ្ទះសម្បែងឡើយដោយសារក្នុងផ្ទះរបស់ពួកគាត់គ្មានអ្វីឡើយក្រៅពីសំបកផ្ទះ។ ក្រៅពីនេះ ក៏មានតែសត្វជ្រូកពីរបីក្បាលដែលដើរកកាយដីរកចំណីស៊ីដោយខ្លួនឯង។ ដូច្នេះហើយទើបបានជាភូមិនីមួយៗស្ងាត់ឈឹងគួរឲ្យចម្លែក។

៣. បារមីបារាយណ៍អណ្ដែតនៅព្រៃវែង ៖ អ្នកខេត្តព្រៃវែង ប្រាកដជាបានដឹងច្បាស់ថាមានទួលបារាយណ៍អណ្ដែតមួយ ដែលល្បីស័ក្ដិសិទ្ធិតគ្នាយូរមកហើយ ប៉ុន្តែប្រហែលមិនធ្លាប់ដឹងទេថាមានរឿងអ្វីខ្លះកើតឡើងនៅទីនោះ។ រឿងរ៉ាវមួយដែលមានប្រវត្តិធ្វើឲ្យទួលបារាយណ៍អណ្ដែតល្បីឈ្មោះមកដល់បច្ចុប្បន្ន គឺមានបារមីនៅថែរក្សា និងធ្លាប់បន្លំជាអ្នកចែវទូក មកប្ដូរច្រវាមាសឲ្យអ្នកនេសាទ ២នាក់ប្ដីប្រពន្ធ រហូតតវង្សត្រកូលជាគ្រួសារធូរធារដល់សព្វថ្ងៃ។ អ្នករស់នៅខេត្តព្រៃវែង សុទ្ធតែបានឮពីតំណាលរឿងនៃការប្ដូរច្រវាមាសនេះ ដែលកើតឡើងច្រើនជំនាន់មកហើយ។ ចំណែកលោក ចន ស៊ា ជាមន្ត្រីជាប់កិច្ចសន្យានៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង និងជាអ្នកគ្រប់គ្រងនៅទួលបារាយណ៍អណ្ដែត ក៏បានលើកឡើងដែរថា រឿងប្ដូរច្រវាមាសនេះជារឿងដែលកើតមានពិតប្រាកដ ។

៤. ភូមិខ្មោច ដ៏អាថ៌កំបាំងនៅរតនគីរី ៖ អ្នកនាំភ្ញៀវទេសចរ នៅខេត្តរតនគិរី ដែលបានរួមដំណើរចូលក្នុងភូមិព្រៃខ្មោច ជាមួយក្រុមការងារ «ផ្លូវទៅស្រុក» បានឲ្យដឹងថា កាចក់ ជាជនជាតិភាគតិចមួយ ក្នុងចំណោមជនជាតិភាគតិចទាំង៦ នៅខេត្តរតនគិរី ហើយបច្ចុប្បន្នជនជាតិនេះ នៅសល់តិចជាងគេបំផុត។ ពួកគេមានភូមិ២ គឺភូមិមួយសម្រាប់ពួកគេរស់នៅ និងភូមិមួយទៀត ជាភូមិខ្មោច មានផ្ទៃដីរាប់សិបហិកតា សម្រាប់កប់ខ្មោច តាំងពីដូនតារបស់ពួកគេមក។យ៉ាងណាមិញ សម្រាប់អ្នកភូមិជនជាតិកាចក់ ដែលស្ថិតជាប់ភូមិខ្មោច ក្បែរគ្នានោះ ពួកគេក៏ខ្លាចញញើតភូមិព្រៃខ្មោចដែរ សូម្បីជិះទូកនៅលើទន្លេចតក្បែរព្រៃខ្មោចនោះ ក៏មិនហ៊ានផង។ ភូមិខ្មោចជនជាតិភាគតិចកាចក់ ដ៏អាថ៌កំបាំង ដែលស្ថិតនៅភូមិកោះពាក្យ ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនៈគិរី បានបង្កប់នូវអប្បិយជំនឿដ៏រន្ធត់ព្រឺព្រួច សូម្បីម៉ោង១២កណ្ដាលថ្ងៃត្រង់ ក៏គ្មានអ្នកណាហ៊ានចូលទៅដែរ ព្រោះគេមានជំនឿថា ខ្មោចមានឥទ្ធិពលកាចសាហាវណាស់៕

អត្ថបទដកស្រង់ និងកែសម្រួលដោយ៖ ស៊ូ​​ អីន

មតិយោបល់