• 2021-09-29 07:19:43
  • ព័ត៌មាន

មកស្គាល់អំពី «ពពិល» ជាវត្ថុសំខាន់មួយដែលខ្មែរនិយមប្រើប្រាស់ក្នុងកិច្ចពិធីប្រពៃណីធំៗ

  • 2021-09-29 07:19:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ពពិល» ជាវត្ថុសំខាន់មួយដែលខ្មែរនិយមប្រើប្រាស់ក្នុងកិច្ចពិធីផ្សេងៗរួមមានពិធីការឆ្លងវ័យកាត់សក់ បង្កក់ឆ្មប កោរជុក ចូលម្លប់ បួសនាគ មង្គលការ និងបុណ្យសពជាដើម។ ពាក្យ «ពពិល» ត្រូវបានប្រទះឃើញប្រើប្រាស់នៅក្នុងសិលាចារឹកសម័យមុនអង្គរ អង្គរ និងបន្តប្រើឥតដាច់ដល់សម័យកណ្តាល។

ពពិល ភាគច្រើនធ្វើអំពីសំរិទ្ធ ស្ពាន់ ឬលោហៈផ្សេងៗ ហើយវាមានសណ្ឋានស្រដៀងស្លឹកពោធិ៍ ស្លឹកម្លូ ឬរាងមូល ហើយមានបន្តុបលម្អជាក្បាច់សន្លឹក។ ផ្ទៃពពិល មានឆ្លាក់ក្បាច់លម្អ និងរូបច្រើនបែបរួមមាន រូបនាងគង្ហីងច្បូតសក់ រូបតាបស តាឥសី ហនុមាន ដើមចេក រូបពិស្ណុការ រូបព្រះនារាយណ៍ រូបសីមា រូបព្រះព្រហ្ម រូបព្រះឥន្រ្ទ។ល។ ពេលខ្លះ ពពិលមានលំអជាអក្សរ រូបគ្រុឌចាប់នាគ រូបព្រះច័ន្ទ ទេពប្រណម្យ ហៅថា «នារីផល» ពោលគឺស្រីដែលមានតែខ្លួនផុសចេញ ពីរុក្ខជាតិមានទងជានាគ ហើយមានមតិខ្លះថា បកស្រាយថាជានាងនាគ ជាដើម។

ជាទូទៅ ការប្រើប្រាស់ពពិលនៅក្នុងកិច្ចពិធី គឺពុំសូវមានភាពខុសប្លែកគ្នាប៉ុន្មានទេ ព្រោះអត្ថន័យចម្បងគឺការឱ្យពរជ័យសិរីមង្គល ការរីកដុះដាល ការចម្រុងចម្រើនទៅថ្ងៃអនាគត ឬការង្កើតភោគផលថ្មី។ បច្ចុប្បន្ន សារមន្ទីរជាតិកម្ពុជា មានសមុច្ច័យ ពពិល ធ្វើពីលោហៈសរុបចំនួន៤០វត្ថុ៕

ប្រភព៖ សារមន្ទីរជាតិកម្ពុជា

មតិយោបល់