• 2021-10-01 07:39:37
  • ព័ត៌មាន

មកគយគន់សម្រស់ប្រាសាទច័ន្ទឆាយា កាលពីជាង១០០ឆ្នាំមុន ធ្វើពីឈើប្រក់ក្បឿងតែក្បាច់រចនាល្អវិចិត្រ

  • 2021-10-01 07:39:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះបរមរាជវាំងចតុមុខមង្គលសកល ត្រូវបានសាងសង់ក្នុងឆ្នាំ១៨៦៦ ក្នុងរាជ្យព្រះបាទនរោត្ដមនិងត្រូវរុះរើសាងសង់ជាថ្មី នៅឆ្នាំ ១៩១៣ ក្នុងរាជ្យ ព្រះបាទស៊ីសុវត្ថិរហូតមកដល់សព្វថ្ងៃ ​ស្ថិតនៅត្រង់ចំណុចប្រសព្វនៃទន្លេទាំងបួន មានទន្លេមេគង្គលើទន្លេមេគង្គក្រោម ទន្លេបាសាក់ និងទន្លេសាប។

ព្រះបរមរាជវាំងមានកំពែង ព័ទ្ធជុំវិញប្រវែង ១៧៧២ម ដោយ កំពែងខាងកើតប្រវែង៤២១ម៉ែត ខាងលិចប្រវែង ៤៣៥ម៉ែត ខាងជើងប្រវែង ៤៨៤ម៉ែត និងខាងត្បូងប្រវែង ៤៣២ម៉ែត។កំពែង ថ្មរឹងមាំទាំងនោះ លំអទៅដោយសន្លឹកសីមានៅខាងមុខ ត្រូវបានកសាងឡើងនៅឆ្នាំ១៨៦៦ - ១៨៧០ ក្នុងរជ្ជកាលព្រះបាទនរោត្ដម។ព្រះបរមរាជវាំងកសាងតាមរចនាបថបាយ័ន ដែល មានក្លោងទ្វារចេញចូល ចំនួន៥ហើយទ្វារទាំង៥នោះ ត្រូវបានគេសង់មិនឲ្យចាក់ចំគ្នាឡើយ។

ព្រះបរមរាជវាំង ត្រូវបានចាត់ទុកជាតំណាងប្រទេសជាតិទាំងមូលហើយរាល់សំណង់ប្រាសាទ នៅក្នុងព្រះបរមរាជវាំង ត្រូវបានគេលាបលំអ ដោយពណ៌លឿងតំណាងឲ្យព្រះពុទ្ធសាសនា និងពណ៌ ស តំណាងឲ្យព្រហ្មញ្ញសាសនា។ ចំពោះប្រាសាទដែលយើងលើកយកមកបង្ហាញនៅក្នុងថ្ងៃនេះគឺប្រាសាទច័ន្ទឆាយាដែលជាសំណង់សំខាន់មួយក្នុងព្រះបរមរាជវាំង។

ប្រាសាទច័ន្ទឆាយា ស្ថិតនៅជាប់កំពែងខាងមុខឈៀងខាងជើងនៃព្រះបរមរាជវាំង កសាង ឡើងនាឆ្នាំ ១៩១៣ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ។ សំណង់ស្ថាបត្យកម្ម មានរាងខ្ពស់ ស្រលះ គ្មានជញ្ជាំងដើម្បីឲ្យព្រះច័ន្ទចាំងរស្មីទៅខាងក្នុង ផ្នែកខាងលើនៃប្រាសាទ នេះគ្មានបន្ទប់ទេ គឺជាធ្លាសម្រាប់រាំក្បាច់របាំ ដើម្បីសម្ដែងទស្សនីយភាពនិង ព្រះរាជ ពិធីលៀងសាយភោជន៍ ជូនភ្ញៀវជាន់ខ្ពស់។

បច្ចុប្បន្ន ប្រាសាទនេះគឺសំរាប់ជាវេទិកា កិត្តិយស ដែលព្រះមហាក្សត្រទ្រង់ទតការហែក្បួនព្យុហយាត្រា នៃថ្ងៃបុណ្យកងទ័ពជាតិ និងជា វេទិកាកិត្តិយសពេលដែលព្រះមហាក្សត្រ ទ្រង់ថ្លែងសុន្ទរក ថាទៅកាន់ប្រជារាស្ត្ររបស់ ព្រះអង្គនៅពេលមានពិធីបុណ្យសំខាន់ៗ ផ្សេងៗ។ គិតមកទល់ឆ្នាំ២០២១នេះ ប្រាសាទច័ន្ទឆាយា (ប្រែថាស្រមោលព្រះច័ន្ទ) គឺមានអាយុកាល ១០៨ឆ្នាំ​ហើយ។ ខាងក្រោមគឺរូបភាពប្រាសាទច័ន្ទឆាយាមុនការជួសជុលធ្វើពីស៊ីម៉ង់ត៍ ផ្សព្វផ្សាយដោយលោក Prim Sowathdara៕

ប្រភព៖ WowCambodian

កែសម្រួល៖ សៀនហួរ

មតិយោបល់
អត្ថបទថ្មី