- 2021-10-06 00:30:00
- ព័ត៌មាន
មកដឹងពីការធ្វើបាយបិណ្ឌ និងរបៀបនៃការបោះបាយបិណ្ឌ ឲ្យត្រូវតាមក្បូនចាស់បុរាណ
- 2021-10-06 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីការធ្វើបាយបិណ្ឌ និងរបៀបនៃការបោះបាយបិណ្ឌ ឲ្យត្រូវតាមក្បូនចាស់បុរាណ
ចន្លោះមិនឃើញ
«ពិធីបោះបាយបិណ្ឌ» ក៏ជាផ្នែកសំខាន់មួយផងដែរក្នុងពិធីបុណ្យភ្ជុំបិណ្ឌ បើទោះបីពិធីនេះមិនមានក្នុងគម្ពីរព្រះប្រៃតិដក តែគម្ពីរដដែលនេះ មានរឿងរ៉ាវទាក់ទងនឹងប្រែត ឬមនុស្សស្រែកឃ្លាន ដោយរៀបរាប់ថា សត្វប្រេត មាន១២ពួក ជាពពួកសត្វ ដែលមានស្ថាន ឬភព ជាទីអាស្រ័យ និងជាទីចាប់កំណើត ដូចសត្វដទៃទៀតដែរ។
យោងតាមឯកសារចងក្រងដោយ លោកស្រី ជា វណ្ណី ប្រធានផ្នែកធម្មសាស្ត្រនិងចរិយាសាស្ត្រនៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម រាជបណ្ឌិត្យសភាកម្ពុជា បានឲ្យដឹងថា ការបោះបាយបិណ្ឌ គេធ្វើឡើងនៅព្រលឹមម៉ោង៤ព្រឹក ប្រជាពលរដ្ឋតែងតែនាំគ្នាដើរទៅវត្ដអារ៉ាមនានាដែលស្ថិតនៅក្នុងភូមិ ឬនៅក្បែរ ផ្ទះរបស់ខ្លួន ជាមួយនឹងនំចំណីដែលធ្វើរួចជាស្រេចដើម្បីយកទៅវត្ត។ ការបោះបាយបិណ្ឌជាជំនឿអរូបិយមួយ ផងដែរ ដែលប្រជាពលរដ្ឋខ្មែរយើងនិយមធ្វើជារៀងរាល់ព្រឹក ដើម្បីបញ្ជូនឬឧទ្ទិសកុសលឱ្យទៅញាតិសន្ដាន សាច់សាលោហិតដែលបានចែកឋានទៅបរលោក។
ការបោះបាយបិណ្ឌ(ការបោះដុំបាយ) ជាសកម្មភាពមួយ ដែលមិនទាន់មានឯកភាពគ្នានៅក្នុងសង្គមពុទ្ធសាសនិកនៅឡើយ ដោយអ្នកខ្លះបានចាត់ទុកការបោះបិណ្ឌជា កិច្ចដ៏សំខាន់មួយមិនអាចខានបាននៅក្នុងរដូវបុណ្យកាន់បិណ្ឌនេះ ខណៈដែលអ្នកខ្លះបានអះអាង និងរិះគន់ថា ការបោះបាយបិណ្ឌជាទង្វើមិនត្រឹមត្រូវ ជាភាពខ្ជះខ្ចាយជាការធ្វើមិនគោរពទានជាដើម។ អ្នកដែលជឿថា បោះ បាយបិណ្ឌមានប្រយោជន៍គិតថា បោះបាយបិណ្ឌគឺបោះឱ្យពួកប្រេត (ហេតុនេះទើបនៅតំបន់ខ្លះមិនហៅបាយ បិណ្ឌទេ គេហៅថាបាយប្រេត)។ ចំណែកអ្នកពុទ្ធនិយមខ្លះទៀតបានអះអាងថា ការបោះបាយបិណ្ឌជាការធ្វើ ទានមិនត្រឹមត្រូវតាមការបង្រៀនរបស់ព្រះពុទ្ធឡើយ។
ពាក្យថា «បិណ្ឌ» បានន័យថា ពំនូតបាយដែលគេឧទ្ទិសដល់ខ្មោចដែលបានស្លាប់ទៅ។ គេដាក់បាយ បិណ្ឌក្នុងថាស១ យកទៅវត្ត។ នៅពាក់កណ្តាល បាយបិណ្ឌ មានបាយ បិតបូរ ដែលគេដាក់លើជើងពានមួយ។ បាយបិតបូរ ដូចគ្នានឹងបាយបិណ្ឌដែរ ប៉ុន្តែគេធ្វើរាងស្រួចដូចសាជី ហើយធ្វើគំរបស្លឹកចេកគ្របពីលើ ដោយចោះកំពូលទុកដោតទៀនធូប និងផ្កា។ នៅតំបន់ខ្លះ គេធ្វើបាយបិណ្ឌដាក់ក្នុងកន្ទោងចំនួន៨ព័ទ្ធជុំវិញបាយបិត បូរ។ ក្នុងកន្ទោងនីមួយៗមានពំនូតបាយបិណ្ឌពី១ទៅ១៥ដុំ។ គេនិយមទៅបោះបាយបិណ្ឌនៅឯវត្តវេលាទៀប ភ្លឺ ដោយគេជឿថា ធ្វើបែបនេះពួកប្រេតទទួល បានដោយផ្ទាល់។
ព្រមគ្នាជាមួយនឹងព្រះសង្ឃសូត្រធម៌ ពុទ្ធបរិស័ទទាំងអស់ កាន់ចានបាយបិណ្ឌរៀងៗខ្លួន ដើរតម្រង់ ទៅព្រះវិហារដើម្បីធ្វើពិធីបោះបាយបិណ្ឌ។ ពេលដើរ ជុំវិញព្រះវិហារនោះ គេត្រូវដុតធូបប្រាំសរសៃ ដាក់នៅលើចានបាយបិណ្ឌ។ ដើរបានមួយជុំ អាចារ្យប្រកាសថា អនុមោទនាលើកអើយ!! ។ ពុទ្ធបរិស័ទទាំងអស់គ្នាស្រែកថា៖ សាធុ!។ រួចគេចាប់យកបាយ១ដុំដាក់ទៅលើដី ឬបោះទៅទីឆ្ងាយ ហើយដោតធូបមួយសរសៃ ឬផ្កាផ្សេងៗ១ទងនៅលើដីដែរ។ គេធ្វើបែបនេះ គម្រប់៣ដង រឺ ទៅកាន់ទីដែលនៅជិត ឯបាយបិណ្ឌនិងធូបនៅសល់ គេនាំយកតាមអាចារ្យ ដែលអញ្ជើញចេញទៅក្រៅវត្ត ខ្ទមអ្នកតា ឬក្រោមដើមឈើធំៗហើយអុជធូប និងចាក់បាយបិណ្ឌទាំងអស់នោះ ទៅលើដីដើម្បីឱ្យខ្មោចដែល គ្មានបងប្អូន ធ្វើបុណ្យបញ្ជូនឱ្យ ។ អាចារ្យហាមមិនឱ្យលាងចាននិងដៃនៅទីនោះឡើយ ។ បន្ទាប់មក អាចារ្យ ធ្វើ ពិធីបង្សុកូល ច្រូចទឹកលើនំចំណី និងបាយបិណ្ឌឱ្យប្រែត ទាំងនោះដែលមកថាទទួលដែរ តែគ្មានញាតិសណ្ដានឧទ្ទិសឲ្យ។
ក្រៅពីតង្វាយផ្សេងៗនៅក្នុងសាលាបុណ្យនៃវត្ត គេនាំគ្នារៀបចំតុបតែងធ្វើផ្កាបិណ្ឌ ដែលមានរាងមូល ស្រួចដូចសាជី។ នៅលើកំពូលផ្កាបិណ្ឌ គេធ្វើរូបហង្សទ្រទៀន ដែលគេអុជរាល់យប់នៅពេលកាន់បិណ្ឌ។ គេថា ផ្កាបិណ្ឌ នេះជាតង្វាយចំពោះព្រះចូឡាមណីចេតីយ។ មុនថ្ងៃ ភ្ជុំបិណ្ឌ១ថ្ងៃ គឺថ្ងៃ១៤រោចនៅតាមផ្ទះនីមួយៗ គេនិយមធ្វើនំអន្សម នំគមសម្រាប់យកទៅប្រគេនលោក ឧទ្ទិសដល់អ្នកដែលបានស្លាប់ទៅហើយផង ចែកចាយ ដល់អ្នកជិតខាង ឬមិត្តភក្តិផង។ នៅពេលយប់នៃថ្ងៃនោះ នៅឯវត្តមានពិធីបង្សុកូលជូនវិញ្ញាណក្ខន្ធ អ្នកដែល បានបាត់បង់ជីវិតទៅហើយ មានការសូត្រធម៌ និងការសម្ដែងធម្មទេសនារហូតដល់ភ្លឺ។
លុះស្អែកឡើង ថ្ងៃ១៥ រោចខែភទ្របទ ដែលជាថ្ងៃចុងក្រោយនៃពិធីភ្ជុំបិណ្ឌ ហើយដែលជាថ្ងៃសំខាន់ជាងគេ អ្នកស្រុកគ្រប់ផ្ទះនាំគ្នាទៅ ប្រជុំនៅវត្ត។ អ្នកខ្លះកាន់បាយបិណ្ឌ បាយបិតបូរ ខ្លះកាន់នំអន្សម នំគមនិងនំចំណីផ្សេងៗ ខ្លះទៀតកាន់ចាន ស្រាក់ដាក់ចង្ហាន់ទៅប្រគេនព្រះសង្ឃ។ ក្រៅពីពិធីភ្ជុំបិណ្ឌដែលធ្វើនៅវត្តមានពិធីសែនព្រេននៅតាមផ្ទះនៅ វេលាព្រលប់នៃថ្ងៃបង្ហើយនោះដែរ។ នៅកណ្តាល ផ្ទះល្វែង គេក្រាលកន្ទេលដាក់ខ្នើយនៅក្បាលកន្ទេល រួចយក សំពតសមកក្រាលពីលើខ្នើយនិងកន្ទេលនោះ។ ពេលនោះ គេរៀបថាស ម្ហូបនំចំណី បាយបិណ្ឌ បាយបិតបូរ ផ្តិលទឹក ពានស្លាម្លូ ពានបារី។
គ្រួសារទាំងអស់មកអង្គុយជុំវិញរណ្តាប់ ទាំងនោះ ហើយមេគ្រួសារអុជទៀនធូប វិញ្ញាណក្ខន្ធដូនតាមកពិសាក្រយានេះ ហើយសុំឱ្យជួយថែរក្សាកូនចៅ នៅរស់ឱ្យបានសុខសប្បាយផង។ លុះព្រឹកឡើង គេរៀបដាក់នំចំណីក្នុងកូនទូកធ្វើអំពីដើមចេកហើយ បណ្ដែតលើទឹក (ពិធីបណ្តែតប្រទីប សម្រាប់ដូនតា) ដើម្បីជូនដំណើរដូនតាទៅវិញ។ អញ្ជើញវិញ្ញាណក្ខន្ធដូនតាមកពិសាក្រយ៉ានេះ ហើយសុំឱ្យជួយថែរក្សាកូនចៅ នៅរស់ឱ្យបានសុខសប្បាយផង។ លុះព្រឹកឡើងគេរៀបដាក់នំចំណីក្នុងកូនទូក បណ្ដែតលើទឹក (ពិធីបណ្តែតប្រទីប សម្រាប់ដូនតា) ដើម្បីជូនដំណើរដូនតាទៅវិញ។
ពិធីបណ្តែតប្រទីបសម្រាប់ដូនតាមានតាំងពីបុរាណកាលមករហូតដល់សព្វថ្ងៃ គឺមានប្រជាជនក្នុងភូមិ ស្រុកមួយ ដែលនៅប្រកាន់ខ្ជាប់ពិធីសែនព្រេន គេបានជួបជុំនៅពេលរសៀលនៃថ្ងៃបុណ្យភ្ជុំ ដោយអ្នកស្រុក រៀបចំតុបតែងលម្អទូកតូចៗដែលគេច្នៃពីដើមគរ ដើមស្នា ស្រទបចេក ដើមចេក ឬដើមក៏ប្លោក មួយឬពីរ យ៉ាងស្អាតសមសួន។ បន្ទាប់មកគេក៏មានរៀបចំ ច្រកភោគផល សម្លៀកបំពាក់ និងម្ហូបអាហារ មាន ស្រូវ អង្គរ ល្ងរ សណ្តែក គ្រឿងទេស ត្រីងៀត ត្រីឆ្អើរ នំគម នំអន្សម ម្លូរ ស្លា បារី កំបោ ជាកញ្ចប់តូចៗសមល្មម ដែលទូក តូចៗទាំងនោះ អាចចំណុះបាន (បរិមាណជានិមិត្តរូបនៃស្បៀងអាហារ និងភោគផលខ្មែរ) ឯលើទូកទៀតសោត គេមានតុបតែងលម្អដោយភ្លើងពណ៌ ទៀន ធូប ចង្កៀង ផ្កាធ្វើពីក្រដាស ឬក្រណាត់ចម្រុះពណ៌។
ក្រោយ ពីគេរៀបចំទូកបានស្អាតរួចរាល់ហើយ គេក៏យកទូកនិងរបស់របរទាំងនោះ ទៅដាក់នៅកណ្តាលផ្ទះល្វែង និងកន្ទេលនោះ។ ដោយ មានក្រាលកន្ទេល ដាក់ខ្នើយនៅក្បាលកន្ទេល រួចយកសំពត់សមកក្រាលពីលើខ្នើយ ពេលនោះ គេរៀបថាស ម្ហូបនំចំណី បាយបិណ្ឌ បាយបិតបូរផ្តិលទឹក ពានស្លាម្លូ ពានបារី។ គ្រួសារទាំងអស់ មកអង្គុយជុំវិញរណ្តាប់ ទាំងនោះ ហើយមេគ្រួសារអុជទៀនធូប អញ្ជើញវិញ្ញាណក្ខន្ធដូនតា មកពិសាក្រយ៉ានេះ ហើយសុំឱ្យជួយថែរក្សា កូនចៅ នៅរស់ឱ្យបានសុខសប្បាយ។ លុះព្រឹកឡើង គេរៀបដាក់នំចំណី ក្នុងកូនទូកធ្វើ អំពីដើមចេក ហើយ បណ្តែតលើទឹក ដើម្បីជូនដំណើរដូនតាទៅវិញ ។ មុននឹងទៅដល់កំពង់ទឹក ក្នុងវេលា ម៉ោង ៣ទៀបភ្លឺ អ្នកស្រុកភូមិទាំងអស់ បាននាំគ្នាក្រោកឡើង ប្រកូកប្រកាសគ្នីគ្នា ដើម្បីយកទូកដូនតាទៅប្រជុំ គ្នានៅកណ្ដាលភូមិ បន្ទាប់មកម៉ោងប្រហែល៤ភ្លឺនៃយប់ថ្ងៃភ្ជុំបិណ្ឌ គេក៏នាំគ្នាដង្ហែទូកទាំងនោះ យកទៅបន្ត នៅមាត់ទន្លេ ជាថ្ងៃដែលសប្បាយបំផុតសម្រាប់អ្នកភូមិ៕
ប្រភព៖ លោកស្រី ជា វណ្ណី ប្រធានផ្នែកធម្មសាស្ត្រនិងចរិយាសាស្ត្រនៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម រាជបណ្ឌិត្យសភាកម្ពុជា