- 2021-10-11 06:28:56
- ព័ត៌មាន
មកដឹងអំពីរឿងរ៉ាវខ្លះៗជាប់ទាក់ទងនឹង ប្រវត្តិឈ្មោះខេត្តក្រចេះជាដែនដីប្រវត្តិសាស្ត្រមួយ តាំងពីសម័យចេនឡាមកម្ល៉េះ
- 2021-10-11 06:28:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងអំពីរឿងរ៉ាវខ្លះៗជាប់ទាក់ទងនឹង ប្រវត្តិឈ្មោះខេត្តក្រចេះជាដែនដីប្រវត្តិសាស្ត្រមួយ តាំងពីសម័យចេនឡាមកម្ល៉េះ
ចន្លោះមិនឃើញ
«ខេត្តក្រចេះ» គឺជាខេត្តនៅតំបន់ខ្ពង់រាបភាគឥសាន្តនៃប្រទេសកម្ពុជា ជាដែនដីនំក្រឡានដ៏ឆ្ងុយឆ្ងាញ់យ៉ាងល្បីល្បាញ និងជាខេត្តដែលបន្សលទុកនូវសិល្បៈសំណង់បុរាណនាសម័យបារាំងច្រើនផងដែរបន្ទាប់ពីភ្នំពេញ កំពត និងបាត់ដំបង។ «ខេត្តក្រចេះ» ស្ថិតនៅតំបន់ខ្ពង់រាបដែលសំបូរទៅដោយព្រៃឈើ សត្វព្រៃ ហើយមានទន្លេមេគង្គលើ ដែលជាប្រភពទឹក ជាជំរកមច្ឆាជាតិ និងជាពិសេសទៅទៀត ទន្លេមេគង្គមានអន្លង់ជ្រៅៗដែលជាជំរកត្រី នឹងសត្វផ្សោត ហើយសត្វផ្សោតនេះជាប្រភេទសត្វទឹកកំរ ។
សព្វថ្ងៃមានទេសចរជាតិនិងអន្តរជាតិជាច្រើនមកទស្សនាផ្សោត ដែលធ្វើឱ្យ គេស្គាល់ខេត្តក្រចេះកាន់តែច្រើន។ ដីកសិកម្មភាគច្រើនស្ថិតនៅតាមដងទន្លេព្រែកនិងទំនាបព្រៃលិចទឹកដែលមានទំហំ តូចៗ ត្រូវបានគេកំណត់ជាតំបន់ដីសើមជាច្រើនកន្លែងដែលមានសារៈសំខាន់ដល់ជីវសាស្ត្រចំរុះ។
ទីកន្លែងជាច្រើននៅក្នុងប្រទេសកម្ពុជា មានឈ្មោះប្លែកៗទៅតាមប្រវត្តិនៃតំបន់នោះ យ៉ាងណាមិញការដាក់ឈ្មោះខេត្តក្រចេះក៏មានប្រវត្តិ ដែលគួរអោយចាប់អារម្មណ៍ដែរ។ ដើម្បីជ្រាបច្បាស់ថា តើឈ្មោះខេត្តក្រចេះ នេះមានប្រភពមកពីណា តាំងពីឆ្នាំណា ក្នុងសម័យណា? មកដឹងអំពីរឿងរ៉ាវខ្លះៗដែលជាប់ទាក់ទងនឹង ប្រវត្តិឈ្មោះខេត្តក្រចេះជាដែនដីប្រវត្តិសាស្ត្រមួយនេះ។
«ខេត្តក្រចេះ» ធ្លាប់ជាអតីតរាជធានីសម្ភុបុរៈកំឡុងសម័យចេនឡាដែលរាជធានីនោះមានទីតាំងស្ថិតនៅស្រុកសំបូរ។ ខេត្តក្រចេះ ក៏បានបន្សល់នូវប្រាសាទបុរាណមួយចំនួនដែលបានកសាងឡើងនៅសតវត្សទី៨ ផងដែរ ដូចជា ប្រាសាទនាងពៅ ស្ថិតនៅឃុំសំបុក ប្រាសាទព្រះធាតុខ្វាន់ពីរ ស្ថិតនៅក្នុងស្រុកក្រចេះ ប្រាសាទទួល ត្រពាំងថ្ម ស្ថិតនៅស្រុកសំបូរនៅខាងកើត ប្រាសាទប្រាំ ប្រាសាទកោះគ្រីង ដែលមានរូបទេវៈដ៏ល្អវិចិត្រៗជាច្រើន សាលបុរាណៗ ព្រះវិហារសសរមួយរយដែលបានកសាងនៅសតវត្សទី១៦ វត្តនេះមានជាប់ទាក់ទងនឹងរឿងព្រេងខ្មែរ រឿងក្រពើនេនធន ផ្ទះបុរាណៗរបស់ខ្មែរ អគាររចនាបថបារាំង និងប្រាសាទជាច្រើនទៀត ដែលគេមិន អាចស្គាល់់ឈ្មោះ ព្រោះបានបែកបាក់អស់ហើយ។ ក្រៅពីប្រាសាទមានផ្ទាំងសិលាចារឹកដែលជា ស្នាដៃរបស់បុព្វបុរសខែ្មរ មាននៅសេសសល់រហូតដល់សព្វថៃ្ង ទាំងអស់នេះសបញ្ជាក់ឲ្យឃើញថាខេត្តក្រចេះពិតជា មានសម្បត្តិវប្បធម៌ប្រវត្តិសាស្រ្ត សម្រាប់អ្នកសិក្សា ស្រាវជ្រាវជាតិ និង អន្តរជាតិ ដើម្បីសែ្វងយល់បានកាន់តែច្រើន។
យោងតាមប្រភពឯកសារដែលចងក្រងដោយរដ្ឋបាលខេត្តក្រចេះបានបង្ហាញថា សាវតាខេត្តក្រចេះអ្នកស្រាវជ្រាវបារាំងបានបញ្ជាក់ថាមនុស្សរស់នៅកម្ពុជាដំបូងៗមានភស្ដុតាងជាង៦០ម៉ឺនឆ្នាំមុន មាននៅតំបន់ខ្ពង់រាបក្នុងតំបន់ស្រែស្បូវ រលួច ស្រែឫស្សី ..ខេត្តក្រចេះ រហូតដល់កំឡុងឆ្នាំ២៥០០ មុនគ្រិសសករាជ នៅតំបន់ស្នួល របស់ខេត្តក្រចេះ មានការកសាងរដ្ឋរបស់សហគមនុស្សដំបូងៗ រស់នៅក្នុងជំរុំដីរាងមូល នៅស្ថានីយធួនស្នួល កាំឡែក ប៉ាក់កាឡី ជើងឃ្លូ និងត្រពាំងល័ក្ស។ ប្រភពដដែលបន្តថាបើតាមវចនានុក្រមខ្មែរបានពន្យល់ពាក្យ «ក្រចេះ» ជាឈ្មោះខេត្តមួយនៃប្រទេសកម្ពុជា ។ ក្រចេះ ជាឈ្មោះម្សៅក្រអូបមួយប្រភេទ ៖ គឺម្សៅក្រចេះ តាមវចនានុក្រមខែ្មរ របស់សមេ្តចព្រះសង្ឃរាជ ជួន-ណាត លោកបានសរសេរថា «ក្រចេ» ជាពាក្យជនជាតិស្ទៀង ក្របីកំពង់ក្រចេ មានន័យថាកំពង់ចម្លងក្របី លុះក្រោយមកក៏ក្លាយជា មកជាពាក្យ «ក្រចេះ» ។
តាមការរៀបរាប់របស់ចាស់ទុំរស់នៅក្នុងតំបន់ខេត្តក្រចេះនេះ បានឲ្យដឹងទៀតថា នាដើមទសវត្សឆ្នាំ១៩០០ នៅសម័យដើមខេត្តក្រចេះ មានជនជាតិដើមភាគតិចជាច្រើនរស់នៅ ហើយមានការទាក់ទងពាណិជ្ជកម្ម ផ្សេងៗ នៅភូមិភាគឦសានទាំងមូលតាមច្រក «កំពង់ចម្លងក្របី» របស់ជនជាតិស្ទៀងឆ្លងពីក្រចេះទៅតំបន់ខាងលើ និងក្រចេះមកតំបន់ខាងក្រោម ហើយតែងតែមកផ្លាស់ប្តូរទំនិញទៅវិញទៅមកនៅ កំពង់ចម្លងនេះ **(សូមកុំច្រឡំនៅជិតកែវសីមា ភ្នងសម្លាប់ Gatille ១៩៣០’s ក្រោយមកក្លាយជាពាក្យ Kratie ឬ Kratié ជាពាក្យខុស ត្រឹមត្រូវគួរសរសេរ Kracheh)។ ក្នុងសៀវភៅប្រវត្តិសាស្ដ្រប្រទេសកម្ពុជា ចាប់ពីសតវត្សទី១ នៃគ្រឹស្ដសករាជរហូតមក របស់លោកអាដេម៉ា ឡឺក្លែរ អតីតរ៉េស៊ីដង់បារាំងប្រចាំប្រទេសកម្ពុជា បោះពុម្ព នៅទីក្រុងប៉ារីស នាឆ្នាំ១៩១៤ ក្នុងនោះមានឈ្មោះក្រុងបុរាណមួយនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ គឺទីក្រុងសម្ភុបុរៈ ។ លោក អាដេម៉ា ឡឺក្លែរ បានពន្យល់ ថា៖ សម្ភុបុរៈ=ទីក្រុងរបស់អ្នកប្រាជ្ញ ។ ភស្ដុតាងសិលាចារិកk.125 បញ្ជាក់ថា នៅខេត្តក្រចេះ មានក្រុងបុរាណមួយរបស់ខ្មែរគឺក្រុងសម្ភុបុរៈ នៅស្រុកសំបូរ ៕
ប្រភពឯកសារ ៖ រដ្ឋបាលខេត្តក្រចេះ