- 2021-10-19 06:38:37
- ព័ត៌មាន
ពូកែច្នៃគួរឱ្យសរសើរ! កូនខ្មែរម្នាក់យកសំបកកង់ឡាន-ម៉ូតូ ចាស់ៗលែងមានប្រយោជន៍ ច្នៃចេញជារូបប្លែកៗ ស្អាតឥតខ្ចោះ
- 2021-10-19 06:38:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពូកែច្នៃគួរឱ្យសរសើរ! កូនខ្មែរម្នាក់យកសំបកកង់ឡាន-ម៉ូតូ ចាស់ៗលែងមានប្រយោជន៍ ច្នៃចេញជារូបប្លែកៗ ស្អាតឥតខ្ចោះ
ចន្លោះមិនឃើញ
លោក សឿន ស៊ិនិត អាយុ៣៤ឆ្នាំ ជាម្ចាស់សិប្បកម្មកែច្នៃកង់ឡាន ម៉ូតូ និងលក់ផ្កា រស់នៅភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានគំនិតច្នៃប្រឌិតដោយយកសម្បកកង់ កង់ឡាននិងកង់ម៉ូតូចាស់ៗ មកផលិតជាឧបករណ៍សម្រាប់តាំងលម្អ និងប្រើប្រាស់ ច្នៃចេញជារូបរាងប្លែកៗស្រស់ស្អាតដូចជា រូបសត្វតោ សត្វគោព្រៃ សត្វហង្ស សត្វសេះ រូបឡានម៉ូតូ រថគ្រោះ យន្តហោះ ផើងផ្កា និងផលិតផលផ្សេងៗទៀត សម្រាប់តាំងលម្អ តាមហាង គេហដ្ឋាន សាលារៀន និងរមណីយដ្ឋានជាដើម ខណៈដែលបច្ចុប្បនុ្នការកែច្នៃដោយដៃបែបនេះ មិនសូវមានអ្នកផលិតនោះឡើយ ។
ម្ចាស់សិប្បកម្មកែច្នៃកង់ឡានម៉ូតូ វ័យ៣៤ឆ្នាំ លោកសឿន ស៊ិនិត បានប្រាប់Sabayឲ្យដឹងថា «ជារឿងសំខាន់បំផុតនិងជាចលករជំរុញឲ្យលោកចាប់ផ្ដើមកែច្នៃឧបករណ៍ និងសម្ភារៈទាំងនេះឡើងគឺជាការបន្តឆន្ទៈនិងស្នងមរតកច្នៃប្រឌិតនេះពីឪពុករបស់លោកផ្ទាល់ ដោយសារឪពុករបស់លោកចាប់ផ្ដើមធ្វើមុខរបរនេះទើបលោកចង់ស្នងនិងបន្តគោលដៅរបស់ឪពុក ដោយបោះបង់ចោលការងារដែលទទួលបានប្រាក់កម្រៃខ្ពស់សុខចិត្តមកចាប់យកមុខរបរមួយនេះ»។ លោកបន្តទៀតថា «លោកបានចាប់របរកែច្នៃសម្បកកង់ឡាន និងម៉ូតូទៅជាផលិតផលតាំងលម្អនេះ អស់រយៈពេលជាង១ឆ្នាំមកហើយ ដើម្បីបានប្រាក់កម្រៃផ្គត់ផ្គង់ជីវភាព ចូលរួមកិច្ចការកាត់បន្ថយកាកសំណល់ ជួយផ្ដល់ការងារដល់ពលរដ្ឋក្នុងសហគមន៍ ក៏ដូចជាការរួមចំណែកក្នុងការអភិវឌ្ឍសង្គមនិងបរិស្ថាន» ។ ទន្ទឹមនេះលោកក៏បានបញ្ជាក់ផងដែរថា សិប្បកម្មកែច្នៃកង់់ឡាន ម៉ូតូនេះ គឺលោកមានជួលកូនជាងចំនួន៦ទៅ១០នាក់ដែរ ដោយបានប្រមូលទិញ សម្បកកង់ឡានពីតំបន់ផ្សេង នេះក៏ជាការបង្កើតមុខរបរថ្មីបន្ថែមទៀតដល់ពលរដ្ឋក្នុងភូមិដើម្បីកាត់បន្ថយការចំណាកស្រុកផងដែរ។
លោកបន្តថា សម្រាប់ផលិតផលកែច្នៃដោយដៃនេះ គឺផ្ដោតយកសម្បកកង់ឡាន និងកង់ម៉ូតូមកផលិត និងបានសម្រិតសម្រាំងយកគុណភាព ជាចម្បង។ លោកចាប់យករបរនេះ ដោយសារតែការស្រឡាញ់ ហើយលោកបានខិតខំសិក្សាស្វែងយល់ពីបច្ចេកទេសផលិតឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ណាមួយដោយសង្កេតឃើញថា នៅពេលបច្ចុប្បន្ននេះការកែច្នៃផលិតផលតាំងលម្អដោយដៃមិនសូវមានអ្នកផលិត ណាមួយគឺអាចជួយកាត់បន្ថយផ្នែកបរិស្ថានផង និងដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ក្នុងខេត្ត និងនាំចេញទៅលក់នៅតាមរាជធានី និងខេត្តផ្សេងៗទៀត ខណៈដែលមានអតិថិជនខ្លះ បានចុះទៅកម្ម៉ង់ដល់សិប្បកម្មតែម្តង ។
លោក សឿន ស៊ិនិត បញ្ជាក់ផងដែរថា ចំពោះឧបករណ៍និងរូបសត្វនីមួយៗ ដែលលោកកែច្នៃរួចគឺ ត្រូវការជាង ៣ទៅ៤នាក់ត្រូវចំណាយពេលយូរប្រមាណចន្លោះពី៤ទៅ៥ថ្ងៃទើបធ្វើរួចរាល់។ រីឯតម្លៃវិញ អាស្រ័យលើម៉ូត ទំហំ និងការកុម៉ង់របស់អតិថិជនដោយម៉ូតខ្លះគឺចន្លោះពី ២០០ ទៅ ៥០០ ដុល្លារផងដែរ។ ម្ចាស់សិប្បកម្មរូបនេះបានប្រាប់ទៀតថា លោកមិនមែនជាសិប្បកម្មចំបើង រាល់ការច្នៃប្រឌិតរបស់លោកផ្ដោតលើគុណភាព មានគ្រឿងត្រឹមត្រូវ ច្នៃឡើងដោយយកចិត្តទុកដាក់ខ្ពស់ សម្រិតសម្រាំង ទើបទទួលបានការចាប់អារម្មណ៍គាំទ្រទាំងក្នុងនិងក្រៅស្រុក ពិសេសមានបរទេសចាប់អារម្មណ៍ច្រើន និងរហូតដល់ប្រទេសជិតខាងចង់ទំនាន់ទំនងទិញទៅក្រៅប្រទេសផងដែរ។
ជាមួយគ្នានេះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូម ចូលរួមជួយគាំទ្រផលិតផលខ្មែរ ដែលខ្មែរយើងផលិតបាន ដើម្បីជាការលើកទឹកចិត្តដល់ប្រជាជនដែលបានផលិត រួមទាំងចូលរួមថែរក្សាធនធាន បរិស្ថានផងដែរ។ លោកថាទោះមិនទិញក៏អាចចូលថតរូបលេងទុកជាការលើកទឹកចិត្តដល់អ្នកច្នៃប្រឌិតដែរ ហើយលោកនឹងបន្តកិច្ចការនេះដោយច្នៃបង្កើតអ្វីដែលថ្មីបន្ថែមទៀតដើម្បីបង្ហាញដល់បរទេសថាខ្មែរយើងពិតជាមិនធម្មតាមានសម្ថតភាពអាចកែច្នៃសម្ភារៈដែលទាក់ទាញប្លែកៗជាច្រើន៕