- 2021-10-21 03:09:22
- ព័ត៌មាន
ជួយលើកស្ទួយផង! កូនខ្មែរទាំងពីររូបនេះ មានទេពកោសល្យអស្ចារ្យ យកគ្រឿងបន្លាស់ សំបកកង់ម៉ូតូ-ឡាន ច្នៃជាវត្ថុដ៏មានតម្លៃល្អឥតខ្ចោះ
- 2021-10-21 03:09:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជួយលើកស្ទួយផង! កូនខ្មែរទាំងពីររូបនេះ មានទេពកោសល្យអស្ចារ្យ យកគ្រឿងបន្លាស់ សំបកកង់ម៉ូតូ-ឡាន ច្នៃជាវត្ថុដ៏មានតម្លៃល្អឥតខ្ចោះ
ចន្លោះមិនឃើញ
រថយន្ដ ម៉ូតូ ឬសម្ភារផ្សេងៗដែលដំណើរការដោយម៉ាស៊ីន ជាទូទៅមនុស្សភាគច្រើនគិតថា វាតែងអស់តម្លៃបន្តិចនៅពេលដែលគេប្រើប្រាស់យូរឆ្នាំ ។ ផ្ទុយពីការគិតនេះ បុរសខ្មែរ២រូបនេះ បែរជាមានគំនិតថា ឡាន-ម៉ូតូចាស់ៗមានគុណសម្បត្តិច្រើនជាងឡាន-ម៉ូតូថ្មីទៅវិញ ហើយការបោះរបស់ខូចៗចោលគឺជារឿងខ្ជះខ្ជាយបំផុត យើងត្រូវជួសជុលឲ្យអស់ពីសមត្ថភាព និងសង្គ្រោះវាឲ្យបាន មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ។ការច្នៃពីគ្រឿងបន្លាស់និងសម្បកកង់ឡាន-ម៉ូតូ ជាគ្រឿងដែលគ្មានអ្នកត្រូវការ ចាស់ៗលែងមានប្រយោជន៍ បុរស២រូបខាងក្រោមនេះ បានផ្លាស់ប្តូរវាឲ្យទៅជារបស់មានរូបរាងប្លែកល្អស្អាតឥតខ្ចោះ។
ទី១៖ លោក សឿន ស៊ិនិត ជាម្ចាស់សិប្បកម្មកែច្នៃកង់ឡាន ម៉ូតូ និងលក់ផ្កា
លោក សឿន ស៊ិនិត អាយុ៣៤ឆ្នាំ ជាម្ចាស់សិប្បកម្មកែច្នៃកង់ឡាន ម៉ូតូ និងលក់ផ្កា រស់នៅភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ លោកមានគំនិតច្នៃប្រឌិតដោយយកសម្បកកង់ កង់ឡាននិងកង់ម៉ូតូចាស់ៗ មកផលិតជាឧបករណ៍សម្រាប់តាំងលម្អ និងប្រើប្រាស់ ច្នៃចេញជារូបរាងប្លែកៗស្រស់ស្អាតដូចជា រូបសត្វតោ សត្វគោព្រៃ សត្វហង្ស សត្វសេះ រូបឡានម៉ូតូ រថគ្រោះ យន្តហោះ ផើងផ្កា និងផលិតផលផ្សេងៗទៀត សម្រាប់តាំងលម្អ តាមហាង គេហដ្ឋាន សាលារៀន និងរមណីយដ្ឋានជាដើម ខណៈដែលបច្ចុប្បនុ្នការកែច្នៃដោយដៃបែបនេះ មិនសូវមានអ្នកផលិតនោះឡើយ ។
ម្ចាស់សិប្បកម្មកែច្នៃកង់ឡានម៉ូតូ វ័យ៣៤ឆ្នាំ លោកសឿន ស៊ិនិត បានប្រាប់Sabayឲ្យដឹងថា «ជារឿងសំខាន់បំផុតនិងជាចលករជំរុញឲ្យលោកចាប់ផ្ដើមកែច្នៃឧបករណ៍ និងសម្ភារៈទាំងនេះឡើងគឺជាការបន្តឆន្ទៈនិងស្នងមរតកច្នៃប្រឌិតនេះពីឪពុករបស់លោកផ្ទាល់ ដោយសារឪពុករបស់លោកចាប់ផ្ដើមធ្វើមុខរបរនេះទើបលោកចង់ស្នងនិងបន្តគោលដៅរបស់ឪពុក ដោយបោះបង់ចោលការងារដែលទទួលបានប្រាក់កម្រៃខ្ពស់សុខចិត្តមកចាប់យកមុខរបរមួយនេះ»។ លោកបន្តទៀតថា «លោកបានចាប់របរកែច្នៃសម្បកកង់ឡាន និងម៉ូតូទៅជាផលិតផលតាំងលម្អនេះ អស់រយៈពេលជាង១ឆ្នាំមកហើយ ដើម្បីបានប្រាក់កម្រៃផ្គត់ផ្គង់ជីវភាព ចូលរួមកិច្ចការកាត់បន្ថយកាកសំណល់ ជួយផ្ដល់ការងារដល់ពលរដ្ឋក្នុងសហគមន៍ ក៏ដូចជាការរួមចំណែកក្នុងការអភិវឌ្ឍសង្គមនិងបរិស្ថាន» ។ ទន្ទឹមនេះលោកក៏បានបញ្ជាក់ផងដែរថា សិប្បកម្មកែច្នៃកង់់ឡាន ម៉ូតូនេះ គឺលោកមានជួលកូនជាងចំនួន៦ទៅ១០នាក់ដែរ ដោយបានប្រមូលទិញ សម្បកកង់ឡានពីតំបន់ផ្សេង នេះក៏ជាការបង្កើតមុខរបរថ្មីបន្ថែមទៀតដល់ពលរដ្ឋក្នុងភូមិដើម្បីកាត់បន្ថយការចំណាកស្រុកផងដែរ។
ទី២៖ លោក អ៊ូ វណ្ណឌី គឺជាធ្វើរូបចម្លាក់ផ្សេងៗពីគ្រឿងបន្លាស់ម៉ូតូ រថយន្ត និង សម្ភារផ្ទះបាយ
លោក អ៊ូ វណ្ណឌី គឺជាអតីតនិស្សិតសិល្បៈសូន្យរូបផ្នែកចម្លាក់ទំនើប នៅមហាវិទ្យាល័យសិល្បៈសូន្យរូប( សាលារចនា ក្បែរព្រះបរមរាជវាំង) ដែលលោកបានបញ្ចប់ការសិក្សា នៅឆ្នាំ ២០០៥ ។ លោក អ៊ូ វណ្ណឌី បានធ្វើឱ្យមហាជនបានស្គាល់ពីស្នាដៃ ការច្នៃប្រឌិត និង ទេពកោសល្យរបស់លោកក្នុងការធ្វើរូបចម្លាក់ផ្សេងៗពីគ្រឿងបន្លាស់ម៉ូតូ រថយន្ត និង សម្ភារផ្ទះបាយចាស់ៗឱ្យចេញជារូបផ្សេងៗបានយ៉ាងស្រស់ស្អាត និង ទាក់ទាញបំផុត ។ ក្នុងចំណោមរូបទាំងអស់នោះគឺភាគច្រើន ធ្វើពីគ្រឿងបន្លាស់ម៉ូតូចាស់ៗ គ្រឿងបន្លាស់ឡានខ្លះ គ្រឿងសម្ភារផ្ទះបាយខ្លះ ដែលយើងបានយកមកដើម្បីបង្កើតជារូប ដូចជាក្បាលដំរី និង រូបផ្សេងៗជាច្រើនទៀត ។
លោក អ៊ូ វណ្ណឌី បានចាប់ផ្តើមធ្វើខ្លួនឯង ជាពីរដំណាក់កាល ដោយនៅឆ្នាំ ២០១៧ -២០១៨ ខ្ញុំបានធ្វើម្តង ប៉ុន្តែមិនទាន់មានការគាំទ្រ ខ្ញុំក៏បានផ្អាកទៅវិញទៅ ទើបនៅដើមឆ្នាំ ២០១៩កន្លងទៅថ្មីៗនេះ ទើបខ្ញុំចាប់ផ្តើមធ្វើរូបធំៗដើម្បីឱ្យមានការចាប់អារម្មណ៍ពីមហាជនវិញ ។ រូបដែលខ្ញុំចាប់ផ្តើមធ្វើឡើងវិញនោះគឺរូប ព្រះពុទ្ធ បដិមា ដែលធ្វើពីស្ពាន ឱ្យសណ្ឋាគារមួយនៅខេត្តព្រះសីហនុ ។ បន្ទាប់មកទៀត ស្ថានទូតបារាំងបានចាប់អារម្មណ៍ជាមួយស្នាដៃខ្ញុំ ក៏បានហៅខ្ញុំចូលរួមតាំងពិព័រនៅស្ថានទូត ខ្ញុំក៏បានធ្វើរូបគោព្រៃមួយមានកម្ពស់ ២,៥០ម៉ែត្រ និង បណ្តោយ ៣ម៉ែត្រ , បន្ទាប់មកទៀតខ្ញុំបានធ្វើរូបផ្សេងៗទៀតប្រហែលពី ១៥ទៅ ២០រូបទៀត ដើម្បីចូលរួមតាំងពិព័រ នៅវិទ្យាស្ថានបារាំង ។
បន្ទាប់ពីខ្ញុំចាប់ផ្តើមធ្វើរូបឡើងវិញ នៅក្នុងឆ្នាំ ២០៩ រហូតមកដល់ពេលនេះគឺ មានរូបចំនួន ២៧រូប ភាគច្រើនជារូបធំៗ ដែលមានកម្ពស់ចាប់ពី ២,៥០ម៉ែត្រឡើងទៅ ។ ក្នុងចំណោមរូបទាំងអស់នោះគឺភាគច្រើនយើងធ្វើពីគ្រឿងបន្លាស់ម៉ូតូចាស់ៗ គ្រឿងបន្លាស់ឡានខ្លះ គ្រឿងសម្ភារផ្ទះបាយខ្លះ ដែលយើងបានយកមកដើម្បីបង្កើតជារូប ដូចជាក្បាលដំរី និង រូបផ្សេងៗជាច្រើនទៀត ។
ជារួមគេសង្កេតឃើញថា ការច្នៃប្រឌិតរបស់បុរសទាំង២រូបនេះ គឺសុទ្ធសឹងតែមានទេពកោសល្យ និងសម្ថតភាពខ្ពស់ ហើយធ្វើឡើងដើម្បីបានប្រាក់កម្រៃផ្គត់ផ្គង់ជីវភាពមួយផ្នែក និងចូលរួមកិច្ចការកាត់បន្ថយកាកសំណល់ ជួយផ្ដល់ការងារដល់ពលរដ្ឋក្នុងសហគមន៍ ក៏ដូចជាការរួមចំណែកក្នុងការអភិវឌ្ឍសង្គមនិងបរិស្ថាន បានយ៉ាងល្អប្រសើរបំផុត៕