
- 2021-11-17 09:27:05
- ព័ត៌មាន
ក្តាន់ ប្រភេទសត្វកម្រ ដែលផុតពូជបាត់ទៅហើយពីប្រទេសចិន ឡាវ ភូមា និងវៀតណាម បន្តមានវត្តមាននៅកម្ពុជា
- 2021-11-17 09:27:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្តាន់ ប្រភេទសត្វកម្រ ដែលផុតពូជបាត់ទៅហើយពីប្រទេសចិន ឡាវ ភូមា និងវៀតណាម បន្តមានវត្តមាននៅកម្ពុជា
ចន្លោះមិនឃើញ
សត្វក្តាន់ជាប្រភេទសត្វដែលត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វទទួលរងគ្រោះថ្នាក់ជាសកល ក្នុងបញ្ជីប្រហម IUCN និងត្រូវបានចាត់ចូលក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស ហើយត្រូវបានគេសន្មត់ថាបានផុតពូជពីប្រទេសកម្ពុជា រហូតដល់ឆ្នាំ២០០៦ នៅពេលដែលសត្វក្តាន់ត្រូវបានគេរកឃើញឡើងវិញនៅក្នុងតំបន់ការពារធម្មជាតិនៅខេត្តក្រចេះ។
រូបភាពថ្មីៗបង្ហាញពីវត្តមានសត្វក្តាន់នៅក្នុងប្រទេសកម្ពុជា គឺតាមរយៈរូបថតកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ដែលត្រូវបានក្រុមការងារស្រាវជ្រាវ និងពង្រឹងការអនុវត្តច្បាប់មកពីមន្ទីរបរិស្ថានខេត្តក្រចេះ ខណ្ឌរដ្ឋបាលព្រៃឈើ អង្គការ WWF និង សមាជិកក្រុមល្បាតសហគមន៍ ថតបានតាមរយៈការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ (camera trap) ដែលបានដំឡើងក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ។
នេះគឺជាភស្តុតាងមួយសំខាន់បញ្ជាក់ពីភាពនៅរស់រានមានជីវិតរបស់សត្វក្តាន់នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជាយើងនៅឡើយ។ ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធរួមនឹងអង្គការដៃគូបាននិងកំពុងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការ ការពារនិងអភិរក្សសត្វក្តាន់ដ៏កម្រនេះតាមរយៈការរឹតបន្តឹងការអនុវត្តច្បាប់ បង្កើនការល្បាត និងការអប់រំ ផ្សព្វផ្សាយ ការទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃ ទប់ស្កាត់ការលួចបរបាញ់ និងការដាក់អន្ទាក់ និងការដោះអន្ទាក់ចេញពីតំបន់ធម្មជាតិជាដើម។
តាមការសិក្សា សត្វក្តាន់មាននៅភូមិភាគខាងជើង និរតី និងខាងកើតទន្លេមេគង្គនៃប្រទេសកម្ពុជា។ វាក៏មានផងដែរនៅទីជម្រកព្រៃនៃប្រទេសឥណ្ឌា រហូតដល់ប្រទេសភូមា ថៃ ឡាវ និងប្រទេសវៀតណាម ប៉ុន្តែប្រភេទនេះវាមានចំនួនថយចុះយ៉ាងខ្លាំងនៅភូមិភាគអាស៊ីអាគ្នេយ៍ដោយសារការបាត់បង់ទីជម្រក និងការបរបាញ់ ហើយបច្ចុប្បន្ននៅតំបន់ជាច្រើនប្រភេទនេះត្រូវបានផុតពូជពីព្រៃធម្មជាតិ ក្នុងនោះគេជឿថាវាបានផុតពូជបាត់ទៅហើយពីប្រទេសចិន ឡាវ ភូមា និងវៀតណាម៕