- 2021-11-19 02:30:00
- ព័ត៌មាន
តើធ្លាប់ដឹងទេ? ប្រាសាទបន្ទាយស្រី មានចម្លាក់ទេពអប្សរាចំនួន១៥០០សុទ្ធតែខុសគ្នាទាំងអស់ ឆ្លាក់លើថ្មភក់ពណ៌ស៊ីជម្ពូ
- 2021-11-19 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើធ្លាប់ដឹងទេ? ប្រាសាទបន្ទាយស្រី មានចម្លាក់ទេពអប្សរាចំនួន១៥០០សុទ្ធតែខុសគ្នាទាំងអស់ ឆ្លាក់លើថ្មភក់ពណ៌ស៊ីជម្ពូ
ចន្លោះមិនឃើញ
ប្រាសាទបន្ទាយស្រី មានរាងតូចច្រឡឹង លម្អដោយក្បូរក្បាច់រចនា យ៉ាងល្អិតឆ្មារ ដ៏ស្រស់ស្អាត នៅលើផ្ទាំងថ្ម ពណ៌ផ្កាឈូក។ មិនតែប៉ុណ្ណោះ មានចម្លាក់ផ្កាភ្ញី និងរឿងទេវកថាផ្សេងៗ ទាក់ទងនឹងព្រះឥសូរ ព្រះនារាយណ៍ រឿងរាមកេរ្តិ៍ រឿងមហាភារត ជាដើម យ៉ាងរស់រវើក នៅលើផ្តែរ និងហោរជាងផងដែរ។ ប្រាង្គដ៏អស្ចារ្យនេះ សាងទ្បើងនៅឆ្នាំ៩៦៧ នៃគស ក្នុងរាជកាល ព្រះបាទរាជេន្ទ្រវរ្ម័ន ដើម្បីឧទ្ទិសដល់ ព្រះឥសូរនៃសាសានាព្រាហ្មណ៍ នៅក្នុងស្រុកមួយ ដែលមានឈ្មោះ «ស្រីឦស្វរបុរ» ប្រែថា “បុរីដែលជាទីឋានរបស់ឥសូរ”។
ប្រាសាទបន្ទាយស្រីគឺជាប្រាង្គប្រាសាទមួយក្នុងចំណោមប្រាសាទជាច្រើននៅ ខេត្តសៀមរាបអង្គរ ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមកពីតំបន់ជាច្រើនលើសកលលោក ។ប្រាសាទបន្ទាយស្រី មានឈ្មោះល្បី ព្រោះវាត្រូវបានសាងសង់ឡើងពី ថ្មពណ៌ផ្កាឈូកជាមួយ នឹងក្បាច់ចម្លាក់ យ៉ាងល្អិតឆ្មាររស់រវើកជាងគេ ដោយមានតួប្រាង្គបី ដែលមានសភាពល្អឆើតឆាយដូចស្រីគ្រប់លក្ខណ៍។
តាមសិលាចារឹកលេខ K-៨៤២ ប្រាសាទនេះសង់លើដីរាបស្មើមានរាងតូចច្រឡឹងដោយថ្មភក់ពណ៌ផ្កាឈូក និង ឥដ្ឋរាង៤ជ្រុងទ្រវែង ហើយមានគូទឹកព័ទ្ធជុំវិញ ប្រាង្គទាំងបីនៃ ប្រាសាទសង់បែរមុខទៅទិសខាងកើត ហើយប្រាង្គកណ្តាលមានតម្កល់ លិង្គព្រះឥសូរ ខាងត្បូងឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា និងខាងជើងឧទ្ទិសថ្វាយដល់ព្រះវិស្ណុ។
ប្រាសាទបន្ទាយស្រីធ្វើពីថ្មភក់ពណ៌ស៊ីជម្ពូ និងរំលេចដោយទេពអប្សរាចំនួន១៥០០ ដែលទេពអប្សរទាំងអស់សុទ្ធតែខុសគ្នា ។ ប្រាសាទនេះមានកំពែងថ្មបាយក្រៀមព័ទ្ធ៣ជាន់មានទីលានក្រាលថ្មវែងទៅ ទិសខាងកើត មានគោបុរៈប្រកបដោយក្បាច់វិចិត្រ នៅចំកណ្តាលទីលានមានរោងទងខ្វាត់ខ្វែងក្រឡាចត្រង្គចេញទៅខាង ជើងមួយ ចេញទៅខាងត្បូងបីសុទ្ធសឹងប្រកបដោយក្បាច់រចនាល្អវិចិត្រ តែសព្វថ្ងៃនេះបាក់ធ្លាក់អស់ហើយសល់តែសរសរច្រូងច្រាងគួរអោយស្តាយ ។ ប្រាសាទបន្ទាយស្រីជាប្រាសាទមួយដែលមានក្បាច់រចនាយ៉ាងបញ្ចង់ឆើត ឆាយ មានសន្ទឹកភ្ញីវល្លិវិលវង់ល្អិតឆ្មាស្រស់រស់រវីក ដែលមើលទៅគួរអោយនឹកគិតឥតមានក្តីសង្ស័យថាដូចជាប្រាសាទដែលសង់ឡើងដោយទេវតា ។
សន្លឹកក្បាច់មួយទងៗដែលវិលវង់មូលក្រឡង់អាចទាញភ្នែកគយគន់មើល ម្តងហើយម្តងទៀតនិងអោយឈរទ្រឹងភាំងភ្លេចខ្លួនជញ្ជក់មាត់ដោយ សេចក្តីស្ងើចថ្វីដៃសម្តែងអោយឃើញថា ភាពប្រណិតនៃប្រាសាទបន្ទាយស្រីនេះស្តែងឱ្យឃើញពីការចេះដឹងស្ទាត់ជំនាញផ្នែកស្ថាបត្យកម្មរបស់បុព្វបុរស់ខ្មែរនាសម័យនោះ ។ ប្រាសាទបន្ទាយស្រីកន្លងមកត្រូវរងនូវភាពមហន្តរាយ ដោយសារតែសង្គ្រាមបានធ្វើអោយប្រាសាទបុរាណមួយនេះខូចខាតខ្ទេច ខ្ទីអស់យ៉ាងច្រើន ។ របងកំពែងការពារខាងក្រៅត្រូវបានគេធ្វើការជីកគាស់កាយរុករក វត្ថុបុរាណកាលពីអំឡុងប្រទេសស្ថិតនៅក្នុងសង្គ្រាម ។ គំនរដុំថ្មប្រាសាទត្រូវទុករាយប៉ាយនៅមុខប្រាសាទ ។ តួប្រាសាទខាងក្នុងមួយភាគត្រូវបាក់បែកស្រុតទ្រុឌទ្រោមអស់គួរអោយសោកស្តាយពន់ពេក ៕