- 2021-11-25 12:09:42
- ព័ត៌មាន
នាយករដ្ឋមន្ត្រីស្ត្រីដំបូងក្នុងប្រវត្តិសាស្ត្រស៊ុយអែត លាលែងពីតំណែង ក្រោយតែងតាំងមិនបានប៉ុន្មានម៉ោងផង
- 2021-11-25 12:09:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយករដ្ឋមន្ត្រីស្ត្រីដំបូងក្នុងប្រវត្តិសាស្ត្រស៊ុយអែត លាលែងពីតំណែង ក្រោយតែងតាំងមិនបានប៉ុន្មានម៉ោងផង
ចន្លោះមិនឃើញ
លោកស្រី ម៉ាកដាឡេណា អាន់ឌឺសុន (Magdalena Andersson) នាយករដ្ឋមន្ត្រីស្ត្រីដំបូងបំផុតនៅក្នុង ប្រវត្តិសាស្ត្ររបស់ប្រទេសស៊ុយអែត បានប្រកាសលាលែងពីតំណែង ក្រោយសភាបានបោះឆ្នោតតែងតាំងមិនបាន ១២ម៉ោងផង។ នេះបើយោងតាមការចុះផ្សាយរបស់ BBC នៅក្នុងថ្ងៃនេះ។
រឿងរ៉ាវទាំងនេះ កើតឡើងកាលពីថ្ងៃពុធម្សិលមិញ ក្រោយសភាតែងតាំងលោកស្រី Magdalena ជានាយករដ្ឋមន្ត្រី ដោយរដ្ឋាភិបាលចម្រុះដែលដឹកនាំដោយលោកស្រី Magdalena មកពីគណបក្សសង្គមប្រជាធិបតី និងគណបក្សបៃតង ដែលជាដៃគូរបស់រដ្ឋាភិបាលលោកស្រី បានស្នើគម្រោងថវិកាថ្មីប្រចាំឆ្នាំ ដែលផ្ដោតទៅលើការកាត់ពន្ធលើប្រេងឥន្ធនៈ និងបន្ថែមចំណាយលើប្រព័ន្ធយុត្តិធម៌ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មដោយក្រុមជនពាល ដែលប្រទេសនេះជួបប្រទះច្រើនសព្វថ្ងៃនេះ។
គម្រោងថវិកាថ្មីនេះមិនត្រូវបានសភាអនុម័តសម្រេចឲ្យប្រើប្រាស់នោះឡើយ ដោយសារតែមានសំឡេងក្នុងសភាភាគច្រើនមិនគាំទ្រ។ ព្រោះតែរឿងគម្រោងថវិកាថ្មីមិនអាចធ្វើទៅបាន ខាងសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលចម្រុះគឺគណបក្សបៃតងបានសម្រេចចាកចេញពីរដ្ឋាភិបាលចម្រុះនេះ ដែលជាហេតុធ្វើឲ្យលោកស្រី Magdalena លាលែងពីតំណែង។
យ៉ាងណាក្ដីបើតាមប្រភពខាងលើ លោកស្រី Magdalena នៅតែមានសង្ឃឹមចង់ធ្វើនាយករដ្ឋមន្ត្រីទៀត ប៉ុន្តែនាយករដ្ឋមន្ត្រីដែលកើតចេញពីរដ្ឋាភិបាល ដែលមានបក្សមួយប៉ុណ្ណោះ។
ទាក់ទងនឹងរឿងលាលែងនេះ លោកស្រីក៏លើកឡើងថា នេះជាអ្វីដែលត្រូវធ្វើ រដ្ឋាភិបាលចម្រុះ ត្រូវតែរំសាយអញ្ចឹងហើយ កាលណាដៃគូចាកចេញ វាជារឿងដែលលោកស្រីត្រូវធ្វើ ព្រោះមិនចង់ដឹកនាំរដ្ឋាភិបាល ដែលខ្វះភាពស្របច្បាប់។
ទោះជាចាកចេញពីរដ្ឋាភិបាលចម្រុះក៏ដោយ តែខាងគណបក្សបៃតងនៅតែអះអាងថា នឹងនៅតែគាំទ្រលោកស្រី Magdalena បើលោកស្រីឈរធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅថ្ងៃខាងមុខ៕