• 2021-11-27 14:07:55
  • ព័ត៌មាន

កុំ​ព្រងើយឲ្យ​សោះ! ឥឡូវ​មន្ត្រី​ជំនាញ​ថា កម្ពុជា​គួរ​តែ​បារម្ភ​ពី​មេរោគ​បម្លែង​ថ្មី "អូមីក្រុង"

  • 2021-11-27 14:07:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិភព​លោក​បាន និង​កំពុង​ជួប​ការ​ប្រឈម​ជា​ថ្មី​ទៀត ក្រោយ​មេរោគ​កូវីដ១៩​បម្លែង​ថ្មី​មួយ​ប្រភេទ​ដែល​ត្រូវ​បាន​រក​ឃើញ​រាល​ដាល​នៅ​អាហ្វ្រិក ក្នុង​នោះ​មន្ត្រី​ជំនាញ​បាន​រំលឹក​ថា កម្ពុជា​បើ​ទោះ​បច្ចុប្បន្ន​កំពុង​មាន​ស្ថានភាព​ល្អ ប៉ុន្តែ​គួរ​តែ​បារម្ភ​ពី មេរោគ​ប្រភេទ​នេះ​ព្រោះ​វា​មាន​កម្រិត​ឆ្លង​រហ័ស​ជាង​ប្រភេទ​ណា​ទាំង​អស់។

រូបភាព៖គេហទំព័រក្រសួងព័ត៌មាន

លោកស្រី Li Ailan ប្រធាន​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា "កម្ពុជា គួរ​តែ​បារម្ភ​អំពី​វីរុស​បំប្លែង​ខ្លួន​ថ្មី អូមីក្រុង ដែល​ទើប​រក​ឃើញ​ថ្មី​ៗ​នេះ បើ​ទោះ​បី​កម្ពុជា​សម្រេច​បាន​អត្រា​នៃ​ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩​ខ្ពស់​ក៏​ដោយ!”។ មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សុខភាព​ពិភព​លោក​ដដែល បាន​បន្ត​ថា បុគ្គល​គ្រប់​រូប គួរ​តែ​ត្រៀម​ខ្លួន​សម្រាប់​ការ​កើន​ឡើង​ជា​គំហុក​ជាយថាហេតុ​នៃ​ករណី​ជំងឺ​កូវីដ១៩ ហើយ​យើង​គួរ​តែ​បន្ត​រៀន​សូត្រ និង​កែ​តម្រូវ​វិធានការឆ្លើយតប​របស់​យើង"។

វីរុស​បំប្លែង​ខ្លួន​ថ្មី B.1.1.529 (ឈ្មោះ អូមីក្រុង) ត្រូវ​បាន​រាយការណ៍​ជា​លើក​ដំបូង​ទៅ​កាន់​អង្គការ​សុខភាព​ពិភព​លោក ដោយ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ទី ២៤ វិច្ឆិកា ២០២១។ មក​ទល់​នឹង​ថ្ងៃ​ទី ២៧ វិច្ឆិកា​នេះ មាន​របាយការណ៍​ថា ការ​ឆ្លង​ជំងឺ​នេះ​នៅ​អាហ្វ្រិក​ខាង​ត្បូង បាន​កើន​ឡើង​ខ្លាំង​ក្លា​ណាស់​នា​ប៉ុន្មាន​សប្ដាហ៍​នេះ។

ស្ថានភាព​នេះ អង្គការ​សុខភាព​ពិភព​លោក​បាន​ក្រើន​រំលឹក​ប្រទេស​ទាំង​អស់​ឲ្យ​បន្ថែម​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​គំរាម​កំហែង​របស់ អូមីក្រុង ខណៈ​មាន​ការ​សិក្សា​វីរុស​បំប្លែង​ថ្មី​នេះ មាន​កម្រិត​ឆ្លង​រហ័ស​ជា​វីរុស​ណា​ទាំង​អស់​ក្នុង​អំបូរ​កូវីដ១៩។

ទទួល​បាន​ការ​ក្រើន​រំលឹក​នេះ កម្ពុជា​តាម​រយៈ​ក្រសួង​សុខាភិបាល បាន​ចេញ​វិធានការណ៍​៣​ចំណូច ដើម្បីការពារ និងទប់ស្កាត់បានទាន់ពេលវេលានូវការចម្លងវីរុសប្រភេទថ្មីខាងលើនេះ និងដើម្បីបន្ត និរន្តភាពនៃការរស់នៅក្នុងប្រក្រតីភាពថ្មីក្នុងសង្គមកម្ពុជា ក្នុង​នោះ​មាន៖

១. សូមបន្តអនុវត្តវិធានការសំខាន់ៗ ជាពិសេសសូមបន្តអនុវត្តវិធានការ "៣ការពារ និង៣កុំ” ឱ្យបាន ហ្មត់ចត់ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងវីរុសកូវីដ-១៩ រួមទាំងអនុវត្តវិធានការសុខភាពសាធារណៈ និងសង្គមចាំបាច់នានាដូចជា ការពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ អនាម័យដៃដោយលាងសម្អាតញឹកញាប់ ការរក្សាគម្លាតសុវត្ថិភាពបុគ្គល ១,៥ម៉ែត្រឡើង ការកែលម្អខ្យល់ចេញចូលនៃទីធ្លាក្នុងផ្ទះ ឫទីតាំងការងារ ឫទីតាំងប្រកបរបររកស៊ីទទួលទាន ជៀសវាងកន្លែងមានមនុស្សច្រើន កន្លែងដែលបិទជិតគ្មានខ្យល់ចេញ ចូល និងទទួលចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ដូសមូលដ្ឋានទាំងអស់គ្នា។

២. រាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬគ្រូពេទ្យដែលនៅជិតលោកអ្នក អំពីករណីសង្ស័យណាមួយដែល ពាក់ព័ន្ធទៅនឹងភាពខុសប្លែកធម្មតានៃរោគសញ្ញា ឬជំងឺ និងត្រូវនៅដាច់ដោយឡែកដើម្បីកុំឱ្យមានការចម្លងបន្ត ទៅអ្នកដែលនៅជិតខ្លួនឬក្រុមគ្រួសារខ្លួនក្នុងកំឡុងពេលរងចាំការវិភាគដើម្បីរកវីរុសកូវីដ-១៩ថ្មីនេះ។

៣. ត្រូវជំរុញប្រជាពលរដ្ឋឱ្យទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់គ្នា ជាពិសេសជនដែល ងាយរងគ្រោះ និងបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ដោយបុគ្គលម្នាក់ៗត្រូវទទួលខុសត្រូវលើការការពារខ្លួន ព្រមទាំងគ្រួសារ និងសហគមន៍ត្រូវលើកកម្ពស់ការចូលរួម តាមដាន និងអនុវត្តវិធានការការពារ និងស្វែងរកការព្យាបាលឱ្យបានទាន់ពេលវេលា ដើម្បីជួយសង្គ្រោះអាយុជីវិតអ្នកជំងឺធ្ងន់ៗ ជាដើម៕

អត្ថបទ៖ ទារិកា

មតិយោបល់