• 2021-12-03 04:44:28
  • ព័ត៌មាន

រឿង​ដី​ជាប់​បឹងទន្លេសាប បណ្ឌិត ច័ន្ទ សុផល ថា គ្រាន់​តែ​កំពង់ធំ​មួយ ពលរដ្ឋ ខាត ១០លាន​ដុល្លារ​ទៅ​ហើយ!

  • 2021-12-03 04:44:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​បណ្ឌិត ច័ន្ទ សុផល អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ និង​ជា​នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយបាន​ធ្វើ​ការ​គណនា ជុំ​វិញ​រឿង​ចំណាត់​លើ​ការ​ប្រមូល​មក​វិញ​នូវ​ដី​ព្រៃ​លិចទឹក និង​ដី​ទំនាប​មាត់​បឹង​ទន្លេសាប​ថា គ្រាន់​តែ​ករណី​របស់​ខេត្ត​កំពង់ធំ​មួយ ពលរដ្ឋ​ខាត​បង​ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ ១០លាន​ដុល្លារ​អាមេរិក​ទៅ​ហើយ។

អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ បាន​យក​របាយការណ៍​មួយ​ដែល​លោក​បាន​ពី​ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត​ម្នាក់​ថា គ្រាន់​តែ​នៅ​ក្នុង​ខេត្ត​កំពង់ធំ​តែ​មួយ ដី​ធ្វើ​ស្រែ​ប្រាំង​ជា​ប្រភេទ​ដី​ទំនាប​ក្បែរ​បឹង​ទន្លេសាប​ក្នុង​តំបន់​ហាម​ឃាត់ គឺ​មាន​អ្នក​ពាក់​ព័ន្ធ​ចំនួន​ប្រហែល ១ ០០០​គ្រួសារ សរុប​ផ្ទៃ​ដី​មាន​ប្រមាស ១ម៉ឺន​ហិកតា ក្នុង​នោះ ដីតំបន់៣ ដែលត្រូវបានរានធ្វើស្រែកន្លងមក មានប្រហែល៥ម៉ឺនហិកតាឯណោះ។

ចំនួន​នេះ បើ​តាម​លោក​បណ្ឌិត ដី​មួយ​ភាគ​ធំ​នៅ​លិច​ទឹក​នៅ​ឡើយ ហើយ​បើ​ដល់​ខែ២ ទី​នោះ​នឹងក្លាយជាស្រែល្វឹងល្វើយអស់ហើយ។ ករណី​នេះ ប្រសិន​បើ​មាន​ការ​រឹបអូស​ដោយ​រដ្ឋ​ក្នុង​ពេល​ដែល​ពួក​គាត់​មិន​ទាន់​ប្រមូល​ផល គឺ​ពួក​គាត់​មាន​ការ​ខាត​បង់​ច្រើន។

“ពួកគាត់កំពុង​ប្រឈម​នឹង​ការ​ខាតបង់​ច្រើន​ ដោយសារ​អាជ្ញាធរ​កំពុង​បណ្តេញ​ចេញ​ ចោល​ស្រូវ​កំពុង​លូតលាស់​។ បើគិតតែខេត្តកំពុងធំមួយ អស់ប្រហែល ១០លានដុល្លារ (បើគិតមួយហិកតាបានស្រូវ១០០០ដុល្លារជាមធ្យម)"។ លោក ថ្លែង។

ករណី​ដូច​គ្នា​ដែរ នៅប្រាំខេត្តដទៃទៀត បើ​តាម​លោក​បណ្ឌិត គឺ​អាចច្រើន ក្នុង​នោះពួក​គេ​(ប្រជាកសិករ) ស្ទើរ​ទាំង​អស់​ ខ្ចី​ប្រាក់​ពី​ធនាគារ​ ឬ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ដេីម្បី​ចុះ​ធ្វើ​ស្រែ​ប្រាំង​នៅ​តំបន់​ទំនាប​។ ដូច្នេះ​បញ្ហា​នេះ​លោក​ថា គួរ​ទុក​ពេល​ឲ្យ​បង​ប្អូន​ប្រជាកសិករ​ប្រមូល​ផល​សិន។

"បេី​អនុញ្ញាត​ឱ្យ​ពួកគាត់​ប្រមូល​ផល​ស្រូវ​មួយ​រដូវ​នេះ​សិន​ ពួកគាត់​អាច​ជៀស​ផុត​ពី​វិបត្តិ​បំណុល​វ័ណ្ឌក​។ ពួកគាត់​ជា​ជន​រងគ្រោះ​ ទោះបីជា​មិន​មែន​ជា​ម្ចាស់​ដី​។ ពួកគាត់មិនចង់បានអ្វីក្រៅពីបានប្រមូលផលស្រូវប្រដេញទឹកហើយនឹងឈប់ធ្វើហើយ ពីព្រោះពួកគាត់គ្រាន់តែជួលដីគេទេ"។

យ៉ាង​នេះ​ក្ដី លោក ច័ន្ទ សុផល បញ្ជាក់​ថា នេះ​មិនមែន​ជាព័ត៌មាន​បាន​ពី​ការ​សិក្សា​ល្អិតល្អន់ទេ។ ប៉ុន្តែ ជាព័ត៌មាន​អាច​យក​ជាការ​បានសម្រាប់ការសិក្សាលម្អិត។ "ខ្ញុំបាទគាំទ្រទាំងស្រុង ការបង្ក្រាប និងការរក្សាព្រៃលិចទឹក។ ខ្ញុំបាទសំណូមពរឱ្យមានការសិក្សាវាយតម្លៃបរិស្ថាន សង្គមសេដ្ឋកិច្ចឱ្យបានច្បាស់លាស់ពាក់ព័ន្ធនឹងការកំណត់តំបន់៣នៅជុំវិញបឹងទន្លេសាប"៕

រាជរដ្ឋាភិបាល​កម្ពុជា បាន និង​កំពុង​ចាត់​ការ​រឹបអូស​យក​ដី​ព្រៃ​លិច​ទឹក​របស់​រដ្ឋ ដែល​ត្រូវ​បាន​ទន្ទ្រាន​ឈូស​ឆាយ​មក​ធ្វើ​កម្មសិទ្ធិ​ឯកជន​នៅ​តាម​ខេត្ត​ចំនួន​៥​ដែល​ជាប់​មាត់​បឹង​ទន្លេសាប​មាន  ខេត្ត​បាត់​ដំបង ខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង។ រយៈ​ពេល​ចំនួន៣ថ្ងៃ​នៃ​ប្រតិបត្តិការ​បង្ក្រាប និង​ដក​ហូត រដ្ឋ​បាន​ប្រមូល​មក​វិញ​នូវ​ដី​ព្រៃ​លិច​ទឹក​ជាង ២ពាន់​ហិកតា​ហើយ។ តួលេខ​នេះ គិត​តែ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ប៉ុណ្ណោះ ដោយ​ខេត្ត​៤ទៀត មិន​ទាន់​មាន​របាយការណ៍​នៅ​ឡើយ៕

អត្ថបទ៖ ទារិកា

មតិយោបល់