• 2021-12-08 05:07:47
  • ព័ត៌មាន

ប្រយ័ត្នឲ្យមែនទែន! ក្រសួងបញ្ចេញប្រការហាមឃាត់ចំនួន១៦ចំណុច សម្រាប់បេក្ខជនបាក់ឌុបគួរជៀសវាង

  • 2021-12-08 05:07:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម័យប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំសិក្សា ២០២០ - ២០២១ កាន់តែខិតជិតមកដល់ហើយនៅសល់តែ១៩ថ្ងៃទៀតតែប៉ុណ្ណោះ ខណៈនៅថ្ងៃនេះក្រសួងអប់រំ បានបញ្ចេញប្រការហាមឃាត់ចំនួន១៦ចំណុច សម្រាប់បេក្ខជនត្រូវអនុវត្តក្នុងដំណើរការសំណេរនៃការប្រឡង ជៀសវាងមានបញ្ហាកើតឡើងនៅក្នុងថ្ងៃប្រឡងខាងមុខ។

ប្រការដែលបេក្ខជនមិនត្រូវអនុវត្តក្នុងដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២៧ ធ្នូ ឆ្នាំ ២០២១ មានចែងដូចខាងក្រោម៖

១. មិនត្រូវមកដល់មណ្ឌលប្រឡងក្រោយជួងទី២។

២. មិនត្រូវស្លៀកពាក់ឯកសណ្ឋានកងប្រដាប់អាវុធចូលក្នុង មណ្ឌលប្រឡង។

៣. មិនត្រូវយកសៀវភៅ និងសំណៅឯកសារចូលក្នុង មណ្ឌលប្រឡង។

៤. មិនត្រូវយកចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងនូវអាវុធ ជាតិផ្ទុះ ទូរស័ព្ទដៃ ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ សៀវភៅ សំណៅឯកសារ ម៉ាស៊ីនគិតលេខ នាឡិកាដៃដែល មានប្រដាប់គិតលេខ កាតាប កាបូបយួរដៃ ថង់ សំពៀត កញ្ចប់ផ្សេងៗ និងទឹកលុបពណ៌ស។

៥. មិនត្រូវចូលក្នុងបន្ទប់ប្រឡង មុនពេលអនុរក្សហៅឈ្មោះ។

៦. មិនត្រូវប្រើពាក្យសម្តី អាកប្បកិរិយាមិនសមរម្យក្នុងមណ្ឌលប្រឡង ឬបង្កជម្លោះនៅក្នុងមណ្ឌលប្រឡង ឬក្នុងបន្ទប់ប្រឡង ដោយគំរាមកំហែងលើបេក្ខជនដទៃ។

៧. មិនត្រូវបដិសេធ ប្រឆាំងតបត ឬបង្កបាតុភាពដោយពាក្យសម្តី ដោយកាយវិការ ចំពោះការត្រួតពិនិត្យ របស់អ្នកមានសមត្ថកិច្ច ឬមេប្រយោគក្នុងការពិនិត្យស្រាវជ្រាវរើរកសំណៅឯកសារ និងសម្ភារ ផ្សេងៗដែលត្រូវហាមឃាត់មិនឱ្យយកចូលក្នុងមណ្ឌលប្រឡង។

៨. មិនត្រូវធ្វើចម្លើយវិញ្ញាសា នៅលើសន្លឹកកិច្ចការណាដែលគ្មាន ហត្ថលេខារបស់អនុរក្ស។

៩. មិនត្រូវចម្លងប្រធានវិញ្ញាសាចូលក្នុងក្រដាសដទៃនិងមិនត្រូវបោះ ប្រធានវិញ្ញាសាចេញក្រៅបន្ទប់ប្រឡងឡើយ។

១០. មិនត្រូវងើបឈរ ងាកឆ្វេង-ស្តាំអើតឈ្ងោកទៅមុខ បែរទៅក្រោយ ឬដើរចេញពីកន្លែងអង្គុយដោយគ្មានការអនុញ្ញាតពីអនុរក្ស។ មិនត្រូវសរសេរកិច្ចការហើយអានខ្លាំងៗឮដល់អ្នកជិតខាង ឬឆក់អូសទាញយកសន្លឹកកិច្ចការរបស់អ្នកដទៃដាក់ពីមុខ ឬដាក់ ពីក្រោមសន្លឹកកិច្ចការរបស់ខ្លួនឡើយ។

១១. មិនត្រូវប្តូរគ្នានូវសន្លឹកកិច្ចការ ឬក្រដាសព្រាងឬផ្ទៀងផ្ទាត់ចម្លើយ ឬចម្លងគ្នានិងមិនត្រូវដាក់សន្លឹកកិច្ចការឆ្ងាយពីមុខរបស់ខ្លួន បង្ក ឱ្យអ្នកដទៃមើល ឬអូសឆក់យកបានសន្លឹកកិច្ចការពីអ្នកដទ។

១២. មិនត្រូវធ្វើសញ្ញាសម្គាល់លើសន្លឹកកិច្ចការ ដើម្បីធ្វើឱ្យគេស្គាល់ អាគតដ្ឋានរបស់ខ្លួនដូចជាសរសេរអក្សរប្លែកពីតួអក្សរទាំងអស់ ក្នុងកិច្ចការ ធ្វើសញ្ញាផ្សេងៗ ឬគូសបន្ទាត់ខុសប្រក្រតី ឬសរសេរ រំលងបន្ទាត់ជាដើម។

១៣. មិនត្រូវលាក់ ឬហែកសន្លឹកកិច្ចការរបស់ខ្លួន និងមិនត្រូវហែក ឬលាក់សន្លឹកកិច្ចការអ្នកដទ។

១៤. មិនត្រូវបំផ្លាញ ឬធ្វើឱ្យខូចខាតសម្ភារនៅក្នុងបន្ទប់ប្រឡង ដូចជាដោះទ្វារ បង្អួច ធ្វើឱ្យរបើកជញ្ជាំងក្ដារ ធ្វើឱ្យបាក់បែកតុ កៅអី ឬក្តារខៀនជាដើម។

១៥. មិនត្រូវឱ្យអ្នកដទៃប្រឡងជំនួស ឬសរសេរបំពេញបន្ថែម លើសន្លឹក កិច្ចការរបស់ខ្លួនជាដាច់ខាត។

១៦. មិនត្រូវប្រើពាក្យសំដី និងអាកប្បកិរិយាដែលនាំឱ្យខូចសណ្តាប់ធ្នាប់ របៀបរៀបរយនៃការប្រឡង ឬប៉ះពាល់ដល់កិត្តិយសរបស់ មេប្រយោគ។

ប្រភព៖ក្រសួងអប់រំ

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់