• 2021-12-13 09:47:18
  • ព័ត៌មាន

កញ្ញា ថូង ធីតា បង្កើតសហគ្រាសផលិតអំបិលធម្មជាតិ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស

  • 2021-12-13 09:47:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កម្មវិធី Starting Up ​ឈានចូលដល់សប្ដាហ៍​ទី២១ ដែលប្រិយមិត្តអាច​ទទួល​បាន​បទពិសោធន៍​ពី​ការ​បើក​អាជីវកម្ម ពី​ភ្ញៀវកិត្តិយស ដែលជាស្ថាបនិក សហគ្រាសផលិតអំបិលធម្មជាតិ ថូង អ៊ិនធ័រប្រាយស៍។ កញ្ញា ថូង ធីតា បានបើកកកាយជីវប្រវត្តិ ការសិក្សា បទពិសោធន៍ការងារ ដំណើរជីវិត​និងដើមទងនៅពេលបើកអាជីវកម្មដំបូង។

កញ្ញា ថូង ធីតា ជានិស្សិតដែលបានថ្នាក់បញ្ចប់បរិញ្ញាប័ត្រជាន់ខ្ពស់ មកពីសាកលវិទ្យាល័យភូមិន្ទនិតីសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ កញ្ញា ជាកូនស្រីអ្នកកសិករធ្វើអំបិលជាង៣០ឆ្នាំ។ ដោយសារមានចិត្តចង់លើកស្ទួយវិស័យកសិកម្មផលិតអំបិល កញ្ញា ធីតា បានបំលែងពីអាជីវកម្មលក្ខណៈគ្រួសារ មកជាសហគ្រាសសង្គមធុនមធ្យមឆ្នាំ ២០១៧។

ការបំលែងពីអាជីវកម្មផលិតអំបិលលក្ខណៈគ្រួសារ មកជាសហគ្រាសធុនមធ្យម ដើម្បីធានាឲ្យបាននូវជំហររឹងមាំ ជួយបង្កើតការងារដល់កសិករច្រើនជាង ២៥ គ្រួសារក្នុង សហគមន៍ផលិតអំបិលនៅខេត្តកំពត។ អំបិលធម្មជាតិដែលផលិតដោយសហគ្រាសរបស់ កញ្ញា​ធីតា ត្រូវបានផលិតឡើងតាមបែបប្រពៃណីធម្មជាតិ ប្រកបដោយគុណភាព និងអនាម័យខ្ពស់ និងមិនមែនជាអំបិលគីមីកែច្នៃនោះទេ។

កញ្ញា​ធីតា បានបន្តទៀតថា ខ្មែរយើងមានប្រវត្តិផលិតអំបិលតាំងពីសម័យអង្គរមកម្ល៉េះ ដោយនៅក្នុងខេត្តកំពត បានផលិតអំបិលនៅកំឡុងសម័យសង្គមរាស្រ្តនិយម។ កំពត ជាខេត្តខ្មែរដែលមានទីតាំងភូមិសាស្រ្តអំណោយផល ដល់ការផលិតអំបិល។ សហគ្រាសរបស់ កញ្ញា ធីតា ផលិតបាននូវអំបិលគ្រួស អំបិលម៉ត់ និងផ្កាអំបិល។ ចំពោះផ្កាអំបិល គឺមានផលលំបាកបន្តិចក្នុងការផលិត ប៉ុន្តែពេញនិយមនៅទីផ្សារអឺរ៉ុប ហើយមានតម្លៃថ្លៃជាងអំបិលធម្មតា។

អ្វីដែលជាចំណុចពិសេស ចំពោះអំបិលដែលផលិត​ដោយ សហគ្រាសផលិតអំបិលធម្មជាតិ ថូង អ៊ិនធ័រប្រាយស៍ គឺគុណភាព និង ស្តង់ដារ។ មួយវិញទៀត អំបិលត្រូវបានផលិតឡើងតាមបែបប្រពៃណី ប្រកបដោយភាពម៉ត់ចត់ គិតគូរខ្ពស់ដល់សុខភាពរបស់អ្នកបរិភោគ។ កញ្ញា ធីតា បានជម្រុញឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ជួយគាំទ្រផលិតផលនៅក្នុងស្រុក ព្រោះគុណភាពមិនចាញ់ផលិតផលដែលនាំចូលពីក្រៅប្រទេសនោះទេ ហើយថែមទាំងអាចជួយម្ចាស់សហគ្រាសនានា អាចដើរបន្តទៅមុខទៀត។

ជាចុងក្រោយ កញ្ញា ធីតា មានពាក្យពេចន៍ខ្លះផ្តែផ្តាំទៅកាន់អ្នកចង់ចាប់ផ្តើមអាជីវកម្មដំបូង គប្បីសិក្សាក្រេបយកចំណេះជំនាញ ពីរាមច្បងដែលមានបទពិសោធន៍ចាស់វស្សា ទាំងបទពិសោធន៍បរាជ័យផង និង ជោគជ័យផង។ បន្ថែមលើនោះ ការស្គាល់ខ្លួនឯង និងដឹងផែនការអាជីវកម្មជាចំណុចសំខាន់ ហើយត្រូវតែបន្តសិក្សាអភិវឌ្ឍន៍ខ្លួនឯងឱ្យកាន់តែខ្លាំងឡើងបន្ថែមទៀត៕

សូមទស្សនាវីដេអូខាងក្រោម ៖

អត្ថបទ ៖ សង្ហា

មតិយោបល់