• 2022-01-19 05:10:00
  • ព័ត៌មាន

អស្ចារ្យណាស់! កំពង់ផែទេសចរណ៍កែប-កោះទន្សាយ ចំណាយថវិកា១លាន២សែនដុល្លារ អាចទទួលនាវាធំៗដល់ទៅ៣គ្រឿង

  • 2022-01-19 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពង់ផែទេសចរណ៍កែប-កោះទន្សាយ ក្រុងកែប ខេត្តកែប អាចទទួលនាវាទេសចរណ៍ធំៗចំនួន៣គ្រឿង ដែលក្នុង១គ្រឿងអាចផ្ទុកអ្នកដំណើរចំនួន១៥០នាក់ និងទូកទេសចរណ៍តូចៗមួយចំនួន សាងសង់លើទីតាំងកំពង់ផែចាស់មានផ្ទៃក្រឡាសរុប ៣៤៧០ម៉ែត្រការ៉េ ចំណាយថវិកាជាតិសរុបប្រមាណ ១ ២០០ ០០០ដុល្លារអាមេរិក ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជា អធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍ កែប-កោះទន្សាយ ក្រុងកែប បានថ្លែងថាកំពង់ផែទេសចរណ៍កែប-កោះទន្សាយនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាដឹកជញ្ជូនជូនអតិថិជន ក៏ដូចជាបង្កើតការងារធ្វើ និងបង្កើនជីវភាពរស់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកែបទាំងមូល មានទីតាំងឋិត ក្នុងភូមិសាស្រ្តឆ្នេរ ប្រកបដោយសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ជាមួយនឹងការកែលម្អក្រុង និងការសាង សង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើនបន្ថែមផងដែរ។

ទន្ទឹននេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្ដាំផ្ញើរដល់ អ្នកគ្រប់គ្រងកំពង់ផែទេសចរណ៍នេះ ក៏ដូចជា ម្ចាស់ទូក ឬ នាវា បំពាក់នូវសម្ភារៈបរិក្ខា និងឧបរណ៍ផ្សេងៗឱ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ទាំងអ្នកបើកបរទូក ឬនាវា ទាំងអ្នករួមដំណើរ ពាក់អាវពោងឱ្យបានគ្រប់ៗគ្នា ដើម្បីធានា សុវត្ថិភាពក្នុងពេលធ្វើដំណើរទៅមក អ្នកបើកបរទូក ឬនាវា ត្រូវចេះបញ្ជាទូក ឬនាវាឱ្យបានត្រឹមត្រូវតាម លក្ខណៈបច្ចេកទេស ព្រមទាំងចេះប្រើប្រាស់នូវឧបករណ៍ទាំងនោះ ដើម្បីទទួលព័ត៌មានអំពីអាកាសធាតុ និងបាតុភូតនានាឱ្យបានស្ទាត់ជំនាញមុននឹងបញ្ជាទូក ឬនាវាក្នុងពេលធ្វើនាវាចរណ៍។

សូមជម្រាបជូនថា៖ កំពង់ផែទេសចរណ៍កែប-កោះទន្សាយនេះសាងសង់ដោយអគ្គនាយកដ្ឋានផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និងត្រួតពិនិត្យបច្ចេកទេសដោយអគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណ ការ និងដឹកជញ្ជូន មានរចនាបទទំនើប អាចទទួលនាវាទេសចរណ៍ធំៗចំនួន៣គ្រឿង ដែលក្នុង១គ្រឿង អាចផ្ទុកអ្នកដំណើរចំនួន១៥០នាក់ និងទូកទេសចរណ៍តូចៗមួយចំនួន ក្នុងពេលអនាគតកំពង់ផែនេះនឹង អាចទទួលនាវាទេសចរណ៍ច្រើនជាងនេះទៀតនៅពេលជីកស្តារឃ្លងផ្លូវនាវាបានជ្រៅបន្ថែមទៀត។ កំពង់ ផែនេះត្រូវបានសាងសង់លើទីតាំងកំពង់ផែចាស់មានផ្ទៃក្រឡាសរុប ៣៤៧០ម៉ែត្រការ៉េ និងមានផ្លូវបេតុងចូលផែទំហំ ១៣មx១០០ម និងអគាររដ្ឋបាលទំហំ១០មx៣០ម ដោយរួមបញ្ចូលទាំងអគាររដ្ឋបាលលក់សំបុត្រ និងអគារអ្នកដំណើររង់ចាំ និងបានចំណាយថវិកាជាតិសរុបចំនួន ៤៨៨០លានរៀល ស្មើនឹង ប្រមាណ ១ ២០០ ០០០ដុល្លារអាមេរិក ៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

មតិយោបល់