- 2022-02-10 07:25:00
- ព័ត៌មាន
មោទកភាពណាស់! «នំបញ្ចុក» ជាអាហារខ្មែរដំបូងបង្អស់ដែលក្រសួងវប្បធម៌គ្រោងដាក់បញ្ចូលក្នុងបញ្ចីបេតិកភណ្ឌពិភពលោក
- 2022-02-10 07:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មោទកភាពណាស់! «នំបញ្ចុក» ជាអាហារខ្មែរដំបូងបង្អស់ដែលក្រសួងវប្បធម៌គ្រោងដាក់បញ្ចូលក្នុងបញ្ចីបេតិកភណ្ឌពិភពលោក
ចន្លោះមិនឃើញ
«នំបញ្ចុក» គឺជាមុខម្ហូបមួយប្រភេទ ដែលប្រជាពលរដ្ឋខ្មែរនិយមចូលចិត្ត ដែលវាកើតឡើងដោយការរួមផ្សំអំពីភោគផល ដែលមានសម្បូរហូរហៀរនៅក្នុងប្រទេសពិតៗ សម្រាប់ជាម្ហូបអាហារគ្រាន់សម្រាប់បំពេញក្រពះផង និង មាននៅក្នុងពិធីជប់លៀងផ្សេងៗផងនៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ននេះ។
នំបញ្ចុក តាមពិតមានប្រវត្តិរឿងរ៉ាវ រឿងព្រេងនិទានជាច្រើនបានរៀបរាប់យូរលុងមកហើយ និងបានផ្សារភ្ជាប់អំពីជីវិតរស់នៅ និងវប្បធម៌ខ្មែរតាំងដើមមកហើយ។ នំបញ្ចុក មានឈ្មោះដើមថា នំប៉ែនចុក គឺជានំដែលគេ យកម្សៅសម្រស់ទៅស្ងោរ ហើយបុកលាយទឹក រួចយកទៅច្រកក្នុងប៉ែនទើបយកស្នូលឈើ ចុកសង្កត់ ដើម្បីរោយទម្លាក់ជាសរសៃក្នុងទឹកពុះឲ្យឆ្អិន បន្ទាប់មកគេស្រង់ចាប់ជាចង្វាយៗ ដាក់ជាល ឬកញ្ច្រែង ទុកឲ្យស្រស់ទឹក។ ក្រោយមកគេហៅកាត់ៗថា នំបញ្ចុក មិនខុសអីពីពាក្យខ្មែរជាច្រើន ដោយបានហៅកាត់ៗ ដូចជា ជើងក្រាន ក្លាយ ចង្ក្រាន, ជាន់ដើរ ក្លាយជណ្តើរ, កាន់ជ្រែង ក្លាយកញ្ច្រែង, កាន់ត្រក ក្លាយ កន្ត្រក, ពីរថែមដប់ ក្លាយពីរដណ្តប់…។ល។
ជាទូទៅ នំបញ្ចុក មានជីរជាតិសំខាន់ច្រើនយ៉ាង ដោយសារគ្រឿងផ្សំផ្សេងៗដទៃទៀតដូចជា៖ មានទឹកសម្ល និង របោយបន្លែ ទៅតាមចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ និង តាមតំបន់នីមួយៗ។ ទៀតសោត នំបញ្ចុក ក៏បានវិវត្តន៍តួនាទីយ៉ាងសំខាន់ខ្លាំងឡើងថែមទៀត ទៅតាមចំណង់ចំណូលចិត្តរបស់ប្រជាជាតិ ដែលវាសឹងតែជាចំណីពេលព្រឹក ពេលរសៀល ពេលល្ងាច ឬប្រើជំនួសបាយម្ដងម្កាលថែមទៀតផង។
ដោយសារមានសារៈសំខាន់ដូចនេះហើយ ទើបនំបញ្ចុកក៏បានក្លាយជាមុខរបរមួយដ៏ប្រសើរប្រចាំជីវភាពគ្រួសាររបស់ប្រជាជនខ្មែរយើង។ ជាក់ស្ដែងថ្មីៗនេះជារឿងដ៏គួរឲ្យរំភើប និងមោទកភាពខ្លាំងបំផុតនោះគឺ ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ បានកំពុងរៀបចំឯកសារ ដើម្បីស្នើសុំចុះ «នំ បញ្ចុក» ទៅក្នុងបញ្ជី បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ផងដែរ។ នេះបើតាមប្រសាសន៍របស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ ក្នុងពិធីបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើ ទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមិញនេះ។
គួរជម្រាបដែរថា ក្រសួងវប្បធម៌ ក៏បានបន្តរៀបចំបញ្ជីត្រៀមដើម្បី គ្រោងស្នើសុំចុះសម្បត្តិវប្បធម៌ដែលមានសក្តានុពល ផ្សេងទៀតទៅក្នុងបញ្ជី បេតិកភណ្ឌរបស់អង្គការ យូណេស្កូផងដែរ រួមមាន៖ «ប្រាសាទ កោះ កេរ» «ក្បាច់គុន ល្បុក្កតោ» និង «ទីក្រុង បាត់ដំបង» ក្រុមប្រាសាទបន្ទាយឆ្មារ , រមណីយដ្ឋាន អង្គរបុរី និង ភ្នំដា , រមណីយដ្ឋានគូលែន , ក្រុមប្រាសាទបេងមាលា , ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ , រមណីយដ្ឋានឧដុង្គ , សារមន្ទីរ ឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង , មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក , អតីតមន្ទីរឃុំឃាំងម -១៣ និង ព្រះរាជពិធីបុណ្យអុំទូក ៕