• 2022-02-16 04:42:25
  • ព័ត៌មាន

ធ្លាក់​ក្នុងសភាព​គួរ​ឲ្យ​អាសូរ​បែប​នេះ ដោយ​សារលោក​គ្រូ​ភាសា​បារាំង បាត់​បង់​ការ​ចងចាំ?

  • 2022-02-16 04:42:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត ពិសេសលោក​គ្រូ​អ្នក​គ្រូ សិស្ស​នៃ​វិទ្យាល័យ​ទួល​ទំពូង​ទាំង​អតីត និង​បច្ចុប្បន្ន​ បាន និង​កំពុង​ស្លុត​ចិត្ត​ក្រោយ​ឃើញ​សភាព​ដុនដាប​របស់​លោក​តា អាង ហួត ​អតីត​គ្រូ​ភាសាបារាំង​នៃ​វិទ្យាល័យ​ទទួល​ទំពូង និង​ស្ទើរ​តែ​មិន​ចង់​ជឿ​ថា លោក​គ្រូ​ធ្លាក់ខ្លួន​ដល់​ថ្នាក់​នេះ។ តើ​លោក​គ្រូ មាន​បញ្ហា​បាត់​ការ​ចងចាំ?

បុរស​ចំណាស់​ម្នាក់ ត្រូវ​បាន​គេ​អះអាង​ថា មាន​ឈ្មោះ អាង ហួត ជា​អតីត​គ្រូបង្រៀន​ភាសា​បារាំង​ប្រចាំ​វិទ្យាល័យ​ទួល​ទំពូង។ នេះ​បើ​តាម​គណនី​ហ្វេសប៊ុក​ឈ្មោះ ណន ម៉ារឌី ដែល​ជា​គ្រូ​បង្រៀន​នៅ​វិទ្យាល័យ​ជាមួយ​គ្នា។ ការ​បើក​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​បុរស​ចំណាស់ បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​ទូទៅ ពិសេស​បុគ្គល​ដែល​ធ្លាប់​ស្គាល់ និង​មាន​អនុស្សាវរីយ៍​ជាមួយ​គ្នា រំជួល​ចិត្ត​យ៉ាង​ខ្លាំង។

ប្រិយមិត្ត​ជា​ច្រើន បាន​ចូល​មក​​សរសេរ​សារ​ថ្លែង​ពី​ការ​អាណិត​អាសូរ ខ្លះ​ចូល​រួម​បរិច្ចាគ​តាម​ទឹក​ចិត្ត និង​ខ្លះ​បាន​លើក​ជា​ចម្ងល់​ថា​តើ​មាន​រឿង បាន​ជា​បុគ្គល​ម្នាក់​ដែល​មាន​ចំណេះ​ដឹង​ពេញ​ខ្លួន បែរ​ធ្លាក់​ខ្លួន​ដល់​ថ្នាក់​នេះ។ ជាមួយ​គ្នា ការ​សង្ស័យ​លើ​ឧប្បត្តិហេតុ​ណា​មួយ បណ្ដាល​ឲ្យ​លោក​បាត់​ការ​ចងចាំ ក៏​អាច​ជា​មូលហេតុ​មួយ​ដែរ។

ជុំវិញ​បញ្ហា​នេះ លោក​គ្រូ ណន ម៉ារឌី ដែល​ជា​អ្នក​បើក​កកាយដំបូង​​ជុំ​វិញ​ស្ថានភាព​បច្ចុប្បន្ន​របស់​លោក​គ្រូ អាង ហួត ធ្វើ​ឲ្យ​ប្រិយមិត្ត​រំជួល​ចិត្ត បាន​ឆ្លើយ​ប្រាប់ sabay តាម​សារ​អេឡិចត្រូនិក​ថា លោកមាន​ការ​កត់​សម្គាល់​ខ្លះ​ៗ​លើ​ចំណុច​នេះ​ដែរ។ លោក​ថា មើល​ទៅ​លោកតា ដូច​ជា​មាន​បញ្ហា​ស្មារតី តែ​ក៏​មិន​ប្រាកដ ១០០%។

“ខ្ញុំ​មិន​ទាន់​បាន​ដឹង​រឿង​ច្បាស់​ដែរ តែ​មើល​ទៅ​គាត់​ដូច​បាត់​ការ​ចងចាំ...តែ​វា​ដូច​មិន​ទាន់​ពិត​ប្រាកដ​ទេ ទាល់​តែ​ខ្ញុំ​ទៅ​ជួប ទៅ​សម្ភាសន៍​គាត់​ឲ្យ​ច្បាស់​លាស់​សិន ឲ្យ​ដឹង​ថា​គាត់​វង្វេង​ខ្លាំង ឬ​យ៉ាង​ណា…!”។ លោក​គ្រូ ណន ម៉ារឌី ថ្លែង។

តាម​ប្រភព​ពី​អតីត​អ្នក​រួម​អាជីព​នេះ​ដដែល លោក​តា អាង ហួត គឺ​ជា​កំលោះចាស់ មិន​មាន​សាច់​ញាតិ ឬ​ប្រពន្ធ​កូន​ឡើយ។ ដូច្នេះ​ហើយ ទើប​គេ​ឃើញ​លោក​រស់​នៅ​តែលតោល​តែ​ម្នាក់​ឯង​បែប​នេះ។ ប៉ុន្តែ​សភាព​រស់​នៅ​អនាថា​តាម​ចិញ្ចើម​ផ្លូវ​កណ្ដោចកណ្ដែង​នេះ គឺ​ជា​រឿង​មួយ​ផ្សេង​ទៀត ព្រោះ​ថា លោក​តា​ក៏​មាន​ផ្ទះសម្បែង​ខ្លួន​ឯង​ត្រឹម​ត្រូវ​ដែរ។

តាម​លោក​គ្រូ ណន ម៉ារឌី បាន​ឲ្យ​ដឹង​ថា លោក​តា អាង ហួត មាន​ផ្ទះ​មួយ​កន្លែង​កណ្ដាល​រាជធានី ស្ថិត​នៅ​ជាន់​លើ ហើយ​បើ​តាម​ព័ត៌មាន​បឋម​ និង​មិនទាន់​យក​ជា​ការ​ដែល​លោក​គ្រូ​ទទួល​បាន​ពី​អ្នក​ជិត​ខាង​នោះ គឺ​ថា ផ្ទះ​លោក​តា​ជា​ប្រភេទ​ផ្ទះ​សល់​ពី​ឆ្នាំ ១៩៧៩ ដែល​មាន​ទ្វារ​តែ​មួយ។ ដូច្នេះ​ពេល​ដែល​ផ្ទះ​ជាន់​ក្រោម​បិទ​ទ្វារ លោក​តា​ដែល​នៅ​ជាន់​លើ មិន​អាច​ចូល​រួច។

សភាព​ក្នុង​ផ្ទះជាន់លើ​របស់​លោក​គ្រូ អាង ហួត

យ៉ាងណា​លោក​គ្រូ​ថា មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ថា​បែប​ម៉េច​នោះ​ទេ រហូត​ទាល់​តែ​លោក​គ្រូ​បាន​ជួប​សួរ​នាំ​បន្ថែម​ទៀត​ជាមួយ​លោក​តា អាង ហួត សិន។

ត្បិត​ថា សាច់​យ៉ាង​ណា​ខ្លះ​កើត​លើ​ឆាក​ជីវិត​តែលតោល​របស់​អតីត​គ្រូ​ភាសា​បារាំង ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​នេះ គេ​ឃើញ​មាន​កម្លាំង​មនុស្ស​ធម៌​ពី​មហាជន ពិសេស​សិស្ស និង​លោក​គ្រូ អ្នក​គ្រូ​វិទ្យាល័យ​ទួល​ទំពូង​ទាំង​អតីត និង​បច្ចុប្បន្ន កំពុង​ស្រុះ​គ្នា​ជួយ​លោក​គ្រូ​កម្សត់។ តាម​លោក​គ្រូ ណន ម៉ារឌី គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ លោក​គ្រូ​ទទួល​ទឹក​ប្រាក់​ជំនួន​បាន​ជាង ១ ០០០ដុល្លារ​អាមេរិក​ហើយ។

លោក​គ្រូ ម៉ារឌី ប្រាប់​ទៀត​ថា លោក​គ្រូ​នឹង​ចាត់​ចែង​ប្រាក់​ឧត្ថម្ភ​នេះ ដោយ​ការ​ផ្ដល់​ជូន​ម្ដង​បន្តិច​ៗ​ប្រចាំ​ខែ​ទៅ​ឲ្យ​លោក​តា អាង ហួត រហូត​លោក​តា មាន​ភាព​ល្អ​ប្រសើរ៕

អត្ថបទ៖ ទារិកា

មតិយោបល់