/June-(5)/621ee00e873d2_1646190600_medium.jpg)
- 2022-03-02 03:13:08
- ព័ត៌មាន
តើ "ណាតូ" ជាអ្វី ទើបនាំឲ្យមានជម្លោះរវាង រុស្ស៊ី និងអ៊ុយក្រែន ហើយលក្ខខណ្ឌអ្វីខ្លះទើបអាចចូលជាសមាជិកភាពបាន
- 2022-03-02 03:13:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើ "ណាតូ" ជាអ្វី ទើបនាំឲ្យមានជម្លោះរវាង រុស្ស៊ី និងអ៊ុយក្រែន ហើយលក្ខខណ្ឌអ្វីខ្លះទើបអាចចូលជាសមាជិកភាពបាន
ចន្លោះមិនឃើញ
អង្គការណាតូ (NATO) ឬ តាមភាសាបារាំងថា "អូតង់" (OTAN) គឺជាសម្ព័ន្ធមិត្តការពារដ៏ធំបំផុតរបស់ពិភពលោក ដោយមានប្រទេសអឺរ៉ុបចំនួន ២៩ និងបណ្តាប្រទេសអាមេរិកខាងជើងមួយចំនួនទៀត។
អង្គការនេះត្រូវបង្កើតឡើងតាមរយៈសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដែលបានចុះហត្ថលេខានាថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៤៩ មានទីបញ្ជាការនៅទីក្រុងប្រ៊ូស្សែល ប្រទេសបែលហ្ស៊ិក ដូច្នេះហើយទើប ណាតូ មានឈ្មោះថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង។
ការបង្កើត សម្ព័ន្ធភាពយោធាអន្តររដ្ឋាភិបាលនេះឡើង គឺដោយសារដើមឡើយមានការភ័យខ្លាច ចំពោះខិតខំប្រឹងប្រែងរបស់សហភាពសូវៀត (បច្ចុប្បន្នរុស្ស៊ី) ដែលពង្រីកលទ្ធិកុម្មុយនីស្តនៅទូទាំងពិភពលោក តាមរយៈការឈ្លានពានដោយយោធា។
លក្ខណៈវិនិច្ឆ័យសម្រាប់សមាជិកភាពនៅក្នុងអង្គការណាតូ មិនមែនសុទ្ធតែប្រទេសណាអាចចូលរួមបាននោះទេ គឺមានលក្ខខណ្ឌសំខាន់ៗដូចជា៖
ប្រទេសអឺរ៉ុបណាមួយដែលមានទីតាំងភូមិសាស្ត្រអាចបន្ថែមគោលការណ៍នៃសន្ធិសញ្ញាវ៉ាស៊ីនតោន និងអាចរួមចំណែកដល់សន្តិសុខនៅក្នុងតំបន់អឺរ៉ុប-អាត្លង់ទិក អាចក្លាយជាសមាជិកនៃសមាជិកភាពតាមការអញ្ជើញរបស់ក្រុមប្រឹក្សាអាត្លង់ទិកខាងជើង។
យ៉ាងណាប្រទេសដែលចង់ចូលរួមត្រូវតែបំពេញតាមស្តង់ដារនយោបាយ សេដ្ឋកិច្ច និងស្ដង់ដារយោធាជាក់លាក់។ នៅពេលប្រទេសមួយចង់ចូលរួមសម្ព័ន្ធភាព អង្គការ NATO អាចនឹងអញ្ជើញប្រទេសនោះឱ្យចូលរួមក្នុងផែនការសកម្មភាពសមាជិកភាព ដែលជាកម្មវិធីដែលជួយប្រទេសនានាត្រៀមខ្លួនសម្រាប់សមាជិកភាពនាពេលអនាគត។
និយាយងាយយល់ការបង្កើតអង្គការនេះឡើងគឺសម្រាប់ក្រុមប្រទេសសមាជិក ការពារគ្នាទៅវិញទៅមក។ មាត្រា ៥ របស់ NATO បានចែងថា៖ ការវាយប្រហារប្រដាប់អាវុធប្រឆាំងនឹងប្រទេសមួយ ឬ ច្រើនជាងក្នុងចំណោមប្រទេសសមាជិកនៅអឺរ៉ុប ឬ នៅអាមេរិកខាងជើង នឹងត្រូវបានគេចាត់ទុកថាជាការវាយប្រហារមួយប្រឆាំងប្រទេសសមាជិកទាំងអស់នោះ។ សមាជិកផ្សេងទៀតត្រូវចាំបាច់ ក្នុងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធដើម្បីការពារគ្នា។
ហេតុផលនេះហើយទើប NATO ស្ទាក់ស្ទើរក្នុងការទទួលអ៊ុយក្រែន ទៅជាសមាជិក បើទោះជាអ៊ុយក្រែនបង្ហាញគោលបំណងចង់ចូលរួមជាមួយ NATO ក៏ដោយ ហើយរុស្ស៊ីទៀតសោត គឺប្រឆាំងដាច់ខាតមិនឲ្យអ៊ុយក្រែនចូលរួមជាមួយ NATO ដោយយោងលើមូលហេតុសន្តិសុខព្រំដែន និងការគំរាមកំហែងលើរុស្ស៊ី នៅថ្ងៃអនាគត៕